en     km
en     km

ជំងឺពុកឆ្អឹងជាជំងឺស្ងៀមស្ងាត់អាចបង្កហានិភ័យខ្ពស់

Share

ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការស្វែងយល់អំពីជំងឺពុកឆ្អឹង។ ដោយអត្ថបទនេះដកស្រង់ពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ!

           រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ​កាល់ម៉ែត

តាមស្ថិតិនៅទូទាំងពិភពលោក ជំងឺពុកឆ្អឹងបានបណ្តាលឱ្យមានការបាក់ឆ្អឹងប្រមាណជិត ៩ លានករណីជារៀងរាល់ឆ្នាំ ពោលគឺជំងឺពុកឆ្អឹងនេះបណ្តាលឱ្យមានការបាក់ឆ្អឹង ១ ករណីរៀងរាល់ ៣ វិនាទីម្តង ។ ម្យ៉ាងវិញទៀតតាមស្ថិតិក៏បង្ហាញផងដែរថា ស្រ្តីម្នាក់ក្នុងចំណោមស្ត្រី ៣ នាក់មានការបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង។ ចំណែកឯបុរសម្នាក់ ក្នុងចំណោមបុរស ៥ នាក់ នឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹងនេះផងដែរ។ នេះបើយោងតាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែត។

 

 រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ​កាល់ម៉ែត

តើអ្វីទៅជាជំងឺពុកឆ្អឹង?

តាមមន្ទីរពេទ្យកាល់ម៉ែតដដែលបានបង្ហាញថា ជំងឺពុកឆ្អឹង ជាជំងឺរុំារ៉ៃ ដែលកើតមានឡើងនៅពេលដែលដង់ស៊ីតេឆ្អឹង(កំហាប់ឆ្អឹង) និងភាពរឹងមាំនៃឆ្អឹងបានថយចុះដល់កម្រិតមួយ។ ហើយនៅពេលដែលឆ្អឹងលែងរឹងមាំ ឆ្អឹងនោះនឹងក្លាយជាផុយស្រួយ និងហានិភ័យនៃការបាក់ឆ្អឹងក៏កើនឡើងខ្ពស់ផងដែរ។

 រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ​កាល់ម៉ែត

បន្ថែមពីនេះ ការបាត់បង់ភាពរឹងមាំរបស់ឆ្អឹងនេះ កើតឡើងបន្តិចម្ដងៗ និងដោយស្ងៀមស្ងាត់។ ជារឿយៗ អ្នកជំងឺមិនមានរោគសញ្ញាអ្វីទេ រហូតដល់មានការបាក់ឆ្អឹងតែម្ដងបន្ទាប់ពីមានការដួលឬប៉ះទង្គិចបន្តិចបន្តួចតែប៉ុណ្ណោះ។ ចំណែកឯការព្យាបាលឆ្អឹងបាក់ ដោយជំងឺពុកឆ្អឹងគឺមានការពិបាក ព្រោះឆ្អឹងដែលពុកហើយ មិនមានភាពរឹងមាំដូចឆ្អឹងធម្មតាទេ។   ហេតុដូចនេះហើយ ទើបក្រុមគ្រូពេទ្យទូទាំងពិភពលោកបានប្រសិទ្ធនាមជំងឺពុកឆ្អឹងនេះថា ជាជំងឺមួយស្ងៀមស្ងាត់ដែលបង្កហានិភ័យខ្ពស់។

 

 រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ​កាល់ម៉ែត

ចំពោះកត្តាហានិភ័យនៃជំងឺពុកឆ្អឹងនេះវិញមានដូចជា៖

ជំងឺនេះអាចកើតមានចំពោះមនុស្សគ្រប់វ័យ ជាពិសេសមនុស្សដែលមានវ័យចំណាស់ដែលមានអាយុលើសពី ៥០ឆ្នាំ។ មួយវិញទៀតជំងឺនេះ ច្រើនកើតមានចំពោះស្រ្តីច្រើនជាងបុរស ពិសេសក្រុមស្ត្រីដែលអស់រដូវ។ 

ចំណែកឯកត្តាផ្សេងទៀតគឺ កត្តាកម្រិតអរម៉ូន។ ជំងឺពុកឆ្អឹងនេះច្រើនកើតមានចំពោះមនុស្ស ដែលមានបរិមាណអរម៉ូនច្រើនពេក ឬតិចពេក។ បើសិនអរម៉ូនភេទទាបនឹងធ្វើឱ្យឆ្អឹងមានការចុះខ្សោយ ដូចជាការព្យាបាលជំងឺមហារីកសុដន់ដែលកាត់បន្ថយកម្រិតអរម៉ូនអ៊ឹស្ត្រូសែនចំពោះស្ត្រី ដែលអាចបង្កជំងឺពុកឆ្អឹងវិវត្តន៍យ៉ាងល្បឿន។ ជាពិសេសការថយចុះកម្រិតអរម៉ូនអ៊ឺស្ត្រូហ្សែនចំពោះក្រុមស្រ្តីអស់រដូវ ក៏ជាកត្តាហានិភ័យដ៏ខ្លាំងបំផុតមួយក្នុងការវិវត្តទៅជាជំងឺពុកឆ្អឹងនេះផងដែរ។ ចំពោះបុរសវិញ បញ្ហាជំងឺពុកឆ្អឹងនេះអាចបណ្តាលមកពីការថយចុះកម្រិតអរម៉ូនតេស្តូស្តេរ៉ូនដែលអាចបណ្តាលមកពីការព្យាបាលមហារីកក្រពេញប្រូស្តាតជាដើម។ 

ចំណែកឯកត្តាអរម៉ូនដដែល ក៏បណ្តាលមកពីបញ្ហាក្រពេញទីរ៉ូអ៊ីតផងដែរ ព្រោះអរម៉ូនទីរ៉ូអ៊ីតច្រើនពេកនឹងបង្កឱ្យមានបញ្ហាឆ្អឹងនេះ។

ក្រៅពីកត្តាអរម៉ូន កត្តារបបអាហារក៏ជាកត្តាហានិភ័យនៃជំងឺពុកឆ្អឹងនេះដែរ ដូចជាការទទួលទានសារជាតិកាល់ស្យូមមានកម្រិតតទាបជាដើម។ មួយវិញទៀត ដោយសារតែមានបញ្ហានៃការញុំ និងការវះកាត់ក្រពះពោះវៀនទៀតផង។ 

ជាពិសេសទៅទៀតនោះ អ្នកដែលមានបញ្ហាវេជ្ជសាស្រ្តមួយចំនួនដូចជា មានជំងឺរលាកពោះវៀនធំ ជំងឺតម្រងនោមឬថ្លើម ជំងឺមហារីក ឬជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹងនេះ។

និងកត្តាចុងក្រោយគឺ ទាក់ទងនឹងរបៀបរស់មួយចំនួនដូចជា អ្នកដែលអង្គុយច្រើនគឺមានហានិភ័យខ្ពស់ជាងអ្នកដែលសកម្មជាង។ ការធ្វើលំហាត់ប្រាណ ឬធ្វើសកម្មភាពណាមួយ គឺមានប្រយោជន៍សម្រាប់សុខភាពឆ្អឹង ជាពិសេសការរត់ ការលោត ការរាំ និងការលើកទម្ងន់ជាដើម។ 

ដោយឡែកការទទួលទានគ្រឿងស្រវឹងច្រើនពេក ពោលគឺទទួលទានជាតិអាល់កុលលើសពី ២ កែវក្នុងមួយថ្ងៃក៏ជាមូលហេតុនៃជំងឺពុកឆ្អឹងនេះផងដែរ។ បន្ថែមពីនេះ គឺការជក់បារី ព្រោះជក់បារីរួមចំណែកធ្វើឱ្យឆ្អឹងចុះខ្សោយ។នេះបើតាមគេហទំព័រគ្លីនិចMayoសហរដ្ឋអាមេរិក។

 

 រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ​កាល់ម៉ែត

ដោយឡែក ការធ្វើរោគវិនិច្ឆ័យជំងឺពុកឆ្អឹងនេះ អាចធ្វើបានយ៉ាងសុក្រិត ដោយការថតស្គែនជាមួយនឹងម៉ាស៊ីនវាស់កំហាប់ឆ្អឹង ដែលប្រើបច្ចេកទេសទំនើបម៉្យាង(Dual-Energy X-ray Absorptiometry)ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ។ មួយវិញទៀត ការធ្វើរោគវិនិច្ឆ័យជំងឺនេះ ក៏មានការថតកាំរស្មីពិនិត្យឆ្អឹង និងពិនិត្យឈាមជាដើម (កំរិតជាតិកាល់ស្យូម កំរិតជាតិផូសស្វ័រ អ័រម៉ូនទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត…..)។

 រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ​កាល់ម៉ែត

តើជំងឺនេះអាចព្យាបាលនិងការពារបានដែរឬទេ?

តាមមន្ទីរពេទ្យកាល់ម៉ែតលើកឡើងថា ជំងឺនេះអាចការពារនិងព្យាបាលបាន ដោយទទួលការណែនាំ ពិសាថ្នាំ និងព្យាបាលទៅតាមមូលហេតុរបស់ជំងឺ។

 រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ​កាល់ម៉ែត

ម៉្យាងវិញទៀត សម្រាប់អ្នកមានជំងឺពុកឆ្អឹងមន្ទីរពេទ្យកាល់ម៉ែតបានណែនាំអ្នកជំងឺត្រូវបរិភោគអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីន D3 គឺមានពពួកកូនត្រីតូចៗ ទឹកដោះគោស្រស់ អាហារបំប៉នជាដើម និងទទួលកម្តៅថ្ងៃឱ្យបានគ្រប់គ្រាន់។ មួយវិញទៀត អ្នកជំងឺត្រូវឈប់ទទួលទានស្រា និងបារី ព្រមទាំងជៀសវាងការដួល បុក ប៉ះទង្គិច និងជៀសវាងការប្រើថ្នាំផ្តេសផ្តាស (ស្តេរ៉ូអ៊ីត)៕

 

 

Share

ព័ត៌មានទាក់ទង

Image