en     km
en     km

​សម្តេច​ ស​ ខេ​ង​ ថ្លែង​ថា​ អាជ្ញាធរ​នឹង​លើក​ពេល​ផាកពិន័យ​អ្នក​ជិះ​ម៉ូតូ​គ្មាន​បណ្ណបើកបរ​

Share

cover-Ministry-of-Interior-&-Sor-Kheng
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្តេច​ ស​ ខេ​ង​បាន​ថ្លែង​ថា​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ នឹង​នៅ​តែ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៦​ ដដែល​ តែ​ការ​ផាកពិន័យ​ចំពោះ​អ្នក​បើក​បរ​គ្មាន​បណ្ណបើកបរ​នឹង​លើក​ពេល​សិន​ ព្រោះ​រដ្ឋាភិបាល​បាន​ផ្អាក​ធ្វើ​បណ្ណ​បើកបរ​ជា​បណ្តោះ​ អាសន្ន​។​

លោក​ ធូ​ វី​រៈ​ លម្អិត​ព័ត៌មាន​នេះ៖

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​ថា​ អាជ្ញាធរ​នឹង​លើក​ពេល​ផាកពិន័យ​ចំពោះ​​ អ្នក​ជិះ​ម៉ូតូ​គ្មាន​បណ្ណបើកបរ​មួយ​រយៈ​ ព្រោះ​រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាកធ្វើ​បណ្ណ​បើកបរ​ជា​បណ្តោះអាសន្ន​។​

សម្ដេច​ស​ ខេ​ង​ បាន​លើក​ឡើង​បែប​នេះ​ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ និង​ការ​ត្រៀមលក្ខណៈ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៣១​ ខែធ្នូ​ ឆ្នាំ​ ២០១៥​នេះ​។​

សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ ផ្អែក​លើ​បញ្ជា​របស់​សម្ដេច​ហ៊ុន​ សែន​ ឱ្យ​ផ្អាក​បណ្តោះអាសន្ន​ពី​ការ​ធ្វើ​ប័ណ្ណបើកបរ​ឡាន​ម៉ូតូ​ ហេតុនេះ​ ការ​អនុវត្ត​ផាកពិន័យ​អ្នក​គ្មាន​បណ្ណបើកបរ​ម៉ូតូ​នឹង​មិន​អនុវត្ត​ ចាប់ពី​ថ្ងៃ​សុក្រ​ស្អែក​នេះ​ទេ​។​

សម្ដេច​ ស​ ខេ​ង​ មាន​ប្រសាសន៍​ថា៖​ «​អ្នក​ដែល​ពុំ​មាន​ប័ណ្ណបើកបរ​ ឥឡូវ​ក្រសួង​សាធារណៈការ​ និង​ក្រសួង​សេដ្ឋកិច្ច​ត្រូវ​តែ
​ព​ន្លឿ​ន​ឱ្យបាន​ឆាប់​ ហើយ​បន្ទា​ប់​ពី​នោះ​គឺថានិង​ត្រូវ​មាន​អន្តរកាល​មួយ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យើង​ទៅ​ធ្វើ​បណ្ណបើកបរ​ ក្រោយ​​ពី​សម្រេច​ឡើង​វិញ​ នូវ​ការ​ចុះ​តម្លៃ​ហើយ​ អន្តរកាល​នេះ​ យ៉ាង​ហោច​ណាស់​មាន​រយៈពេល​៣​ខែ​»​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​ សង្គម​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្តេច​ ស​ ខេ​ង​នៅ​ពេល​នេះ​ គឺ​គ្រាន់​តែ​ធ្វើ​ឡើង​ស្រប​ពេល​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្នើ​ឱ្យផ្អាក​ការ​ធ្វើ​បណ្ណបើកបរ​តែ​ប៉ុណ្ណោះ​។​

លោក​ សន​ ជ័យ​​​ បន្ត​ថា​ អ្វី​ដែល​សំខាន់​នោះ​ រាជរដ្ឋាភិបាល​ត្រូវ​តែ​ធ្វើការ​កំណត់​តម្លៃ​​ធ្វើ​បណ្ណ​បើកបរ​ ឱ្យ​បាន​សមរម្យ​ស្រប​ទៅ​នឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ។​ លោក​ថា​ ការ​ធ្វើ​បណ្ណបើកបរ​គួរ​មាន​តម្លៃ​ពី​១​ម៉ឺន ​២​ពាន់ ​រៀល​ ទៅ ​២​ម៉ឺន ​រៀល​ នោះ​ទើប​សមរម្យ​។​

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​រូប​នេះ​ បន្ថែម​ថា​ តាម​ជំហរ​របស់​លោក​ រាជរដ្ឋាភិបាល​គួរតែ​ពិចារណា​ពន្យារពេល​ ឬ​ព្យួរ​ការ​អនុវត្ត​មាត្រា​៩​ នៃ​អនុក្រឹត្យ​ស្តី​ពី​ការ​ពិន័យ​អន្ដរកាល​ ព្រោះ​លោក​យល់​ថា​ រាជរដ្ឋាភិបាល​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​នៅឡើយ​។​

​លោក​ សន​ ជ័យ​ និយាយ​ថា៖​ «​តាម​ជំហរ​ខ្ញុំ​ ចង់​ស្នើឱ្យ​​រាជរដ្ឋាភិបាល​ពិ​ចារ​ណា​​ពន្យារ​ ឬ​ព្យួរ​ការ​អនុវត្ត​មាត្រា​៩​ នៃ​អនុក្រឹត្យ​ស្តី​ពី​ការ​ពិន័យ​អន្ដរកាល​ ក្នុង​មាត្រា​៩​ទាំងអស់​ ព្រោះ​រាជរដ្ឋាភិបាល​ ពិសេស​ក្រសួង​សាធារណការ​ពេល​នេះ​ គឺ​អត់​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ ធ្វើ​បណ្ណបើកបរ​ និង​ការ​ផ្ទេរកម្មសិទ្ធិ​យាន្ត​យន្ត​ ក៏​ដូច​ជា​រឿង​ឈៀកឱ្យ​បាន​ទាន់​ពេលវេលា​»​។​

​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មាន​ប្រសាសន៍​ថា​  ម៉ូតូ​មាន​ប្រមាណ​ ១,២​ លាន​គ្រឿង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ក្នុង​នោះ​អ្នកបើកបរ​ប្រមាណ​ ៧​ម៉ឺន​នាក់​ ដែល​មាន​បណ្ណបើកបរ​។​ សម្តេច​ ស​ ខេ​ង​ បន្ថែម​ថា​ ក្រសួងមហាផ្ទៃ​ នឹង​ជួយ​ជំរុញឱ្យ​ក្រសួង​សាធារណការ​ និង​ក្រសួង​សេដ្ឋកិច្ច​ កំណត់​តម្លៃ​ធ្វើ​បណ្ណបើកបរ​ឱ្យ​បាន​ឆាប់​ ហើយ​ក្រសួង​នឹង​ទុក​រយៈពេល​យ៉ាងតិច​ ៣​ខែ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​បណ្ណបើកបរ​មុន​នឹង​ការ​អនុវត្ត​ច្បាប់​។​

សូម​ជម្រាប​ថា​  បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ ផ្អាក​ការ​ធ្វើ​បណ្ណបើក​បរ​ ហើយ​ឱ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ពិភាក្សា​អំពី​ការ​បញ្ចុះតម្លៃ​ធ្វើ​បណ្ណ​បើកបរ​ជូន​ប្រជាពលរដ្ឋ​កាលពី​ម្សិលមិញ​។  សាលា​រាជធានី​ភ្នំពេញ​ ជូនដំណឹង​ថា​ ការ​ធ្វើ​បណ្ណ​បើកបរ​យានយន្ដ​គ្រប់​ប្រភេទ​ នៅ​មន្ទីរ​សាធារណការ​​​ នឹងដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​។​

Share

Image
Image
Image