ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៦ ដែលនឹងចូលមកដល់នៅថ្ងៃស្អែកនេះ លោក កឹម សុខា បានជូនពរឱ្យប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិមានសុខសន្តិភាព និងការបង្រួបបង្រួមជាតិ។ ជាមួយគ្នា លោកក៏អំពាវនាវឱ្យអ្នកនយោបាយខ្មែរបញ្ឈប់ការសងសឹកគ្នាផងដែរ ដើម្បីផលប្រយោជន៍ជាតិជាធំ។
លោកណុល ដារ៉ា រាយការណ៍បន្ត៖
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានថ្លែងនៅថ្ងៃនេះ ដោយអំពាវនាវឱ្យអ្នកនយោបាយខ្មែរបញ្ចប់កម្ដៅនយោបាយ ដើម្បីផលប្រយោជន៍ជាតិ។
លោក កឹម សុខា បានថ្លែងសារនយោបាយបែបនេះ ក្នុងវីដេអូឃ្លិប ដែលមានរយៈពេលជាងពីរនាទី ហើយត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះ ដើម្បីជាការជូនពរឆ្នាំថ្មីដល់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមឱ្យអ្នកនយោបាយខ្មែរទាំងអស់ បញ្ឈប់នូវការគុំគួនសងសឹក នូវការគំរាមកំហែង នូវការបំភិតបំភ័យ ជាពិសេសនាំគ្នាជួបគ្នា ជជែកគ្នា ធ្វើយ៉ាងណាដើម្បីបញ្ចប់នូវកម្ដៅនយោបាយ ដែលកំពុងកើតមាន ហើយធ្វើឱ្យប្រជាពលរដ្ឋយើងភ័យខ្លាចបច្ចុប្បន្ននេះ»។
ទន្ទឹមគ្នានឹងការអំពាវនាវខាងលើនេះ លោក កឹម សុខា ក៏បួងសួងឱ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិផងដែរ៖ «ឆ្នាំថ្មី ឆ្នាំ ២០១៦ នេះ គឺសូមឱ្យនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ដើម្បីឈានទៅរកការជឿទុកចិត្តគ្នារវាងខ្មែរ និងខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋយើងមានក្ដីសង្ឃឹម ពីវាសនាអនាគតរបស់ពួកគាត់ ជាពិសេសដើម្បីឱ្យយុវជនខ្មែរ អាចទទួលបាននូវអនាគតដ៏រុងរឿងទៅថ្ងៃមុខ។ ដូច្នេះយើងទាំងអស់គ្នាជាខ្មែរ ត្រូវតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋជាធំ»។
ជាការកត់សម្គាល់ ការថ្លែងសាររបស់លោក កឹម សុខា បែបនេះ ធ្វើឡើងក្រោយពេលកម្ដៅនយោបាយនៅកម្ពុជាបានកើនឡើងខ្លាំង ដូចជាការចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំងដាក់ពន្ធនាគារ ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ការដកតំណែងលោក កឹម សុខា ខ្លួនឯងពីតួនាទីជាអនុប្រធានទី១ នៃរដ្ឋសភា និងការវាយអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូបឱ្យរងរបួសធ្ងន់ធ្ងរជាដើម៕