en     km
en     km

សង្គម​ស៊ី​វិល​យល់​ឃើញ​ខុស​គ្នា​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ ពី​បញ្ហា​ដីធ្លី​ ឆ្នាំ​ ១០១៥

Share

រូបតំណាង ពីអ្នកតវ៉ាបញ្ហាដីធ្លី
រូបតំណាង៖ អ្នកតវ៉ាពីបញ្ហាដីធ្លី

​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​ ដែល​ធ្លាប់តែ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ ស្រែកយំ​ ស្រែក​រក​យុត្ដិធម៌​ កាលពី​ឆ្នាំ​ ២០១៤​ កន្លង​មក​ ហាក់ដូចជា​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​ត្រៀម​នឹង​ឆ្លង​ចូល​ ២០១៦​ នៅ​យប់​នេះ​។​ ដោយឡែក​ ខាង​សង្គម​ស៊ី​វិល​វិញ​យល់​ថា​ ភាព​ស្ងប់ស្ងាត់​សម្រាប់​ឆ្នាំ​នេះ​គឺ​ បណ្ដាល​មក​ពី​ការ​បាត់បង់​ជំនឿ​ទៅ​លើ​ដំណោះស្រាយ​ ដែល​អាច​ទទួល​បាន​យុត្ដិធម៌​ពី​ រាជរដ្ឋាភិបាល​ផ្ដល់​សម្រាប់​ពួក​គាត់​។​

​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​យល់​ឃើញ​ ខុសៗ​គ្នា​ ពី​សភាព​ស្ងប់ស្ងាត់​នៃ​ការ​តវ៉ា​វិវាទ​ ដីធ្លី​ធំៗ​មួយ​ចំនួន​ ក្នុង​ឆ្នាំ​២០១៥​។​
​មន្ត្រី​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ៣១​ ធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ បញ្ហា​វិវាទ​ដីធ្លី​ របស់​ប្រជាពលរដ្ឋ​សម្រាប់​ឆ្នាំ​ ២០១៥​ នេះ​គឺ​នៅ​តែ​មាន​ទំនាស់​នៅឡើយ​ទេ​ ហើយ​ចំពោះ​ករណី​នៃ​វិវាទ​ គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ ២០១៤​ ដូច​គ្នា​ដែរ​។​

​លោក​ អំ​ សំអាត​ បន្ត​ថា​ ក៏​ប៉ុន្ដែ​សភាព​ស្ងាប់​ស្ងាត់​សម្រាប់​ឆ្នាំ​ ២០១៥​ នេះ​ គឺ​ណ្ដា​លម​ក​ពី​អាជ្ញាធរ​ មានការ​ខិតខំ​ប្រឹងប្រែង​ ចុះ​ទៅ​សម្របសម្រួល​ ដល់​មូលដ្ឋាន​ ដើម្បី​រក​ដំណោះស្រាយ​ជាមួយ​ពលរដ្ឋ​ ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​គ្រោះ​រឿង​ដីធ្លី​នេះ​ មិន​មានការ​ឡើង​មក​តវ៉ា​ផុសផុល​ដូច​ឆ្នាំ​២០១៤​។​

​លោក​ អំ​ សំអាត​ ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា​ ក្រៅ​តែ​ពី​ការ​ចុះ​អនុវត្ដ​ផ្ទាល់​ដល់​មូលដ្ឋាន​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ ក៏​មានការ​ព្រមាន​ពី​សំណាក់​ សម្ដេច​ ហ៊ុន​ សែន​ ផង​ដែរ​ ថាបើ​សិន​ខេត្ដ​ណាមួយ​មាន​ពលរដ្ឋ​នៅ​តែ​បន្ដ​ឡើង​មក​ដល់​ខុទ្ទកាល័យ​របស់​លោក​ ឬ​ក៏​មក​ដល់​ភ្នំពេញ​ អភិបាលខេត្ដ​នោះ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​។​

​លោក​បន្ថែម​ថា​៖​ «​បើ​តាម​ការ​គត់​សម្គាល់​របស់​អង្គការ​លី​កាដូ​ បើ​តាម​ការ​ធ្វើការ​ទៅ​លើ​ប្រមាណ​ទាំង​ ១៤​ ខេត្ដ​ រាជធានី​ នេះ​ យើង​ឃើញ​ថា​ករណី​ដីធ្លី​ដែល​យើង​ទទួល​បាន​ គឺ​មិន​ខុស​គ្នា​រវាង​ឆ្នាំ​ ២០១៤​ ទេ​ ក៏​ប៉ុន្ដែ​ភាព​ស្ងប់ស្ងាត់​ពី​ការ​ធ្វើ​បាតុកម្ម​ ឬ​ក៏​ការ​ធ្វើការ​ទាមទារ​តវ៉ា​ គឺ​យើង​ឃើញ​ថា​ បណ្ដាល​មក​ពី​អាជ្ញាធរ​បាន​ជួប​ពិ​ភាគ​ក្សា​ រិះរក​ វិធី​ដោះស្រាយ​ជាមួយ​ពួក​គាត់​ ដូច្នេះ​ហើយ​បាន​យើង​ឃើញ​ថា​វា​មាន​ភាព​ស្ងប់ស្ងាត់​»​។​

​ចំណែក​លោក​ ឡា​ត់​ គី​ ប្រធាន​ផ្នែក​ដីធ្លី​ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ វិញ​យល់​ឃើញ​ថា​ មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ គឺ​មិន​មាន​លទ្ធផល​ជា​វិជ្ជមាន​ ពី​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​នៅឡើយ​ទេ​ សម្រាប់​ជន​រង​គ្រោះ​ពី​បញ្ហា​ដីធ្លី​។​ លោក​បាន​បញ្ជាក់​ដែរ​ថា​ រដ្ឋាភិបាល​ពិតជា​បាន​រក​ដំណោះស្រាយ​ដល់​ពួក​គាត់​មែន​ តែ​ដំណោះស្រាយ​ទាំងនោះ​ត្រឹមតែ​ជា​ការ​ពន្យារពេល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។​

​លោក​ ឡា​ត់​ គី​ ទទួលស្គាល់​ថា​ ក្នុង​ឆ្នាំ​ ២០១៥​ នេះ​ សកម្មភាព​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ លើ​រឿង​ដីធ្លី​ បាន​ធ្លាក់​ចុះ​។​ ប៉ុន្តែ​លោក​ថា​ កត្ដា​ដែល​ពលរដ្ឋ​មិន​ឡើង​មក​តវ៉ា​នេះ​ គឺ​ពុំ​មែន​ពលរដ្ឋ​ទទួល​បាន​សំណង​ តាម​ការ​ទាមទារ​ ឬ​ក៏​រដ្ឋាភិបាល​មាន​ដំណោះស្រាយ​សម​ស្រប​សម្រាប់​ពួក​គាត់​នោះ​ទេ​ គឺ​បណ្ដាល​មក​ពី​ពួក​គាត់​អស់សង្ឃឹម​ និង​លែង​មាន​ជំនឿ​ចិត្ដ​ចំពោះ​រដ្ឋាភិបាល​ ថា​និង​ជួយ​រក​ដំណោះ​ស្រាប់​ពួក​គាត់​ ទើប​ធ្វើ​ឱ្យ​ពួក​គាត់​សម្រេចចិត្ដ​ ឈប់​ស្ងៀម​ធ្មឹង​សិន​ ដើម្បី​រក​ដំណោះស្រាយ​ផ្សេង​ទៀត​សម្រាប់​ពួក​គាត់​។​

​លោក​បន្ថែម​ថា​៖​ «​សម្រាប់​ភាព​ស្ងប់ស្ងាត់​របស់​ប្រជាពលរដ្ឋ​ ក្នុងអំឡុងពេល​នេះ​ គឺ​មិនមែន​ជា​លទ្ធផល​វិជ្ជមាន​ដូច​អ្វី​ដែល​បាន​លើក​ឡើង​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ភាព​ស្ងប់ស្ងាត់​ទាំងអស់​ក្នុង​ពេល​នេះ​ បណ្ដាល​មក​ពី​ភាព​អស់ជំនឿ​របស់​ប្រជាពលរដ្ឋ​ក្នុង​ ការ​ស្វែងរក​ដំណោះស្រាយ​ បញ្ហា​ដីធ្លី​ ជា​ពិសេស​គឺ​តាំងពី​ពេល​កើតហេតុ​ រហូត​មក​ដល់​ពេល​នេះ​គឺ​ធ្វើ​ឱ្យ​ពួក​គាត់​ហ្នឹង​គឺ​អស់ជំនឿ​ ទៅ​លើ​លទ្ធភាព​នឹង​ទទួល​បាន​យុត្ដិធម៌​ ។​ អ​ញ្ចឹ​ង​ហើយ​បាន​ធ្វើ​ឱ្យ​ពួក​គាត់​ នៅ​ទ្រឹង​ក្នុង​មួយ​រយៈ​នេះ​ ដោយ​មិនដឹង​ត្រូវធ្វើ​យ៉ាងណា​ »​។​

សូម​ជ​ម្រាម​ថា​ នា​ពេល​កន្លង​មក​ បញ្ហា​វិវាទ​ដីធ្លី​នៅ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កើតឡើង​នៅ​កន្លែង​ផ្សេងៗ​ ក្នុង​នោះ​រួម​មាន​ ដូច​ជា​ នៅ​ឃុំ​បឹង​ប្រាំ​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ នៅ​អម​លាំង​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ នៅ​ឡ​ពាង​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ នៅ​បឹង​កក់​ បុរី​កីឡា​ ព្រែក​តា​សេក​ រាជធានី​ភ្នំពេញ​ និង​នៅ​នៅ​ស្រុក​បទុម​សាគរ​ ស្រុក​គី​រី​សាគរ​ ខេត្តកោះកុង​ ព្រមទាំង​នៅ​ស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារ​ជាដើម​៕

Share

ព័ត៌មានទាក់ទង

Image