en     km
en     km

អ្នកនាំពាក្យបក្សកាន់អំណាច ឆ្លើយទបទៅនឹងការរឹតត្បិត និងការព្រមានផ្តាច់ជំនួយពីអាមេរិក

Share

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន្តប្រតិកម្មទៅនឹងការរឹតត្បិត និងការព្រមានរបស់អាមេរិកដែលថាអាមេរិកនឹងធ្វើការផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួនមកកាន់កម្ពុជា។ ការកាត់បន្ថយជំនួយនេះដោយហេតុថាអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ម៉ាត់ហ្ស៊ូ មីលើរ៍ (Matthew Miller) ចាត់ទុកដូចទៅនឹងការឆ្លើយតប នឹងទង្វើរបស់ជនទាំងឡាយណាដែលធ្វើការរឹតត្បិតលើទិដ្ឋាការសម្រាប់បុគ្គលមួយចំនួន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

ជុំវិញបញ្ហានេះ លោក សុខ ឥសាន្ត ឆ្លើយតបថាករណីបែបនេះមិនមែនជារឿងដែលថ្មីនោះទេសម្រាប់កម្ពុជា ព្រោះថាកន្លងមកអាមេរិកក៏ធ្លាប់បានចេញសេចក្តីថ្លែងថ្កោលទោសរួចមកជាច្រើនដងហើយ។ យ៉ាងណាមិញចំពោះករណីដែលអាមេរិក នឹងកាត់ផ្ដាច់កម្មវិធីផ្ដល់ជំនួយមួយចំនួននៅកម្ពុជា លោកអះអាងថា មិនមានការប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។ ផ្ទុយទៅវិញលោកថាទាំងនេះគឹជាសិទ្ធិរបស់ប្រទេសដែលផ្តល់ជំនួយ ដោយកម្ពុជាមិនអាចធ្វើការទាមទារ ឬប្រឆាំងទៅនឹងការសម្រេចចិត្តរបស់ម្ចាស់ជំនួយបានឡើយ។

លោក សុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា

លោក សុខ ឥសាន៖« បើគេមានទ្រព្យគេឱ្យ គេឱ្យ បើគេមិនមានទ្រព្យឱ្យធ្វើមិចឥឡូវ ប៉ុន្តែយើងនៅតែដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាទ! ធ្វើមិចឱ្យស្របទៅតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដាក់ឱ្យដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ ហើយយើងធ្វើរាល់ថ្ងៃមានខុសអ្វី»។

លើសពីនេះទៅទៀតអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះចោទសួរទៅកាន់អាមេរិកវិញថា ហេតុអ្វីបានជា បណ្តាប្រទេសដទៃមកដាក់ទូតនៅកម្ពុជាស្របពេលដែលអាមេរិកថាការបោះឆ្នោតនៅកម្ពុជាមិនមានលក្ខណៈសេរី និងយុត្តិធម៌។

លោក សុខ ឥសាន៖« គ្មានប្រទេសណាមួយដែលថាមិនដាក់ទូតមកកម្ពុជាទេនៅពេលដែលរាជរដ្ឋាភិបាលដែលថាកើតចេញពីការបោះឆ្នោតក្លែងក្លាយនោះដែលដឹកនាំប្រទេស ឥឡូវផុត៥ឆ្នាំហើយ វាផុតហើយ ដល់ឥឡូវវាចូលមកដល់នីតិកាលទី៦ហើយចង់ចូល៥ឆ្នាំទៀតទៅហើយវាមិចវិញអាហ្នឹង»។

លើបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយមើលឃើញថា ការកាត់ជំនួយនឹងការដាក់ទណ្ឌកម្មដែលអាមេរិកលើកឡើងនេះ ប្រាកដជាប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជាអាមេរិក។ ចំណែកការចោទសួរដែលថា ការព្រមានកាត់បន្ថយជំនួយមកកម្ពុជានោះប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានោះ លោកបានពន្យល់ថាត្រូវមើលពីទំហំជំនួយដែលកម្ពុជាកំពុងទទួលពីអាមេរិក ប្រៀបធៀបនឹងប្រទេសផ្សេងដូចជាចិនជាដើម។

បណ្ឌិត មាស នី អ្នកវិភាគនយោបាយនៅកម្ពុជា

បណ្ឌិត មាស នី៖«បើសិនចំនួននៃការផ្តល់ពីសហរដ្ឋអាមេរិកហ្នឹង មានកញ្ចប់តិចចឹងមិនមានផលប៉ះពាល់អីដល់ដំណើរការសេដ្ឋកិច្ចកម្ពុជា ឬក៏ការងារអ្វីរបស់ប្រទេសកម្ពុជាទេបាទ! ប៉ុន្តែបើមួយចំនួនហ្នឹងមានចំនួនធំអាហ្នឹងចង់មិនចង់វាត្រូវតែរង់ផលប៉ះពាល់ហើយ ឧទាហរណ៍ថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មអីផ្សេងៗជៀសមិនផុតពីការរង់ឥទ្ធិពលអវិជ្ជមាន»។ 

 

Share

Image
Image
Image