TAOYUAN៖ កោះតៃវ៉ាន់បានធ្វើសមយុទ្ធប្រចាំឆ្នាំបាញ់គ្រាប់ពិត ប្រើឧទ្ធម្ភាគចក្រBlack Hawk និងកងទ័ពជើងគោកដាក់ពង្រាយទប់ទល់នឹងការវាយប្រហារតាមអាកាស និងការពារអាកាសយានដ្ឋានអន្តរជាតិ Taoyuan ។រាយការណ៍ដោយ
លំហាត់កងទ័ពនេះស្ថិតក្នុងចំណោមសមយុទ្ធរយៈពេលមួយសប្តាហ៍ដែលក្លែងធ្វើការវាយប្រហារពីប្រទេសចិននៅក្នុងសមយុទ្ធយោធា Han Kuang ក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបង្ហាញពីសមត្ថភាពការពារជាតិរបស់កោះតៃវ៉ាន់ ត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងការវាយប្រហារពីប្រទេសចិនដែលអាចកើតមានឡើងជាយថាហេតុ។
ទោះបីមានព្យុះទីហ្វុង Doksuri បានរំខានលំហាត់សមយុទ្ធបាញ់គ្រាប់ពិតនៅពីរថ្ងៃដំបូង ប៉ុន្តែសមយុទ្ធ នៅអាកាសយានដ្ឋានជាលើកដំបូងនេះបានដំណើរការទៅមុខតាមការគ្រោងទុក។តៃវ៉ាន់បាននិងកំពុងបង្កើនការប្រុងប្រយ័ត្នសម្រាប់ការវាយប្រហារពីទីក្រុងប៉េកាំងក្នុងពេលណាមួយ។ការត្រៀមខ្លួនបែបនេះបន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធាដ៏ធំបំផុតនៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំមុន។
ដំណើរទស្សនកិច្ចរបស់លោកស្រីបានធ្វើឱ្យលោកខាងលិចគិតថា កោះតៃវ៉ាន់អាចប្រឈមមុខនឹងការវាយលុកពីប្រទេសចិន។ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ចង់ទាញយកបទពិសោធន៍ពីសង្គ្រាមអ៊ុយក្រែន ដោយបានធ្វើសមយុទ្ធយោធានៅអាកាសយានដ្ឋានស៊ីវិលរបស់ខ្លួន។
អ្នកជំនាញខាងយោធាបាននិយាយថា សមយុទ្ធនេះគឺជាការចាំបាច់ដោយសារតែព្រលានយន្តហោះ Taoyuan មានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរ Zhuwei ដែលអាចជាកន្លែងចុះចតដ៏សំខាន់សម្រាប់កងទ័ពចិន។អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខបាននិយាយថា “ប្រសិនបើអាកាសយានដ្ឋានអន្តរជាតិត្រូវបានសត្រូវកាន់កាប់ នោះសត្រូវនឹងវាយលុកចូលដល់ដំណាក់កាលទីពីរ ដើម្បីពង្រីកការវាយប្រហាររបស់ពួកគេបន្ថែមទៀត ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការធ្វើសមយុទ្ធនេះ”។ “សមយុទ្ធអាកាសយានដ្ឋាននេះ នឹងជួយកងទ័ពអាកាសរបស់តៃវ៉ាន់ ឱ្យប្រើប្រាស់ផ្លូវរត់ជាការត្រៀមបម្រុងសម្រាប់យន្តហោះយោធា ដើម្បីហោះឡើង និងចុះចត”។ តៃវ៉ាន់បានបង្កើនការចំណាយ១៤%ផ្នែកយោធានៅឆ្នាំនេះ គឺបានកើនដល់១៨.៨ពាន់លានដុល្លារ ស្របពេលមានភាពតានតឹងបានកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្តែថវិកាយោធារបស់ចិនគឺខ្ពស់ជាងកោះតៃវ៉ាន់១០ដង។ លោក Arthur Wang អ្នកនាំពាក្យរបស់សមាគម Asia-Pacific Elite Interchange បាននិយាយថា “តៃវ៉ាន់ត្រូវតែមានសមត្ថភាពធ្វើសង្គ្រាម ដើម្បីអូសបន្លាយពេលវេលាទបើទល់នឹងសត្រូវ និងការពារទឹកដីរបស់យើង ដោយទទួលយកជំនួយពីប្រទេសផ្សេងៗទៀត”។ អ្នកវិភាគបាននិយាយថា ច្រកសមុទ្រតៃវ៉ាន់អាចជារបាំងភូមិសាស្ត្រការពារកោះនេះ។អ្នកវិភាគបានបន្ថែមថា “ជាមួយនឹងបច្ចេកវិទ្យាកាំជ្រួចទំនើប នឹងធ្វើឱ្យតៃវ៉ាន់មានប្រៀបទាំងនៅលើអាកាស និងនៅលើសមុទ្រ ដើម្បីទប់ទល់នឹងការវាយប្រហារពីសត្រូវ” ។ទោះបីជាមានសមត្ថភាពបែបនេះក៏ដោយ អ្នកវិភាគបាននិយាយថា មធ្យោបាយដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហាច្រកសមុទ្រតៃវ៉ាន់ គឺការសន្ទនាដោយសន្តិវិធី៕
ប្រភព៖ C N A ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣