en     km
en     km

លោក​ កឹ​ម​ សុខា​ អំពាវនាវ​ឱ្យ​អ្នកនយោបាយ​បញ្ឈប់​ការ​សងសឹក​គ្នា​ ដើម្បី​ផលប្រយោជន៍​ជាតិ​

Share

cover-Kem-Sokha
ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ ២០១៦​ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃស្អែក​នេះ​ លោក​ កឹ​ម​ សុខា​ បាន​ជូនពរ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ និង​ការ​បង្រួបបង្រួម​ជាតិ​។​ ជាមួយ​គ្នា​ លោក​ក៏​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​ខ្មែរ​បញ្ឈប់​ការ​សងសឹក​គ្នា​ផង​ដែរ​ ដើម្បី​ផលប្រយោជន៍​ជាតិ​ជា​ធំ​។​

​លោក​ណុ​ល​ ដា​រ៉ា​ រាយការណ៍​បន្ត​៖

​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​នៅ​ថ្ងៃនេះ​ ដោយ​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​ខ្មែរ​បញ្ចប់​កម្ដៅ​នយោបាយ​ ដើម្បី​ផលប្រយោជន៍​ជាតិ​។​

​លោក​ កឹ​ម​ សុខា​ បាន​ថ្លែង​សារ​នយោបាយ​បែប​នេះ​ ក្នុង​វី​ដេ​អូ​ឃ្លិប​ ដែល​មាន​រយៈពេល​ជាង​ពីរ​នាទី​ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ ដើម្បី​ជា​ការ​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ប្រជាពលរដ្ឋ​។​

​លោក​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​សូម​ឱ្យ​អ្នកនយោបាយ​ខ្មែរ​ទាំងអស់​ បញ្ឈប់​នូវ​ការ​គុំ​គួ​ន​សងសឹក​ នូវ​ការ​គំរាមកំហែង​ នូវ​ការ​បំភិតបំភ័យ​ ជា​ពិសេស​នាំ​គ្នា​ជួប​គ្នា​ ជជែក​គ្នា​ ធ្វើ​យ៉ាងណា​ដើម្បី​បញ្ចប់​នូវ​កម្ដៅ​នយោបាយ​ ដែល​កំពុង​កើត​មាន​ ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ភ័យ​ខ្លាច​បច្ចុប្បន្ន​នេះ​»​។​

​ទន្ទឹម​គ្នា​នឹង​ការ​អំពាវនាវ​ខាងលើ​នេះ​ លោក​ កឹ​ម​ សុខា​ ក៏​បួងសួង​ឱ្យ​ប្រទេស​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សុខ​សន្តិភាព​ មានការ​បង្រួបបង្រួម​ជាតិ​ និង​ផ្សះផ្សា​ជាតិ​ផង​ដែរ​៖​ «​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០១៦​ នេះ​ គឺ​សូម​ឱ្យ​នាំ​មក​នូវ​សុខ​សន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​ ការ​ផ្សះផ្សា​ជាតិ​ ដើម្បី​ឈាន​ទៅ​រក​ការ​ជឿ​ទុកចិត្ត​គ្នា​រវាង​ខ្មែរ​ និង​ខ្មែរ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យើង​មាន​ក្ដី​សង្ឃឹម​ ពី​វាសនា​អនាគត​របស់​ពួក​គាត់​ ជា​ពិសេស​ដើម្បី​ឱ្យ​យុវជន​ខ្មែរ​ អាច​ទទួល​បាន​នូវ​អនាគត​ដ៏​រុងរឿង​ទៅ​ថ្ងៃ​មុខ​។​ ដូច្នេះ​យើង​ទាំងអស់​គ្នា​ជា​ខ្មែរ​ ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ​»​។​

​ជា​ការ​កត់សម្គាល់​ ការ​ថ្លែង​សារ​របស់​លោក​ កឹ​ម​ សុខា​ បែប​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​កម្ដៅ​នយោបាយ​នៅ​កម្ពុជា​បាន​កើនឡើង​ខ្លាំង​ ដូច​ជា​ការ​ចាប់ខ្លួន​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ ការ​ចេញ​ដីកាចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ ការ​ដក​តំណែង​លោក​ កឹ​ម​ សុខា​ ខ្លួនឯង​ពី​តួនាទី​ជា​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ និង​ការ​វាយ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ជាដើម​៕

Share

Image
Image
Image