en     km
en     km

តុលាការថៃកាត់ទោសយុវជនម្នាក់ទៀតពីបទប្រមាថព្រះមហាក្សត្រ

Share

ប្រភព៖ C N A ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣

បាងកក៖ នៅថ្ងៃព្រហស្បតិ៍ទី២០ ខែកក្កដា ឆ្នាំ២០២៣ តុលាការថៃបានកាត់ទោសយុវជនវ័យជំទង់ម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល១២ ខែ ដោយព្យួរទោសរយៈពេល២ឆ្នាំ ពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ ជុំវិញការស្លៀកពាក់ដែលគេចោទថាបានធ្វើត្រាប់តាមព្រះមហាក្សត្រក្នុងព្រឹត្តិការណ៍តវ៉ាកាលពី៣ឆ្នាំមុន។

ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​របស់​ប្រទេស​ថៃ​ជា​ច្បាប់​តឹងរ៉ឹង​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​អ្នក​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​រិះគន់​ព្រះមហាក្សត្រ Maha Vajiralongkorn ឬ​ព្រះញាតិវង្ស​អាច​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់១៥ឆ្នាំ។

យុវជនឈ្មោះNapasit បានចូលរួមក្នុងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ២០២០ ដោយពាក់អាវកាក់ពណ៌ខ្មៅ ដែលមើលទៅហាក់ដូចជាស្រដៀងគ្នានឹងសំលៀកបំពាក់ស្តេចថៃបានប្រើ និងល្បីល្បាញក្នុងប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបមួយចំនួនកាលពីប៉ុន្មានឆ្នាំមុន។

សេចក្តីថ្លែងការណ៍របស់មេធាវីថៃដើម្បីសិទ្ធិមនុស្ស(TLHR)បានថ្លែងថាយុវជនអាយុ១៩ឆ្នាំ ត្រូវបានកាត់ទោសដោយតុលាការចោទថាគាត់បានចំអកដល់ព្រះមហាក្សត្រ។តុលាការបានថ្លែងនៅក្នុងសាលក្រមថា “ព្រះមហាក្សត្រមានឋានៈដ៏ខ្ពង់ខ្ពស់ដែលមិនគួរត្រូវបានរំលោភបំពាន” នេះបើយោងតាមក្រុមអ្នកច្បាប់។

ក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស TLHR បាននិយាយថាដំបូងឡើយយុវជន Napasit ត្រូវបានកាត់ទោសឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ “ប៉ុន្តែដោយសារជនជាប់ចោទបានប្រព្រឹត្តបទឧក្រិដ្ឋនៅពេលគាត់នៅជា​​​

អនីតិជនអាយុ១៦ឆ្នាំ ទើបត្រូវបានកាត់បន្ថយទោសពាក់កណ្តាលមកត្រឹម១ឆ្នាំ និង៦ខែ ហើយដោយ​សារតែសក្ខីកម្មដែលយុវជនរូបនេះបានផ្តល់នៅក្នុងសវនាការ សាលក្រមត្រូវបានកាត់បន្ថយមកត្រឹម១២ ខែ”វិញ ។

បើយោងតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស TLHR យ៉ាងហោចណាស់មានមនុស្ស ២៤៦នាក់ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០មក ក្នុងនោះរួមទាំងអនីតិជនចំនួន២០នាក់ផងដែរ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិមានការប្រុងប្រយ័ត្នខ្លាំងណាស់ក្នុងការរាយការណ៍អំពីរឿងក្កីប្រមាថព្រះមហាក្សត្រ និងនិងរាជវង្សថៃ។គណបក្សចលនាឆ្ពោះទៅមុខ(MFP)ដែលបានឈ្នះឆ្នោតច្រើន​ជាងគេកាលពីខែឧសភា បានធ្វើយុទ្ធនាឃោសនាសន្យាធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រនៅពេលខ្លួនឡើងកាន់អំណាច។ប៉ុន្តែកាលពីថ្ងៃពុធទី១៩ កក្កដា មេដឹកនាំបក្សចលនាឆ្ពោះទៅមុខគឺលោក Pita Limjaroenrat ត្រូវតុលាការធម្មនុញ្ញសម្រេចព្យួរសិទ្ធិជាសមាជិកសភា ដោយរង់ចាំការស៊ើបអង្កេតករណីលោកកាន់កាប់ភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ៕

Share

ព័ត៌មានទាក់ទង

Image