ផ្លែអម្ពិល គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងមុខម្ហូប ដែលមានរសជាតិផ្អែម និងជូរ ហើយពេញនិយមទៅតាមតំបន់នានានៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ីដូចជាប្រទេសកម្ពុជាជាដើមផងដែរ។ ជាពិសេសអ្នកឯកទេសខាងចំណីអាហារនៅសហរដ្ធអាមេរិកក៏បានណែនាំឱ្យបញ្ចូលផ្លែអម្ពិលនេះទៅក្នុងប្រភេទផ្លែឈើចម្រុះដែលអ្នកតែងតែបរិភោគផងដែរ។
រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិក Cleveland នៅសហរដ្ធអាមេរិក
តើផ្លែអម្ពិលផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
តទៅនេះយើងនឹងយកនូវអត្ថប្រយោជន៍ដ៏មានសក្ដានុពលមួយចំនួននៃផ្លែអម្ពិលដល់សុខភាព ដោយយោងតាមការលើកឡើងរបស់គេហទំព័រគ្លីនិក Cleveland នៅសហរដ្ធអាមេរិកដូចតទៅ៖
ផ្លែអម្ពិលពោរពេញដោយសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ដែលជាសារធាតុគីមីកើតឡើងដោយធម្មជាតិហើយមាននៅក្នុងប្រភេទអាហារមួយចំនួន។
សារធាតុនេះជួយដល់រាងកាយ ប្រឆាំងនឹងការខូចខាតកោសិកាពីរ៉ាឌីកាល់សេរី និងម៉ូលេគុលមិនមានលំនឹង ដែលជាមូលហេតុអាចបណ្តាលឱ្យមានភាពតានតឹង និងអាចជាសញ្ញានៃភាពចាស់ រួមទាំងជំងឺមួយចំនួនទៀតដូចជា៖ ជំងឺAutoimmune ជំងឺសរសៃឈាមបេះដូង និងការរលាក។ បន្ថែមពីនេះ ក៏ជាជាមូលហេតុនៃ ជំងឺភ្នែកឡើងបាយ ជំងឺមហារីក និងជំងឺនៃប្រព័ន្ធសរសៃប្រសាទ ដូចជា ជំងឺភ្លេចភ្លាំង និង ជំងឺផាកឃីនសុន(Parkinson’s)ដែរ។
ម្យ៉ាងវិញទៀត ផ្លែអម្ពិលគឺសំបូរសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជាពិសេសសារធាតុដែលមានឈ្មោះថា Beta-carotene ដែលជួយដល់សុខភាពភ្នែកផងដែរ។
យ៉ាងណាមិញ សារធាតុប្រឆាំងអុកស៊ីតកម្មនេះក៏មានទំនាក់ទំនងជាមួយរ៉ាឌីកាល់សេរីផងដែរ ដើម្បីការពារនិងកំចាត់រ៉ាឌីកាល់សេរីនេះ ពីក្នុងខ្លួនរបស់អ្នក។
ដោយឡែក ក្រៅពីពោរពេញដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្លែអម្ពិលគឺជាប្រភពនៃសារធាតុម៉ាញេស្យូមហើយ ការទទួលទានផ្លែអម្ពិលមួយផ្លែ ផ្តល់បរិមាណម៉ាញេស្យូម ជាង ២៥% នៃបរិមាណម៉ាញេស្យូមដែលអ្នកតែងតែទទួលជាប្រចាំថ្ងៃ។
សារធាតុចិញ្ចឹមដ៏សំខាន់នេះ គាំទ្រដល់ដំណើរការសំខាន់ៗជាង ៣00 មុខនៅក្នុងរាងកាយរបស់អ្នក រួមទាំងការគ្រប់គ្រងមុខងារសរសៃប្រសាទ និងសាច់ដុំ ជួយគ្រប់គ្រងសម្ពាធឈាម និងរក្សាឆ្អឹងឱ្យកាន់តែរឹងមាំ។
បន្ថែមពីនេះ ផ្លែអម្ពិលក៏មានអត្ថប្រយោជន៍ជួយកាត់បន្ថយការរលាកក្នុងរាងកាយផងដែរ។ ការរលាកនៅក្នុងរាងកាយ បានផ្សារភ្ជាប់នឹងហានិភ័យគ្រប់ប្រភេទដូចជារបួស ជំងឺផ្សេងៗ និងជំងឺរ៉ាំរ៉ៃ។
ដូច្នេះ ផ្លែអំពិលសម្បូរទៅដោយប៉ូតាស្យូម និងប៉ូលីហ្វេណុល ដូចជាសារជាតិ flavonoids ដែលជាសារធាតុគីមីធម្មជាតិ ដ៏សំខាន់មួយក្នុងការប្រឆាំងនឹងការរលាកនេះ។
ម៉្យាងវិញទៀត គ្រាប់របស់ផ្លែអម្ពិលក៏អាចមានតួនាទីក្នុងការជួយគ្រប់គ្រង និងព្យាបាលជំងឺធាត់ទៀតផង។ តាមការបង្ហាញរបស់វេជ្ជបណ្ឌិត ផ្លែអម្ពិល គឺជាថ្នាំប្រឆាំងនឹងការរលាកដ៏ពូកែ ដែលមានផ្ទុកសារធាតុម្យ៉ាង( trypsin inhibitor) ដែលជាម៉ូលេគុលមួយពាក់ព័ន្ធនឹងការស្រេកឃ្លាន និងជាអរម៉ូនឆ្អែត ដែលអាចនាំឱ្យអ្នកនឹងមានអារម្មណ៍ឆ្អែត។
មួយទៀតដែរ ផ្លែអម្ពិលក៏ល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។
អម្ពិលអាចជាអាហារមួយក្នុងចំណោមអាហារដែលមិនធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងលឿននោះទេ ហើយវាមានសារៈសំខាន់ជាពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ។ បច្ចុប្បន្ននេះ មានភស្តុតាងមានកម្រិតមួយចំនួនដែលអាចបង្ហាញពីអត្ថប្រយោជន៍ដែលអាចកើតមាននេះ ប៉ុន្តែក៏មានការស្រាវជ្រាវជាបន្តផងដែរ៕