ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១២ នៅប្រទេសថៃ លោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋភិបាលកម្ពុជា បានសង្កត់ធ្ងន់ចំពោះសារៈសំខាន់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ានម៉ា-ថៃ។ លោកមើលឃើញគុណសម្បត្តិនៃផ្លូវល្បឿនលឿនត្រីភាគីនេះថា ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ឥណ្ឌា មកកាន់បណ្តាប្រទេសទន្លេមេគង្គ។ ដោយមើលឃើញពីគុណសម្បត្តិនេះ មន្រ្តីកម្ពុជាដាក់ការរំពឹងទុកថា ឥណ្ឌានឹងតភ្ជាប់ផ្លូវល្បឿនលឿននេះមកប្រទេសកម្ពុជា-វៀតណាមនិងប្រទេសឡាវនាថ្ងៃអនាគត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។
ខ្លឹមសារនៃសេចក្តីប្រកាសបន្តទៀតថា ការសាងសងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ជាការតភ្ជាប់ផងដែរទៅនឹងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងគោលនយោបាយឆ្ពោះមកទិសខាងកើតរបស់ឥណ្ឌា ដែលគោលនយោបាយទាំងនេះ មានគោលបំណងធ្វើឱ្យកាន់តែប្រសើរនូវការតភ្ជាប់ក្នុងតំបន់។
ជាមួយគ្នានេះ លោក សុក ស៊ីផាន់ណា លើកឡើងថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា គួរតែផ្តោតសំខាន់លើវិត្តកម្មឌីជីថល បដិវត្តន៍បៃតង និងកិច្ចសហប្រតិបត្តិការសេចកិច្ច ពាណិជ្ជកម្ម និងការវិយោគ ព្រោះនេះជាទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា៕