ភ្នំពេញ៖ ខណៈប្រទេសកម្ពុជាមិនទាន់មានតុលាការងារដោះស្រាយវិវាទនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបង្កើតឱ្យមានតុលាការការងារ ដើម្បីដោះស្រាយបញ្ហាវិវាទការងារដែលកើតឡើងរវាងកម្មករ និងនិយោជក ឱ្យប្រកបដោយប្រសិទ្ធភាព ដែលពាក់ព័ន្ធលើវិវាទការងារនៅកម្ពុជា។ ការថ្លែងបែបនេះធ្វើទ្បើងនៅក្នុងសន្និបាតសហភាពសហព័ន្ធសហជីពជាតិកម្ពុជា អាណត្ដិទី៥ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅភោជនីយដ្ឋានទន្លេបាសាក់២។
ក្រុមសហជីពបានសាទរទៅនឹងការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីការបង្កើតតុលាការការងារកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានតែក្រុមប្រឹក្សាអាជ្ញាកណ្តាលប៉ុណ្ណោះជាអ្នកដោះស្រាយរាល់វិវាទការងារដែលបានកើតទ្បើង។
យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានឱ្យដឹងថារដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺលោក អ៊ិត សំហេង បានប្រកាសថា នៅដើមឆ្នាំ២០១៧ ខាងមុខនេះ ក្រសួងការងារនឹងបង្កើតឱ្យមានតុលាការការងារ ដើម្បីដោះស្រាយបញ្ហាវិវាទការងារដែលកើតឡើងរវាងកម្មករ និងនិយោជក ប្រកបដោយប្រសិទ្ធភាព ពាក់ព័ន្ធលើវិវាទការងារនៅកម្ពុជា។
ការផ្សាយរបស់ AKP ដដែល បានដកស្រង់ប្រសាសន៍លោក អ៊ិត សំហេង មកផ្សាយថា រហូតមកដល់ពេលនេះ ក្រសួងការងារ និងភាគីពាក់ព័ន្ធ កំពុងតែសិក្សាលើទិដ្ឋភាពបច្ចេកទេស និងដកពិសោធន៍ពីប្រទេសនានាមួយចំនួននៅក្នុងតំបន់ ដើម្បីធ្វើការសិក្សាអំពីប្រព័ន្ធតុលាការការងារនៅតាមប្រទេសទាំងនោះ ដើម្បីយកមកអនុវត្ដន៍ឱ្យសមស្របទៅនឹងបរិបទនៅក្នុងប្រទេសកម្ពុជា។
លោក អ៊ិត សំហេង បន្តថា កន្លងមកក៏ដូចជានាពេលបច្ចុប្បន្ននេះ រាល់វិវាទការងារដែលបានកើតឡើងនោះ ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្ដាល ធ្វើការដោះស្រាយ និងធ្វើការសម្របសម្រួលរវាងភាគីកម្មករ សហជីព និងថៅកែរោងចក្រ ប៉ុន្ដែក្រុមប្រឹក្សានេះមិនមែនជាតុលាការការងារនោះទេ ដែលដើរតួនាទីជាយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ លោកក៏បានបញ្ជាក់ផងដែរថា គម្រោងបង្កើតឱ្យមានតុលាការការងារនេះ ក្រសួងនឹងខិតខំប្រឹងប្រែង រៀបចំឯកសារឱ្យបានរួចរាល់ និងដាក់ឱ្យដំណើរការនៅដើមឆ្នាំ ២០១៧ ដោយសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមអបអរសាទរក្នុងការបង្កើតឱ្យមានច្បាប់មួយនេះ។
ទាក់ទងនឹងការបង្កើតឱ្យមានច្បាប់នេះដែរ ប្រធានសហជីពស៊ីខាវឌូ លោក អាត់ ធន់ បានប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះថា លោកសាទរដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតឱ្យមានតុលាការការងារ សម្រាប់ដោះស្រាយវិវាទការងារនៅកម្ពុជា។
លោក អាត់ ធន់ បានបន្តទៀតថា នៅឆ្នាំ២០១៧ខាងមុខនេះ វាជាពេលវេលាសមរម្យមួយហើយ ដែលកម្ពុជាត្រូវមានតុលាការការងារ ដើម្បីជម្រះក្តីរកយុត្តិធម៌ជូនកម្មករ ព្រោះថាកន្លងមក រឿងក្តីរបស់កម្មករត្រូវបានកាត់ក្តីដោយតុលាការស៊ីវិលធម្មតា ដោយលោកថា ជាធម្មតាតុលាការមួយនេះកាត់ក្តីមិនសូវស៊ីជម្រៅនោះទេ។
លោកអាត់ ធន់ បានបញ្ជាក់ផងដែរថា ថ្វីត្បិតតែនៅពេលមានវិវាទរបស់កម្មករកើតទ្បើងកន្លងមក ក៏ដូចជាបច្ចុប្បន្ន ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាអ្នកជួយដោះស្រាយបានល្អប្រសើរយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ មិនមានអំណាចសាលក្រមណាមួយ ចាប់បង្ខំឲ្យគូភាគីត្រូវតែអនុវត្តទៅតាមការសម្រេចរបស់ខ្លួនទេ ដូច្នេះវាធ្វើឱ្យខកខានរាល់ការដោះស្រាយវិវាទដែលបានកើតទ្បើងនោះ។
លោក អាត់ ធន់ បានបន្ថែមទៀតថា បើតុលាការការងារនេះកើតទ្បើងដោយមានឯករាជ្យភាព នោះវានឹងជួយសម្រួលក្នុងការដោះស្រាយវិវាទការងាររបស់កម្មករឱ្យមានភាពល្អប្រសើរ ប៉ុន្តែបើតុលាការនេះកើតទ្បើងមិនមានភាពឯករាជ្យទេ នោះវានឹងមិនមានប្រយោជន៍ទេ។
«បើសិនតុលាការកើតទ្បើងមកវាដូចតុលាការទូទៅរាល់ថ្ងៃ វាមិនសូវមានប្រយោជន៍នោះទេ ប៉ុន្តែបើតុលាការហ្នឹងកើតមកដោយវាមានភាពយុត្តិធម៌អី ខ្ញុំគិតថាវាមានប្រយោជន៍ច្រើនណាស់ ទី១ គឺហៅរកយុត្តិធម៌បាន និងស៊ីជម្រៅទៅនឹងវិវាទការងារ ទី២ ពាក់ព័ន្ធនឹងពេលវេលានៃការកាត់ក្តី ខ្ញុំគិតថាមិនមានរយៈពេលយូរប៉ុន្មានអាចរយៈពេលខ្លី ទី៣ ធ្វើឱ្យភាគីហ្នឹងបានប្រើប្រាស់នូវការតវ៉ាតាមនីតិវិធីការងារនឹងបានស៊ីជម្រៅ…»។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០១៥ ក្រសួងបានចុះបញ្ជីការអង្គការវិជ្ជាជីវៈចំនួន ៣៣៧៨ ក្នុងនោះមានសហភាពសហជីព ១៥ សហព័ន្ធសហជីពចំនួន ៩១ សហជីពមូលដ្ឋានចំនួន ៣២៦១ និងសមាគមនិយោជកចំនួន ៧៕