សង្គមស៊ីវិលចំនួន៣ស្ថាប័ន រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព បានចេញផ្សាយសលាកប័ត្រព័ត៌មាន ស្តីពីការយល់ឃើញរបស់ពលរដ្ឋកម្ពុជាអំពីសេរីភាពមូលដ្ឋាន នៅលើទំព័រហ្វេសនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ សលាកប័ត្រនេះត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា អាចកំណត់នូវនិន្នាការកើនឡើង និងការធ្លាក់ចុះនៃសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២២។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
តាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថារបាយការណ៍ក្នុងសលាលប័ត្រព័ត៌មាន បានមកពីការស្ទង់មតិពលរដ្ឋទូទៅអំពីសេរីភាពមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជាចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះបានធ្វើការស្ទងមតិមនុស្សចំនួន១៤៣២នាក់។ តែអ្នកដែលយល់ច្បាស់លើសេរីភាពមូលដ្ឋានមានអាយុចន្លោះពី១៦ដល់២៥ឆ្នាំ។
ចំពោះសេរីភាពក្នុងការនិយាយស្ដីនៅទីសាធារណៈមានការកើនឡើងក្នុងឆ្នាំ២០២២ ដោយចំនួន៥៥% បើធៀបឆ្នាំ២០២១ មាន៤២%។ ចំណែកសេរីភាពក្នុងការចូលរួមក្នុងសកម្មភាពនយោបាយមានការកើនឡើងដែរនៅឆ្នាំ២០២២ ចំនួន៤៤% បើធៀបឆ្នាំ២០២១មាន២៩%។ ប្រភពពីស្ថាប័នទាំង៣ បន្ដថា ចំពោះសេរីភាពក្នុងការចូលរួមធ្វើកូដកម្មដោយសន្ដិវិធីនៅឆ្នាំ២០២២ក៏មានការកើនឡើងដែល គឹមាន៤២% ប្រៀបធៀបឆ្នាំ២០២១ មានត្រឹម២៤% ប៉ុណ្ណោះ និងសេរីភាពខាងសមាគម ដែលចាត់ទុកថារឿងស្របច្បាប់ក្នុងការធ្វើសកម្មភាព ដោយមិនជូនដំណឹងទៅអាជ្ញាធរបានបែរជាថយថុះ៦%ទៅវិញ។
ដោយឡែក ចំពោះសេរីភាពខាងការបញ្ចេញមតិវិញ បានបែងចែកជា៣ គឺទី១ ការបញ្ចេញមតិក្នុងការនិយាយរឿងនយោបាយ សង្គមស៊ីវិលទាំង៣បញ្ជាក់ថា មានការកើនឡើងក្នុងឆ្នាំ២០២២មាន៧១% ខណៈឆ្នាំ២០២១មានត្រឹម៥៧%។ ទី២ ការបញ្ចេញមតិក្នុងការរិះគន់គោលនយោបាយរបស់រាជរដ្ឋាភិបាលមានការថយចុះវិញនៅឆ្នាំ២០២២ មានត្រឹម៥៩% ខណៈឆ្នាំ២០២១មានដល់ ៧២% និងទី៣ចុងក្រោយការបញ្ចេញមតិក្នុងការប្រមាថបុគ្គលសាធារណៈ មានការថយថុះដែរ គឺនៅឆ្នាំ២០២២មាន៨៩% តែឆ្នាំ២០២១មាន៩២%។
ទន្ទឹមគ្នាដែរ សេរីភាពខាងជួបជុំ សង្គមស៊ីវិលទាំង៣បានចែកចេញជា២ផ្នែក គឺជួបជុំធ្វើកូដកម្មដោយមិនមានការអនុញ្ញាតកើនឡើង៦% ដោយឆ្នាំ២០២២មាន៣២% ហើយកាលពីឆ្នាំ២០២១មានត្រឹម២៦%។ ចំណែកផ្នែកមួយទៀតគឺការជួបជុំក្នុងការតវ៉ាដោយសន្ដិវិធី គឺមិនមានការកើនឡើងទេនៅឆ្នាំ២០២១និង២០២២ រក្សាបាន៤៦% ដដែល តែសង្គមស៊ីវិលថានៅមានកម្រិតទាប។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃនេះ មិនបានទទួលទូរសព្ទអ្នកសារព័ត៌មាននោះទេ។
សូមជម្រាបថា ចំពោះសេរីភាពចូលរួមសកម្មភាពនយោបាយ នៅក្នុងឆ្នាំ២០២២ អ្នកចូលរួមឆ្លើយតប មានស្ដ្រី៤១% និងបុរស៤៨% ដោយខ្លះឆ្លើយថា មានសេរីភាពខ្លាំងណាស់ និងខ្លះថា មានសេរីភាពខ្លះដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០២២ បានបង្ហាញនូវគម្លាតយ៉ាងខ្លាំងពីឆ្នាំ២០២១ ដោយអ្នកឆ្លើយតបមានស្រ្ដីត្រឹម៣០% និងបុរស ២៩% ។ សង្គមស៊ីវិលថានេះ ជាបញ្ហាដែលបន្ដកើតឡើង ហើយតូ្រវឃ្លាំមើលតទៅទៀត៕