(តូក្យូ)៖ ប៉ូលិសជប៉ុនបាននិយាយថា ពួកគេបានចាប់ខ្លួនស្ត្រីម្នាក់ និងឪពុកម្តាយរបស់នាងនៅក្នុងសំណុំរឿងកាត់ក្បាលបុរសម្នាក់នៅក្នុងបន្ទប់សណ្ឋាគារក្នុងសង្កាត់កម្សាន្តពេលរាត្រីដ៏ពេញនិយមមួយក្នុងទីក្រុង Sapporo ភាគខាងជើងប្រទេសជប៉ុនកាលពីបីសប្តាហ៍មុន។រាយការណ៍ដោយ….
ប៉ូលីសនៅកោះហុកកៃដូភាគខាងជើងនៃប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃអង្គារទី២៥ កក្កដា ថាពួកគេបានចាប់ខ្លួនស្រ្ដីឈ្មោះ Runa Tamura អាយុ២៩ឆ្នាំ ឪពុករបស់នាងឈ្មោះ Osamu Tamura អាយុ៥៩ឆ្នាំនិងម្តាយឈ្មោះ Hiroko Tamura អាយុ៦០ឆ្នាំ ដោយសង្ស័យថាបានសមគំនិតក្នុងការកាត់ក្បាលជនរងគ្រោះនៅក្នុងបន្ទប់សណ្ឋាគារមួយ នៅពាក់កណ្តាលយប់រវាងថ្ងៃទី២ ឈានចូលថ្ងៃទី២ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថាជនរងគ្រោះត្រូវកាត់ក្បាលឈ្មោះ Hitoshi Ura អាយុ៦២ឆ្នាំ។ ប៉ូលីសបានឆ្មក់ចូលផ្ទះជនសង្ស័យកាលពីថ្ងៃអង្គារទី២៥ ខែកក្កដា ចាប់ម្ដាយជនជាប់ចោទដោយសង្ស័យថាបានសមគំនិតជាមួយគ្រួសារក្នុងការដឹកជញ្ជូន និងរក្សាក្បាលជនរងគ្រោះនៅក្នុងផ្ទះ។
ប៉ូលិសមិនបានបញ្ជាក់ច្បាស់ថា តើកូនស្រី និងឪពុកសហការគ្នាយ៉ាងណានោះទេ។ ប៉ូលិសកំពុងតែស៊ើបអង្កេតពីមូលហេតុ ហើយមិនបានបញ្ជាក់ថាស្ត្រីជនដៃដល់និងជនរងគ្រោះស្គាល់គ្នាឬយ៉ាងណានោះទេ ។
ប៉ូលីសក៏បានឱ្យដឹងដែរថាជនដៃដល់ឈ្មោះ Runa អាចមានជំងឺផ្លូវចិត្ត។ សារព័ត៌មានបានស្រង់សម្ដីអ្នកជិតខាងនាងថា នាងមិនបានចូលសាលារៀន ហើយមានភាពឯកោតាំងពីក្មេង។
សារព័ត៌មានក្យូដូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថាជនរងគ្រោះ និងមនុស្សម្នាក់ទៀតដែលគេសង្ស័យថាជាជនដៃដល់ឈ្មោះ Runa Tamura បានចូលសណ្ឋាគារក្នុងតំបន់ Susukino ដែលគេស្គាល់ថាជា “សណ្ឋាគារ” សម្រាប់គូស្នេហ៍សម្រាករយៈពេលខ្លី។ ប្រហែលបីម៉ោងក្រោយមក គេឃើញមានម្នាក់ក្នុងចំនោមពួកគេបានចាកចេញពីសណ្ឋាគារ ដោយមានកាន់វ៉ាលីធំមួយ។អាជ្ញធរទីក្រុងក្យូដូបាននិយាយថា អ្នកដែលចូលសណ្ឋាគារជាមួយជនរងគ្រោះស្លៀកសម្លៀកបំពាក់នារីពណ៌ស្រាល និងមួកធំប៉ុន្តែពេលចាកចេញពីសណ្ឋាគារបានដូរស្លៀកពាក់ខ្មៅវិញ ។
សាកសពបុរសឈ្មោះ Ura ត្រូវបានរកឃើញនៅក្រោយថ្ងៃទី២ ខែកក្កដា ដោយបុគ្គលិកសណ្ឋាគារម្នាក់ដែលបានទៅត្រួតពិនិត្យបន្ទប់សណ្ឋាគារ ព្រោះមិនឃើញភ្ញៀវចេញពីបន្ទប់តាំងពីរពេលសៀល។ កម្មករម្នាក់បានប្រទះឃើញសពជនរងគ្រោះដេកស្លាប់ក្នុងអាងងូតទឹក។ គេមិនឃើញរបស់របររបស់ជនរងគ្រោះបន្សល់ទុកនៅក្នុងបន្ទប់នោះទេ ហើយគ្រែហាក់ដូចជាមិនបានប្រើឬមានមនុស្សដេកទេ៕
ប្រភព៖ AP ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣