en     km
en     km

ស្រ្តីមកពីវិស័យផ្សេងៗគ្នាលើកពីចំណុចខ្វះខាតនិងការកែលម្អការផ្ដល់សេវាសុខភាព

Share

ស្ត្រីធ្វើការក្នុងរោងចក្រកាត់ដេរ  ពលរដ្ឋមកពីជនបទ និងនិស្សិតសាកលវិទ្យាល័យ បានឡើងពីការវិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ដោយក្នុងនោះពួកគេសង្កេតឃើញចំណុចខ្វះខាតមួយចំនួនជុំវិញការផ្ដល់សេវាសុខភាពដល់ប្រជាពលរដ្ឋ ទាំងបញ្ហាបច្ចេកទេសព្យាបាល និងការផ្តល់សេវាកម្មពីបណ្ណ ប.ស.ស ឬបណ្ណសមធម៌។

លោក គីម ចាន់ចាវ រាយការណ៍

 

តាមរយៈកម្មវិធី«ឱកាសស្ត្រី» របស់វិទ្យុស្ត្រី នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក្រោមប្រធានបទ«តម្រូវការយុវជនចំពោះរដ្ឋាភិបាលអាណត្តិថ្មី» ស្រ្តីចំនួន ៣ រូបមកពីវិស័យផ្សេងគ្នា បានបង្ហាញពីទស្សនជារួមជុំវិញការអភិវឌ្ឍជាវឌ្ឍនភាពនៃវិស័យសុខាភិបាលនៅកម្ពុជា។ ក៏ប៉ុន្តែពួកគេបានមើលឃើញពីចំណុចខ្វះខាតផ្សេងៗគ្នា ដែលរដ្ឋាភិបាល ឬក្រសួងសុខាភិបាល គួរកែលម្អ។

អ្នកស្រីជា ស្រីតូច ពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺយល់ថា វិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើនច្រើន ទាំងកម្រិតគ្រូពេទ្យ ដែលត្រូវព្យាបាល និងចំនួនមន្ទីរពេទ្យ។ ប៉ុន្តែទោះយ៉ាងណា ការព្យាបាលជម្ងឺធ្ងន់ៗនៅមានកម្រិតនៅឡើយ ខណៈជម្ងឺប្រភេទធ្ងន់ធ្ងរកាន់តែកើនឡើង។

អ្នកស្រី ប៊ុន ច័ន្ទភក្តី កម្មការិនីរោងចក្រកាត់ដេរមួយនៅភ្នំពេញ បានលើកឡើងពីបញ្ហាអសកម្មមួយចំនួនជុំវិញប័ណ្ណក្រីក្រសម្រាប់ពលរដ្ឋដែលខ្វះលទ្ធភាព និងប័ណ្ណប.ស.ស សម្រាប់កម្មករនិយោជិត ដោយអ្នកស្រីយល់ឃើញថា នៅពេលពលរដ្ឋក្រីក្រ ឬកម្មករនិយោជិតយកទៅប្រើប្រាស់សម្រាប់ព្យាបាលជម្ងឺធ្ងន់ធ្ងរត្រូវបានគ្រូពេទ្យណែនាំឱ្យទិញថ្នាំខាងក្រៅដោយខ្លួនឯងនៅឡើយ។

ដោយឡែកបញ្ហាការប្រើប័ណ្ណ ប.ស.ស វិញ អ្នកស្រីជា ស្រីតូច សង្កេតឃើញពីការវិវត្តល្អប្រសើរចំពោះការផ្តល់សេវាសុខភាពចំពោះអ្នកប្រើប័ណ្ណ ប.ស.ស ដែលផ្ដល់ឱ្យសម្រាប់ការព្យាបាលកម្មករ-និយាជិតតាមរយៈការកាត់ភាគរយមួយផ្នែកតូចនៃប្រាក់ខែរបស់កម្មករ-និយោជិត។ ក៏ប៉ុន្តែ អ្នកស្រី នៅតែកត់សម្គាល់ឃើញថា ការប្រើប្រាស់ប័ណ្ណក្រីក្ររបស់ប្រជាពលរដ្ឋដែលខ្វះលទ្ធភាពនៅតែមានការរងនូវការរើសអើងនៅឡើយ។

រូបភាពតំណាង ប្រភពពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចំណែកកញ្ញា អ៊ឹម ស្រីណុច និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកត់សម្គាល់ថា គ្រឿងបរិក្ខា និងចំណេះជំនាញរបស់គ្រូពេទ្យនៅមានកម្រិតនៅឡើយ។ និស្សិតស្រីរូបនេះ ដាក់ការសង្ស័យថាប្រហែលជាមកពីមូលហេតុនេះហើយ ដែលធ្វើឱ្យអ្នកមានលទ្ធភាពមួយចំនួនងាកទៅរកសេវាពិនិត្យនិងព្យាបាលជម្ងឺនៅក្រៅប្រទេស។

ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ ប្រទេសកម្ពុជាបានចាត់វិធានការ និងយុទ្ធសាស្ត្រសំខាន់ៗឆ្ពោះទៅការកែលំអប្រព័ន្ធសុខាភិបាល និងគោលនយោបាយរបស់ខ្លួន ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ បើតាមអង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយកាលពីចុងឆ្នាំ២០២០ទោះបីជាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក៏ដោយ ស្ថានភាពសុខភាពទូទៅរបស់ប្រជាជនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ភាពខុសគ្នា និងបញ្ហាប្រឈមនានានៅតែមាន។ ជាការឆ្លើយតបប្រទេសកម្ពុជា កំពុងអនុវត្តគោលនយោបាយសុខាភិបាលថ្មី ដើម្បីកែលម្អការផ្តល់សេវា។ ហិរញ្ញប្បទានសុខភាពបានឆ្លងកាត់ការផ្លាស់ប្តូរតួនាទីរបស់ខ្លួនយ៉ាងសំខាន់ ក្នុងការកែលំអការផ្តល់សេវាថែទាំសុខភាពនៅកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image