ដុំសាច់ក្នុងស្បូនបានកើតលើស្ត្រីប្រហែល ៤០% ទៅ ៨០% ឯណ្ណោះ។ ចំពោះកត្តាហានិភ័យនៃដុំសាច់ក្នុងស្បូននេះមានដូចជា ចំពោះស្រ្តីដែលលើសទម្ងន់ ស្រ្តីដែលមិនធ្លាប់មានកូន និងមានគ្រួសារធ្លាប់មានប្រវត្តិនៃជំងឺនេះ ដែលអាចបង្កើនឱកាសខ្ពស់ដល់ស្រ្តីក្នុងការកើតជំងឺដុំសាច់ក្នុងស្បូននេះ។ លើសពីនេះ ការថយចុះកម្រិតអរម៉ូនរបស់ស្រ្តីអំឡុងពេលអស់រដូវ ក៏អាចបង្កើនហានិភ័យនៃជំងឺដុំសាច់ក្នុងស្បូនបានផងដែរ។
បន្ថែមពីនេះផងដែរ ស្រ្តីដែលមានដុំសាច់ក្នុងស្បូនអាចមានដុំមួយ ឬច្រើន ឬនឹងអាចដុះជាចង្កោមទៀតផង។ ទំហំរបស់ដុំសាច់អាចប្រែប្រួលយ៉ាងខ្លាំង និងអាចមានទំហំតូច ប្រហែលពីរមីលីម៉ែត្រដែលមានទំហំប៉ុនគ្រប់សណ្តែក។ ចំណែកឯដុំសាច់ដែលមានទំហំធំជាងនេះ អាចមានទំហំប៉ុនផ្លែក្រូច។ រីឯក្នុងស្ថានភាពដ៏កម្រ ដុំសាច់ក្នុងស្បូនអាចមានទំហំជាង ១០ សង់ទីម៉ែត្រ ដែលមានទំហំប៉ុនផ្លែឪឡឹកឯណ្ណោះ។ ហើយដុំសាច់ក្នុងស្បូននេះដែលបានរីកធំនោះ នឹងបណ្តាលឱ្យប៉ោងពោះឬមានហើមពោះផងដែរ។ នេះបើយោងតាមការលើកឡើងរបស់គេហទំព័រគ្លីនិក Cleveland របស់សហរដ្ធអាមេរិក។
រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិក Cleveland នៅសហរដ្ធអាមេរិក
តើស្រ្តីអាចកើនទម្ងន់ប៉ុន្មានពីដុំសាច់ក្នុងស្បូននេះ?
តាមគេហទំព័រគ្លីនិក Cleveland ដដែលបានបង្ហាញថា ដុំសាច់ក្នុងស្បូននេះ ជាធម្មតាមិនបណ្តាលឱ្យឡើងទម្ងន់នោះទេ ព្រោះដុំសាច់តូចៗទាំងនោះ ប្រហែលពីរទៅបីក្រាមប៉ុនណ្ណោះ ប៉ុន្តែក្នុងករណីកម្រ ដុំសាច់ធំអាចមានទម្ងន់ប្រហែល ១ ទៅ ២ គីឡូក្រាម (៤ ឬ ៥ ផោន) ។
បន្ថែមពីនេះ ចំណុចដែលជាមូលហេតុដែលបណ្តាលឱ្យឡើងទម្ងន់នោះគឺ ម៉ាស់ និងទំហំនៃដុំសាច់ក្នុងស្បូននោះ។ ដុំសាច់ក្នុងស្បូន មិនអាចបង្កឱ្យមានការផ្លាស់ប្ដូរប្រព័ន្ធមេតាបូលីស ឬប្រព័ន្ធផ្សេងទៀតដែលនាំឱ្យឡើងទម្ងន់ពិតប្រាកដនោះទេ។
យ៉ាងណាមិញ ចំពោះរោគសញ្ញាទូទៅនៃដុំសាច់ក្នុងស្បូនដែលមានទំហំតូចប្រហែលជាមិនបង្កជារោគសញ្ញាអ្វីទេ ប៉ុន្តែបើដុំសាច់នោះមានទំហំធំ នឹងបង្ករោគសញ្ញាមួយចំនួនដូចជា៖ ស្រ្តីមានអាការៈហូរឈាមខ្លាំងនិងឈឺចាប់អំឡុងពេលមករដូវ មានឈឺអាងត្រគាក មិនស្រួល មានសម្ពាធ ហើមពោះ និងអស់កម្លាំង។ បន្ថែមពីនេះ ស្រ្តីក៏អាចមានអាការៈឈឺចាប់អំឡុងពេលរួមភេទ នោមញឹក និងទល់លាមកផងដែរ។
តើដុំសាច់ក្នុងស្បូនអាចធ្វើឱ្យពោះរបស់ស្រ្តីប៉ោងដែរឬទេ?
ប្រសិនដុំសាច់ក្នុងស្បូនធំ ឬដុំសាច់ជាចង្កោមធំ នោះនឹងអាចបង្កើនទំហំស្បូនរបស់ស្រ្តីបាន។ ហើយស្រ្តីអាចជួបប្រទះនឹងការប៉ោងពោះ និងអាចមានអារម្មណ៍ហើមពោះជាដើម។ មួយវិញទៀត ស្រ្តីក៏អាចមើលទៅហាក់ដូចជាអ្នកមានផ្ទៃពោះ ផងដែរ។
ដោយឡែកយោងតាមគ្លីនិក Cleveland ដដែលបានបង្ហាញថា មានជម្រើសព្យាបាលជាច្រើនសម្រាប់ដុំសាច់ក្នុងស្បូននេះ ដែលរួមមានការវះកាត់ ប៉ុន្តែក៏អាស្រ័យលើទំហំ ទីតាំង និងចំនួននៃដុំសាច់ជាដើម។ ហើយស្រ្តីក៏អាច ច្រើប្រាស់ថ្នាំមួយចំនួន សម្រាប់បំបាត់ការឈឺចាប់ និងថ្នាំសម្រាប់គ្រប់គ្រងការហូរឈាមខ្លាំង ជាពិសេសស្រ្តីក៏អាចប្រើថ្នាំដែលអាចជួយបង្រួមដុំសាច់ក្នុងស្បូនផងដែរ៕