en     km
en     km

ពលរដ្ឋដែលត្រូវគ.ជ.ប ដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ នៅតែបញ្ជាក់ជំហរថាសកម្មភាពរបស់ខ្លួន គឺជាសិទ្ធិពលរដ្ឋ

Share

ក្រោយបើកសវនា នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះក្រុមប្រឹក្សាជំនុំជម្រះនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលដឹកនាំដោយលោកប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប បានសម្រេចកម្កល់ការសម្រេចរបស់គណកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តទុកជាបានការដដែល ដោយអ្នកទាំង៥នាក់ ដែលត្រូវរងការពិន័យប្រាក់ពី១០ដល់១៥លានរៀល និងការលុបឈ្មោះ និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ យ៉ាងណាអ្នកដែលរងការចោទប្រកាន់ទាំងនេះ នៅតែបញ្ជាក់ជំហារថាសកម្មភាពរបស់ខ្លួន គឺជាសិទ្ធិពលរដ្ឋ។ លោក គីម ចាន់ចាវ រាយការណ៍

 

ក្នុងចំណោមប្រជាពលរដ្ឋ និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលត្រូវ គណកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត រួមមានខេត្តប៉ៃលិន២នាក់ ខេត្តកំពង់ចាម១នាក់ និងខេត្តត្បូងឃ្មុំ២នាក់ គឺមានតែមនុស្ស២នាក់ប៉ុណ្ណោះដែលចូលរួមសវនាការរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ។ ទោះយ៉ាងណាអ្នកទាំង៥នាក់ត្រូវទទួលទោសទណ្ឌ និងពិន័យដូចដែលគណកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តសម្រេចដដែល ជុំវិញការបង្ហោះរូបភាព និងសារតាមបណ្ដាញសង្គម ដែលត្រូវគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត អះអាងថាពាក់ព័ន្ធ នឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ដោយចោទប្រកាន់ថាជាការញុះញង់ឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតចោល។ លោក ប្រាជ្ញ ច័ន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអានសេចក្ដីសម្រេចនៅមុខភាគីពាក់ព័ន្ធក្រោយសវនាការនៅព្រឹកនេះ។

 

លោក លី ម៉េងហ័ង ពលរដ្ឋរស់នៅស្រុកកោះសុទិន ខេត្តកំពង់ចាម ដែលបានចូលសវនាការនៅព្រឹកនេះ ត្រូវពិន័យជាប្រាក់ចំនួន១០លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត​ និងដកសិទ្ធីឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល១០ឆ្នាំ។ លោក ម៉េងហ័ង ចាត់ទុកថាការសម្រេចរបស់ ថ្នាក់ដឹកនាំកំពូល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពេលនេះ មិនមានតម្លាភាព និងមិនយុត្តិធម៌សម្រាប់លោកឡើយ ដោយលោកអះអាងថា ការបង្ហោះសាររបស់លោកមិនមានចេតនាញុះញង់ និងប្រាប់ពលរដ្ឋណាម្នាក់ឱ្យធ្វើតាមលោកឡើយ។ លោកបន្តថា ការបង្ហោះសាររបស់លោក គឹធ្វើឡើងមុនពេលដែលច្បាប់ត្រូវបានបង្កើតឡើង ហើយក្រោយមកលោកមិនដែលបង្ហោះសារធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។ លោកបានប្រៀបធៀបករណីរបស់ខ្លួនជាមួយនឹងលោក ខាន់ ចាន់សុផល អ្នកគាំទ្រគណបក្សប្រជាជនម្នាក់ដែលចោទប្រកាន់ពីនីតិវិធីបោះឆ្នោតដោយសម្ងាត់របស់គ.ជ.ប ប៉ុន្តែលោកខាន់ ចាន់សុផល ត្រូវបានរួចខ្លួនក្រោយពីសុំទោសជាសាធារណៈ។

​«ចំពោះលោក ខាន់ ចាន់សុផល ជាមួយខ្ញុំគឺអត់យុត្តិធម៌ទេ គឺអត់មានភាពស្មើរគ្នាចំពោះមុខច្បាប់។ គឺគាត់ៗធ្វើរឿងគាត់ហ្នឹងគឺធ្វើរឿងធ្ងន់ធ្ងរជាងខ្ញុំរហូតដល់២-៣ដង ហើយគាត់គ្រាន់តែសុំទោសជាសាធារណៈគាត់រួចខ្លួន ដោយសារគាត់បក្សនយោបាយបក្សកាន់អំណាច។ ខ្ញុំគិតថាច្បាប់នៅស្រុកខ្មែរអត់មានភាពយុត្តិធម៌សម្រាប់ខ្ញុំទេ»។

 

ក្រៅពីលោកម៉េងហ័ង ពលរដ្ឋដែលត្រូវជាប់ពិន័យដោយស្ថាប័នរៀបចំការបោះឆ្នោតផ្សេងទៀតមានដូចជា លោកស្រី ស៊ុន សុភា ជាប្រជាពលរដ្ឋរស់នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវពិន័យ១០លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេល១០ឆ្នាំ។ ចំណែកលោក ឃឹម មុន្នីកុសល ប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន រស់នៅភូមិដីក្រហម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ត្រូវរងពិន័យប្រាក់១៥លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតរយៈពេល១០ឆ្នាំ។

អ្នកទាំងពីរគឺអវត្តមានក្នុងសវនាការព្រឹកនេះ។ លោកប្រាជ្ញា ច័ន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថាអវត្តមានរបស់ពួកគេមិនអាចបង្អាក់នីតិវិធីរបស់ក្រុមប្រឹក្សាជំនុំជម្រះបានឡើយ។

លោក យ៉ាន សុឃឿន គ្រូបង្រៀននៅសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនសែនជ័យ ស្ថិតនៅឃុំរំចេក ស្រុមមេមុត ខេត្តត្បូងឃ្មុំ ដែលបានចូលមកបង្ហាញខ្លួនក្នុងសវនាការនេះ ត្រូវពិន័យជាប្រាក់១០លានរៀន លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត​ និងដកសិទ្ធីឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល៥ឆ្នាំ។ លោក សុឃឿន អះអាងថា ការចោទប្រកាន់របស់ស្ថាប័នរៀបចំការបោះឆ្នោតគឺជាសិទ្ធិរបស់ស្ថាប័ន ប៉ុន្តែលោកនៅតែយល់ថាការដែលលោកធ្វើការចែករំលែកឬShare លើបណ្ដាញសង្គម គឺជាភាពត្រឹមត្រូវដែលផ្ដល់ជូនខ្លួនឯងនិងប្រជាពលរដ្ឋ ហើយលោកយល់ថាការចែករំលែកជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ទោះយ៉ាងណាក្រោយការចោទប្រកាន់នេះ លោកក៏បង្ហាញនូវក្ដីបារម្ភពីសុវត្តិភាពផ្ទាល់ខ្លួនផងដែរ។

«មានការចោទប្រកាន់ចឹង ដល់ពេលចឹងយើងមិនដឹងថា អ្នកណាស្អប់ អ្នកណាស្រឡាញ់ចឹងហាស៎។ ដល់ពេលចឹងយើងខ្លាចពីសុវត្ថិភាពដែរពីព្រោះយើងមិនដឹងថាអ្នកណាខ្លះស្រឡាញ់យើង ស្អប់យើង ចូលចិត្តយើងទេ។ ដល់ពេលចឹងវាភ័យដែរ ភ័យតែត្រង់ហ្នឹងទេបើតាមការShareអត់មានព្រួយបារម្ភអីទេ។…ការតាមដានក៏មាន…»។

ទោះជាត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេដដោយបន្តការពិន័យ លោក យ៉ាន សុឃឿន និងលោក លី ម៉េងហ័ង អះអាងថា លោកនឹងនៅតែបន្តប្ដឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញតាមនីតិវិធី ត្បិតអីលោក លី ម៉េងហ័ង អះអាងថា បើឱ្យបង់ប្រាក់តាមការពិន័យលោក នឹងគ្មានលទ្ធភាពបង់ឡើយ។

«មិនដឹងជាធ្វើម៉េចទេ ខ្ញុំអត់ផ្លូវទៅមុខទេ ហើយសំណងក៏មិនអាចមានដែរ ព្រោះឥលូវហ្នឹងជាប់ធនាគារអត់ទាន់ដាច់ផង បើពីមុនមកខ្ញុំមានបញ្ហារឿងនយោបាយដែរ ឥលូវខ្ញុំបង់ធនាគារអត់ទាន់ដាច់ផង»

ខណៈ​ពេលដែលនៅ គ​.​ជ​.​ប​ បើក​សវ​នា​ការជំនុំជម្រះ​ជា​សាធារណៈ​លើ​សំណុំរឿង​ចំនួន​៥ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់លើការបោះឆ្នោតនេះ គណៈកម្មការ​រៀប​​ចំការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​កាលពីថ្ងៃទី២៦ ខែកក្កដាបានសម្រេច​លុបឈ្មោះ និង​ដកសិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះ​ឆ្នោត​ដល់​មនុស្ស​ ២១ ​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​រយៈពេល ​២០ឆ្នាំ និង​ផាកពិន័យ​ម្នាក់ៗ​ ១០​លាន​រៀល​ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់ និង​ណែនាំ​ឱ្យ​អ្នកបោះឆ្នោត​គូស​បំផ្លាញ​សន្លឹកឆ្នោតនេះ។ នេះបើតាមសេចក្ដីសម្រេចរបស់លោក​ ស៊ឹម ដូ​នី ប្រធាន​គណៈ​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​រាជធានី​ភ្នំពេញ៕

 

Share

ព័ត៌មានទាក់ទង

Image