ភ្នំពេញ៖ ក្នុងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនានេះមានគណបក្សមួយចំនួនបានរៀបចំក្បួនដង្ហែរតាមដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត និងបក្សខ្លះរៀបចំឃោសនានៅហ្នឹងកន្លែងតាមបក្សរៀងខ្លួនៗ។
ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានរៀបចំក្បួនដង្ហែរបិទយុទ្ធនាការឃោសនារបស់បក្ស ដោយមានអ្នកចូលរួមសរុបប្រមាណ ៦ម៉ឺននាក់ ក្នុងចំនួននេះមានសមាជិកបក្សចាំទទួលស្វាគមន៍តាមដងផ្លូវប្រមាណ ៤ម៉ឺននាក់។ ក្បូនដង្ហែររបស់បក្សកាន់អំណាចប្រើចម្ងាយផ្លូវប្រមាណ១០គីឡូម៉ែត្រ ជាមួយនឹងការប្រគំតន្ត្រីចំនួន១០ទីតាំង ដោយចាប់ផ្តើមចេញដំណើរពីមជ្ឈមណ្ឌលកោះពេជ្រ និងវិលត្រឡប់មកបិទបញ្ចប់នៅតំបន់បឹងកក់រាជធានីភ្នំពេញវិញ។
រូបភាព៖ ទំព័រហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា
ចំណែកគណបក្សហ៊្វុនស៊ីនប៉ិចវិញ សមាជិកចូលរួមជួបជុំគ្នានៅផ្លូវមហាវិថីសម្តេច ហ៊ុន សែន ផ្លូវ៦០ម៉ែត្រ ហើយក្បួននឹងហែរឆ្ពោះទៅកាន់ ស្ពានអាកាស ៧ មករា រង្វង់មូលកាំកូស៊ីដធី ផ្លូវឧកញ៉ា ម៉ុង រិទ្ធី និងមហាវិថីសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ សម្រាប់សមាជិកសមាជិកាចូលរួមក្បួនបិទយុទ្ធនាការឃោសនានេះមានប្រមាណជិត ៥ពាន់នាក់។
រូបភាព៖ ទំព័រហ្វេសប៊ុក សហ៊្វុនស៊ីនប៉ិច
ចំពោះគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ សម្រេចយកទីរួមខេត្តព្រៃវែងជាទីតាំងរកសំឡេងឆ្នោតនៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ រួចក្បួនដង្ហែរនឹងបន្តឆ្ពោះទៅស្រុកកញ្ជ្រៀច ខេត្តស្វាយរៀងតែម្តង។ ក្នុងនោះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាមិនទាន់ប៉ាន់ប្រមាណច្បាស់នៅឡើយទេចំពោះអ្នកចូលរួមហែបក្ស។
រូបភាព៖ ទំព័រហ្វេសប៊ុកគណបក្សយុវជនកម្ពុជា
ដោយឡែកគណបក្សធម្មាធិបតេយ្យ ក៏នឹងមានក្បួនឃោសនាគណបក្សនៅថ្ងៃចុងក្រោយនេះផងដែរ។ លោកស្រីប្រធានគណបក្សឱ្យដឹងថា បក្សលោកស្រីមិនមានជាក្បួនជាឧឡារឹកអ្វីនោះទេ គឺគ្រាន់តែមានក្បួននៅតាមផ្លូវតូចៗមួយចំនួននៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ហើយអ្នកចូលរួមប្រមាណ២០នាក់ប៉ុណ្ណោះ។ ក្បួនឃោសនាបោះឆ្នោតនេះចាប់ផ្តើមនៅម៉ោង៨:០០នាទីព្រឹក ដល់ម៉ោង៦ល្ងាច៕
រូបភាព៖ ទំព័រហ្វេសប៊ុកគណបក្សធម្មាធិតេយ្យ