en     km
en     km

រដ្ឋបាលខេត្តបាត់ដំបងបំភ្លឺរឿងវិវាទដីធ្លី ករណីRFAចោទថាពលរដ្ឋខកចិត្តនឹងតំណាងរាស្ដ្ររបស់ខ្លួនមិនខ្វល់ខ្វាយ

Share

រដ្ឋបាលខេត្តបាត់ដំបងបានចេញការស្រាយបំភ្លឺមួយ ទាក់ទងដល់វិវាទដីធ្លី ដែលវិទ្យុអាស៊ីសេរី (RFA) បានផ្សាយដោយដាក់ចំណងជើងថា ពលរដ្ឋខេត្តបាត់ដំបង ខកចិត្តនឹងតំណាងរាស្ដ្រមណ្ឌលរបស់ខ្លួន ដែលមិនខ្វាយខ្វល់ពីសំណើរដោះស្រាយវីវាទដីធ្លី។ ករណីនេះ រដ្ឋបាលខេត្តថា និងព្យាយាមសម្រុះសម្រួលបន្ដទៀត។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

វិទ្យុអាស៊ីសេរីបានចេញផ្សាយពីវិវាទដីធ្លីនៅខេត្តបាត់ដំបងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា ប្រជាពលរដ្ឋ៦៨គ្រួសារបានស្នើកិច្ចអន្តរាគមន៍ពីតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ឱ្យជួយរឿងផ្លូវចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ តាំងពីដើមឆ្នាំ២០២៣ តែជាងកន្លះឆ្នាំមកហើយ គ្មានតំណាងរាស្ដ្រណាម្នាក់ជួយរកដំណោះស្រាយនោះទេ។

រឿងផ្លូវចូលលំនៅដ្ឋាននេះ កើតឡើងនៅភូមិកំប្រង់ ឃុំតាក្រី ស្រុងកំរៀង ខេត្តបាត់ដំបង។ មុនពេលប្រជាពលរដ្ឋទាំង៦៨គ្រួសារត្រូវបានគេបិទផ្លូវចេញចូលផ្ទះរបស់ខ្លួន គឺពលរដ្ឋមានផ្លូវ១៥ម៉ែត្រសម្រាប់ចេញចូលទៅដីខាងក្រោយ តែក្រោយមកដីនោះត្រូវបានលក់ទៅឱ្យ​ទីប្រឹក្សា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ ផ្លូវនោះក៏បានបិទ មិនឱ្យប្រជាពលរដ្ឋចេញចូលទៀតនោះទេ។

ទីប្រឹក្សា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទមានឈ្មោះថា តួ ធានទឺ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តបាត់ដំបង ដោយបន្ដថា ករណីទំនាស់ដីធ្លីនេះ គឺរវាងលោក តួ ធានទឺ មានដីជាប់ផ្លូវធំ និងលោក ជុន ធី ដែលជាតំណាងប្រជាពលរដ្ឋទាំង៦៨គ្រួសារ។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ រដ្ឋបាលបាលខេត្តបាត់ដំបងបានពន្យល់ថា លោក ជុន ធី ដែលជាម្ចាស់ដីស្ថិតនៅខាងក្រោយដីលោក តួ ធានទឺ បានពុះឡូតិ៍លក់មួយចំនួន មួយចំនួនទៀតបានបែងចែកឱ្យប្រជាពលរដ្ឋរស់នៅដោយឱ្យចាក់ដីបំពេញដោយខ្លួនឯង និងរក្សាដីទុកខ្លួនឯងមួយផ្នែកធំជាកម្មសិទ្ធិឯកជន និងបានសុំដីលោកស្រី ប៉ែន សុវណ្ណារ៉ា ទំហំ៨ម៉ែត្រ បណ្ដោយ៤០ម៉ែត្រធ្វើជាផ្លូវដើរឆ្លងកាត់បណ្ដោះអាស្នន។

តែក្រោយមកលោកស្រី ប៉ែន សុវណ្ណារ៉ា បានលក់ដីនោះឱ្យទៅលោក តួ ធានទឺ ដែរ លោកក៏បានបិទផ្លូវលែងឱ្យប្រើប្រាស់តែម្ដង ទើបប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារដែលទទួលបានដីពីលោក ជុន ធី ស្នើសុំបន្ដឱ្យបើកផ្លូវដើម្បីប្រើប្រាស់វិញ។

រដ្ឋបាលខេត្តបានឱ្យដឹងថា ក្រុមការងារបានចុះទៅពិនិត្យទីតាំងផ្ទះ ឃើញមានផ្ទះប្រជាពលរដ្ឋចំនួនជាង១០ខ្នងផ្ទះ និងមានតែ៤ផ្ទះប៉ុណ្ណោះដែលសាងសង់សមប្រកបដែលអាចរស់នៅបាន ចំណែកផ្ទះផ្សេងទៀតមិនមានស្ថានភាពមនុស្សរស់នៅទេ។ យ៉ាងណា រដ្ឋបាលខេត្តថា បានចុះសម្របសម្រួលវិវាទនេះហើយ ដោយលោក តួ ធានទឹ បានយល់ព្រមដោះដូរដីប្រជាពលរដ្ឋដែលនៅពីក្រោយ ឱ្យមកនៅខាងមុខ និងរក្សាទំហំដីដដែល ព្រមទាំងចេញថ្លៃរុះរើផ្ទះ និងសាងសង់ឱ្យដូចដើមវិញ តែមិនដោះដូរដីឱ្យលោក ជុន ធី ទេ។

ផ្អែកតាមរដ្ឋបាលខេត្តដដែល​អះអាងថា ដីដែលទីប្រឹក្សា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទដោះដូរឱ្យប្រជាពលរដ្ឋមានសភាពប្រសើរជាងដីដែលនៅខាងក្រោយដីរបស់លោកទៀតផង ។ ប្រជាពលរដ្ឋបានយល់ព្រមទទួលយក តែដោយសារពួកគាត់បានធ្លាប់ទទួលដីពីលោក ជុន ធី ទើបស្នើឱ្យដោះដូរជូនលោក ជុន ធី ដែរ។ ការស្នើសុំដោះដូររបស់ប្រជាពលរដ្ឋមិនត្រូវបាន លោក តួ ធានទឺ យល់ព្រមនោះទេ ដោយសារជម្លោះរបស់លោកទាំងពីរមានសភាពជ្រាលជ្រៅ។

បែបនេះក្ដីរដ្ឋបាលខេត្តបាត់ដំបងរំលេចថា នឹងខិតខំសម្រុះសម្រួលបន្ដទៀត ដើម្បីឈានទៅរកការព្រមព្រៀងគ្នា៕

Share

ព័ត៌មានទាក់ទង

Image