កម្មករ-កម្មការិនី២នាក់ ដែលអះអាងថាត្រូវបានរោងចក្រសេងបូ បញ្ឈប់ពីការងារដោយគ្មានមូលហេតុ បានចូលបំភ្លឺជាលើកទី២ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជុំវិញពាក់បណ្ដឹងតវ៉ារបស់ពួកគេ។ ក៏ប៉ុន្តែក្រោយការបំភ្លឺនេះ អ្នកទាំងពីរហាក់មិនមានជំនឿថាក្រសួងនឹងដោះស្រាយឱ្យគេអាចចូលធ្វើការវិញឡើយ។ លោក គីម ចាន់ចាវ រាយការណ៍
អ្នកស្រី រឿន កូលាប និង លោក ហាក់ ហៀង ត្រូវបាន ក្រុមហ៊ុនរោងចក្រសេងបូ ហ្គាមិន (ខេមបូឌា)ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងទីរួមខេត្តកំពង់ស្ពឺ បញ្ឈប់ពីការងារដោយគ្មានមូលហេតុត្រឹមត្រូវ។ អ្នកស្រី រឿន កូលាប អះអាងថាក្រុមហ៊ុនបានបញ្ឈប់អ្នកស្រីដោយមិនបានជូនដំណឹងជាមុន ក្រោយអ្នកស្រីនិងលោក ហាក់ ហៀង ពាក់ព័ន្ធនឹងការបង្កើតសហជីពនៅក្នុងរោងចក្រ។
អ្នកស្រីរឿន កូលាប ជាស្ត្រីមេម៉ាយ ដែលត្រូវរ៉ាប់រងការចំណាយក្នុងគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូន។ ក្នុងបទសម្ភាសជាមួយសហព័ន្ធសហជីពសេរីកម្មករ អ្នកស្រីឱ្យដឹងថា មួយរយៈពេលដែលអ្នកស្រីបាត់បង់ការងារធ្វើ អ្នកស្រីប្រឈមនឹងការបាក់ទឹកចិត្ត ដោយគ្មានប្រាក់សម្រាប់ឱ្យកូនទៅរៀន ខណៈពេលដែលអ្នកស្រីក៏ជាជន្ទល់ផ្គត់ផ្គង់ការចំណាយនិងការហូបចុកសម្រាប់គ្រួសារ។
«ពេលដែលបងអត់មានការងារធ្វើ ចាស៎ ទី១ប្រឈមមុខនឹងបាក់ទឹកចិត្តហើយខ្វះលុយៗដើម្បីទ្រទ្រង់ ដើម្បីជួយកូនបានទៅរៀនទៅសូត្រ កូនពេលខ្លះក៏អត់លុយចាក់សាំជូនកូនទៅរៀនដែរ រឿងងើបពីយប់មករៀននៅភ្នំពេញពីដើម ខ្ញុំមានលុយជួយផ្ទះឱ្យកូនព្រោះខ្ញុំមានលុយការងាររោងចក្រ ដល់តែពេលខ្ញុំអត់មានការងាររោងចក្រហ្នឹងទៅ បែរជាឱ្យកូនជួនពេលខ្លះក៏អត់មានលុយចាក់សាំងមកសាលា កូនត្រូវខាត ដល់ពេលប្រឡងត្រូវប្រឡងសង។ ចាស៎ ចឹងប៉ះពាល់អាហ្នឹង១ ហើយនៅក្នុងគ្រួសារទៀតការហូបចុកក៏មានការខ្វះខាតខ្លាំងដែរ ហើយបញ្ហាសុខភាពយើងក៏វាបាក់ទឹកចាត់ហាស៎អូន ពេលដែលអត់ការងារធ្វើទៅនេះខុយទៅនោះខុយចឹង»។
អ្នកស្រី កូលាប និងលោក ហាក់ ហៀង កាលពីថ្ងៃទី២៨ ខែកក្កដា បានជួបមន្ត្រីក្រសួងការងារ និងភាគីរោងចក្រជាលើកទី២ ក្រោយអ្នកទាំងពីរបានប្តឹងទៅនាយកដ្ឋានវិវាទការងារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពេលក្រុមហ៊ុនបានបញ្ឈប់ពួកគាត់ពីការងារ។ ក៏ប៉ុន្តែក្រោយការចូលជួបដោះស្រាយនេះ អ្នកទាំងពីរហាក់មិនមានជំនឿថាក្រសួងនឹងដោះស្រាយឱ្យពួកគេអាចចូលធ្វើការវិញឡើយ។
អ្នកស្រី រឿន កូលាប និង លោក ហាក់ ហៀង
«សម្រាប់បងក្ដីសង្ឃឹមនេះដូចជាតិចណាស់អូន ចាស៎! ដោយសារតែស្ដាប់ទៅខាងក្រសួងគាត់និយាយ ហើយនឹងរដ្ឋបាលនិយាយមកគាត់ដូចមិនផ្ដល់ក្ដីសង្ឃឹមឱ្យយើងហាស៎»។
កម្មករទាំងពីរនាក់ដែលត្រូវបាន ក្រុមហ៊ុនរោងចក្រ សេងបូ ហ្គាមិន (ខេមបូឌា)ឯ.ក បញ្ឈប់ពីការងារ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងការងារ ជួយអន្តរាគមន៍យ៉ាងណាឱ្យពួកគេអាចចូលធ្វើការងារឡើងវិញ។ ទន្ទឹមនេះអ្នកស្រីកូលាប ក៏បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ជួយដល់កម្មករនៅរោងចក្រនានា ចៀសវាងការធ្វើទុក ឬរំលោភសិទ្ធិកម្មករនិយាជិត៕