ប្រទេសប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្ស៤៤នាក់បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យទី៣០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងពិធីជួបគណបក្សនយោបាយមួយនៅប្រទេសប៉ាគីស្ថាន។រាយការណ៍ដោយ….
ការបំផ្ទុះគ្រាប់បែកនេះបានសំដៅទៅលើគណបក្ស Jamiat Ulema-e-Islam-F (JUI-F) ដែលជាដៃគូរដ្ឋាភិបាលចម្រុះ ខណៈដែលអ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Khar ជិតព្រំដែនអាហ្វហ្គានីស្ថាន។
លោក Abdullah Khan អ្នកជួយជនរងគ្រោះបាននិយាយថា “រោងបានដួលរលំ ដោយមានមនុស្សជាប់នៅក្រោមនោះ”។”បំណែកសាច់មនុស្ស ដៃជើង រាងកាយ និងសាកសពនៅរាយប៉ាយពាសពេញកន្លែងកើតហេតុ។”
សាក្សីម្នាក់ទៀតលោក Sabeeh Ullah អាយុ២៤ឆ្នាំជាអ្នកគាំទ្រគណបក្ស JUI-F បានរងរបួសបាក់ដៃបាននិយាយថាចំនួនអ្នកស្លាប់និងរងរបួសគួរឱ្យរន្ធត់ណាស់។លោកបានប្រាប់ AFP តាមទូរស័ព្ទថា “ខ្ញុំដឹងថាខ្លួនខ្ញុំកំពុងដេកនៅក្បែរនរណាម្នាក់ដាច់អវយវៈអស់។ខ្ញុំធុំក្លិនឈាម និងសាច់មនុស្ស” ។
លោក Riaz Anwar មន្ត្រីសុខាភិបាលនៃខេត្ត Khyber Pakhtunkhwa បានប្រាប់ AFP កាលពីល្ងាចថ្ងៃអាទិត្យថា មនុស្សចំនួន៤៤នាក់បានស្លាប់ និងជាង១០០នាក់បានរងរបួស។លោកបានប្រាប់ AFP ថា “វាគឺជាការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានបំផ្ទុះនៅជិតរោងវេទិការគណៈអធិបតី” ។
ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបាននិយាយថា នៅពេលកើតហេតុមានមនុស្សប្រហែល៤០០នាក់ជួបជុំគ្នាក្នុងរោងមួយ ហើយក្រុមសង្គ្រោះបានទៅដល់កន្លែងកើតហេតុ។
រូបភាពពីកន្លែងកើតហេតុលើបណ្តាញសង្គមបានបង្ហាញសាកសពរាយប៉ាយជុំវិញកន្លែងកើតហេតុ ហើយអ្នកស្ម័គ្រចិត្តជួយលើកជនរងគ្រោះដាក់លើរថយន្តសង្គ្រោះដែលស្រក់ឈាមចេញពីរថយន្ត។
សភាជាតិប្រទេសប៉ាគីស្ថាននឹងត្រូវរំលាយនៅប៉ុន្មានសប្តាហ៍ខាងមុខ មុនពេលការបោះឆ្នោតដែលគ្រោងនឹងធ្វើក្នុងខែតុលាឬវិច្ឆិកា ហើយគណបក្សនយោបាយខ្លះកំពុងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត។
ការផ្ទុះនេះកើតឡើងស្របពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនជាន់ខ្ពស់ រួមទាំងឧបនាយករដ្ឋ
មន្ត្រី He Lifeng ដែលបានទៅដល់រដ្ឋធានីអ៊ីស្លាមម៉ាបាតកាលពីល្ងាចថ្ងៃអាទិត្យ។តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានថ្កោលទោសការបំផ្ទុះគ្រាប់បែកនេះ ដោយថ្លែងសារចូលរួមរំលែកទុក្ខជនរងគ្រោះ និងប្តេជ្ញាដាក់ទោសអ្នកទទួលខុសត្រូវ៕
ប្រភព៖ C N A ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣