en     km
en     km

ទាហានអាមេរិកម្នាក់រត់ឆ្លងព្រំដែនចូលដីកូរ៉េខាងជើង

Share

ប្រភព៖ BBC ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣

មានសេចក្ដីរាយការណ៍ថាកូរ៉េខាងជើងបានឃុំខ្លួនទាហានអាមេរិកម្នាក់ ដែលបានឆ្លងកាត់ព្រំដែនពីកូរ៉េខាងត្បូងដោយគ្មានការអនុញ្ញាត។បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​​នៅ​តំបន់ ​គ្រប់គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​ដែលបាន​បែងចែក​ប្រទេស​ទាំង​ពីរ។រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ក្នុង​អំឡុង​ពេល​មាន​ភាព​តានតឹងរវាងអាមេរិកនិងកូរ៉េខាងជើង។រដ្ឋាភិបាលអាមេរិក​បានប្រាប់ពលរដ្ឋរបស់ខ្លួនកុំឱ្យទៅតំបន់នោះ។មេ​បញ្ជាការ​ជាន់​ខ្ពស់​អាមេរិក​បាន​និយាយ​ថា​មិនមានទំនាក់ទំនង​ជាមួយ​ទាហានខ្លួនដែលកូរ៉េខាងជើងចាប់ខ្លួន​នោះ​ទេ។ឧត្តមនាវីឯក John Aquilino មេបញ្ជា​ការកងទ័ពសហរដ្ឋអាមេរិកនៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកបាននិយាយថាទាហាន​រូបនោះ​បាន​ធ្វើ​សកម្មភាព​ដោយ​ស្ម័គ្រ​ចិត្ត​ “រត់​ចេញ” ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ឧប្បត្តិហេតុ​នេះកំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​កងកម្លាំង​អាមេរិកនិង​កូរ៉េខាងត្បូង។

ប៉ុន្មាន​ម៉ោង​ក្រោយពី​ការ​ឃុំខ្លួន​ទាហានអាមេរិកនោះ កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ចំនួន​ពីរ​គ្រាប់​ទៅ​ក្នុង​សមុទ្រ​ក្បែរ​នោះ។ការបាញ់បង្ហោះកាំជ្រួចនេះបានកើតឡើងនៅពេលដែលភាពតានតឹងកើនឡើងខ្ពស់នៅលើឧបទ្វីបកូរ៉េ។ មិន​មាន​ការ​បញ្ជាក់​ថា ការ​បាញ់​បង្ហោះមីស៊ីលនេះ​ជាប់ទាក់ទងទៅ​នឹង​ការ​ឃុំ​ខ្លួន​ទាហាន​រូបនោះ​ទេ។

រហូតមកដល់ពេលនេះនៅ​មិន​ទាន់​មាន​ការបកស្រាយ​ពី​ខាង​ជើង​នៅ​ឡើយ​ទេ។មន្ទីរបញ្ចកោណអាមេរិកបានកំណត់អត្តសញ្ញាណទាហាននោះថាជា Private 2nd Class Travis King ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថាលោក Pte King បានចូលបម្រើកងទ័ពតាំងពីខែមករា ឆ្នាំ២០២១។

លោក King គឺជាទ័ពឯកទេសឈ្លបយកការណ៍។ដើមឡើយត្រូវបានចាត់តាំងឱ្យបម្រើការនៅកងពលរថពាសដែកទី១ របស់កងទ័ពប្តូរវេនអាមេរិកនៅកូរ៉េខាងត្បូង។សារព័ត៌មាន Associated Press រាយការណ៍ថាលោក Pte King ទំនងជាប្រឈមមុខនឹងវិធានការវិន័យ បន្ទាប់ពីត្រូវបានឃុំខ្លួននៅប្រទេសកូរ៉េខាងត្បូងពីបទចោទរំលោភបំពានវិន័យកងទ័ព ។

យោងតាម ​​CBS News ដែលជាដៃគូរបស់ BBC របស់សហរដ្ឋអាមេរិកផ្សាយថាលោក Pte King បានឆ្លងកាត់សន្តិសុខអាកាសយានដ្ឋានក្នុងទីក្រុងសេអ៊ូល និងធ្វើដំណើរទៅកាន់ព្រំដែន។យោធាអាមេរិកបាននិយាយថាគាត់បានធ្វើដូច្នេះ “ដោយចេតនា និងគ្មានការអនុញ្ញាត”។

សាក្សីម្នាក់បានប្រាប់ CBS ថាពួកគេបានទៅទស្សនាអគារមួយនៅទីតាំងព្រំដែន “បុរសម្នាក់នេះស្រែកសម្លេងខ្លាំងៗ “ហាហាហា” ហើយរត់ចូលចន្លោះអាគារ”។សាក្សីនិយាយ​ថា​៖ «​ដំបូង​ខ្ញុំ​គិត​ថា​វា​ជា​រឿង​កំប្លែង ប៉ុន្តែ​ពេល​គាត់​មិន​ត្រឡប់​មក​វិញ ខ្ញុំ​បាន​ដឹង​ថា​វា​មិន​មែន​ជា​ការ​លេងសើច​ទេ ហើយ​បន្ទាប់​មក​អ្នក​រាល់​គ្នា​បានឆោឡោ​»​។

ទីបញ្ជាការអង្គការសហប្រជាជាតិ ដែលប្រតិបត្តិការនៅតំបន់គ្មានយោធា និងតំបន់សន្តិសុខរួម (JSA) បាននិយាយថា ក្រុមរបស់ខ្លួនបានទាក់ទងជាមួយយោធាកូរ៉េខាងជើង ដើម្បីព្យាយាមចរចាការដោះលែងលោក Pte King ។មន្រ្តីរូបនេះបាននិយាយថា”យើងជឿថាបច្ចុប្បន្នគាត់កំពុងស្ថិតក្នុងការឃុំឃាំងរបស់កូរ៉េខាងជើង ហើយកំពុងធ្វើការជាមួយសមភាគីកងទ័ពប្រជាជនកូរ៉េ ដើម្បីដោះស្រាយឧប្បត្តិហេតុនេះ”។

លោក Greg Scarlatoiu នាយកប្រតិបត្តិនៃគណៈកម្មាធិការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុង Washington DC បានប្រាប់ BBC ថាអាជ្ញាធរកូរ៉េខាងជើងទំនងជា “ព្យាយាមទាញយកព័ត៌មានចេញពីគាត់” ហើយ “ព្យាយាមបង្ខិតបង្ខំគាត់ឱ្យក្លាយជា ឧបករណ៍ផ្សព្វផ្សាយ”។តំបន់គ្មានយោធា(DMZ) ខាន់ចែកកូរ៉េទាំងពីរ ហើយជាតំបន់មួយក្នុងចំណោមតំបន់អសន្តិសុខខ្លាំងបំផុតក្នុងពិភពលោក។នៅទីនោះ​ពោរពេញ​ទៅ​ដោយ​គ្រាប់​មីន ​របង​អគ្គិសនី និង​លួសបន្លាព័ទ្ធជុំវិញ​ និង​កាមេរ៉ា​សុវត្ថិភាពឃ្លាំមើល។ ឆ្មាំប្រដាប់អាវុធយាមកាមដោយប្រុងប្រយ័ត្ន២៤ ម៉ោង។ តំបន់DMZ បានបំបែកប្រទេសកូរ៉េទាំងពីរចាប់តាំងពីសង្គ្រាមកូរ៉េក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ដែលក្នុងនោះសហរដ្ឋអាមេរិកបានគាំទ្រកូរ៉េភាគខាងត្បូង។ មនុស្សរាប់សិបនាក់ព្យាយាមរត់គេចពីប្រទេសកូរ៉េខាងជើងជារៀងរាល់ឆ្នាំ ដោយភៀសខ្លួនពីភាពក្រីក្រ និងទុរ្ភិក្ស ប៉ុន្តែការរត់ចូលតំបន់ DMZ មានគ្រោះថ្នាក់ខ្លាំង និងកម្រណាស់។ ប្រទេសនេះបានបិទព្រំដែនរបស់ខ្លួននៅឆ្នាំ២០២០ នៅពេលមានជំងឺរាតត្បាត Covid-19 ហើយមិនទាន់បានបើកទ្វារឡើងវិញនៅឡើយទេ៕

Share

Image
Image
Image