ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការមើលមិនសូវច្បាស់ អាចបណ្តាលមកពីដុំសាច់ខួរក្បាល! ដោយអត្ថបទនេះដកស្រង់ពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ!
ជំងឺដុំសាច់ក្នុងខួរក្បាលមានច្រើនប្រភេទ។ ដោយឡែកក្នុងអត្ថបទនេះយើងនឹងលើកយកបញ្ហាដុំសាច់ក្នុងក្រពេញអ៊ីប៉ូហ្វី (Adénome Hypophyaire)ដែលជាភ្នាក់ងារបង្កឱ្យភ្នែកមើលមិនសូវច្បាស់។ តែមុននឹងឈានទៅយល់ពីដុំសាច់ក្នុងអ៊ីប៉ូហ្វី (Adénome Hypophyaire) យើងមកដឹងពីក្រពេញអ៊ីប៉ូហ្វីជាមុនសិន។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
តើអ្វីជាក្រពេញអ៊ីប៉ូហ្វី?
បើយោងតាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា ក្រពេញអ៊ីប៉ូហ្វី ជាក្រពេញដែលមានទំហំពី ៧ ទៅ ១០ មីលីម៉ែត្រ និងមានទម្ងន់ប្រហែល 0,៥ ក្រាម ដែលក្រពេញនេះគឺស្ថិតនៅបាតខួរក្បាល។ ក្រពេញ អ៊ីប៉ូហ្វី មានមុខងារបញ្ចេញនូវអរម៉ូនជាច្រើនដើម្បីគ្រប់គ្រងដំណើរការរីកលូតលាស់របស់មនុស្ស។
ដ្បិតតែក្រពេញ អ៊ីប៉ូហ្វី មានតួនាទីល្អសម្រាប់រាងកាយ តែបើសិនជាក្រពេញ អ៊ីប៉ូហ្វី មានបញ្ហាដុះដុំសាច់នោះវានឹងបង្កផលវិបាកដល់សុខភាពរបស់យើងវិញ។
រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត
តើដុំក្រពេញអ៊ីប៉ូហ្វីជាអ្វី? (Adénome Hypophyaire)?
ដុំក្រពេញអ៊ីប៉ូហ្វីគឺជាដុំសាច់ស្លូតដែលកើតទ្បើងពីក្រពេញអ៊ីប៉ូហ្វី។ ដុំក្រពេញអ៊ីប៉ូហ្វីចែកចេញជា ២ ប្រភេទដូចជា៖
ប្រភេទទី១ ដុំនេះនឹងបញ្ចេញអរម៉ូនដែលបង្កផលប៉ះពាល់ដល់សរីរាង្គរបស់មនុស្ស។ ដុំក្រពេញអ៊ីប៉ូហ្វីនេះ បញ្ចេញអរម៉ូន ៣ ប្រភេទដូចជា អរម៉ូនប្រឡាក់ទីន(prolactin) អរម៉ូន ACTH (Adrenocorticotropic hormone) និងចុងក្រោយគឺ អរម៉ូនលូតលាស់(growth hormone)។
កាលណាដុំនេះបញ្ចេញអរម៉ូនប្រឡាក់ទីនច្រើន នឹងអាចបណ្តាលឱ្យស្រ្តីមានអាការៈហូរទឹកដោះខុសប្រក្រតី។ ចំណែកឯបុរស អាចមានបញ្ហាឡើងសុដន់ និងមានការចេញទឹកដោះផងដែរ។ ចំណែកឯអរម៉ូនប្រភេទទី២គឺ អរម៉ូន ACTH ជាភ្នាក់ងារបង្កឱ្យអ្នកជំងឺអាចមានលើសសម្ពាធឈាមខុសប្រក្រតី និងបណ្តាលឱ្យមានជំងឺទឹកនោមផ្អែមផងដែរ។ និងប្រភេទចុងក្រោយ គឺអរម៉ូនលូតលាស់ ដែលអាចបណ្តាលឱ្យសរីរាង្គរីកលូតលាស់ធំខុសប្រក្រតីដូចជា អណ្តាតធំ ចង្កាធំ លូតកំពស់លឿន និងឡើងទម្ងន់លឿងជាដើម។
រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត
យ៉ាងណាមិញ លក្ខណៈដុំក្រពេញអ៊ីប៉ូហ្វីទី ២ គឺវាមិនបញ្ចេញអរម៉ូនដូចប្រភេទទី១នោះទេ។ តែប្រភេទទី២នេះ នឹងរីកលូតលាស់កាន់តែធំ និងសង្កត់លើសរសៃប្រសាទដែលនៅជិតនឹងដុំនោះ។ អាការៈបែបនេះនឹងបណ្តាលឱ្យប៉ះពាល់លើសរសៃភ្នែក ប៉ះពាល់ដល់កម្រិតមើលឃើញច្បាស់របស់ភ្នែក និងការបញ្ជារចលនាភ្នែកផងដែរ។
ចំពោះរោគសញ្ញានៃអ្នកដែលមានបញ្ហាដុំក្រពេញអ៊ីប៉ូហ្វីនេះនឹងមានអាការៈដូចជា៖ ហូរទឹកដោះ ឈឺក្បាល និងសរីរាង្គរីកលូតលាស់ធំខុសប្រក្រតី ។ ចំពោះបុរសវិញ បញ្ហានេះអាចបង្កឱ្យអសមត្ថភាពផ្លូវភេទផងដែរ។
រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត
តាមមន្ទីរពេទ្យកាលម៉ែត ជំងឺនេះមិនមានមូលហេតុពិតប្រាកដនោះទេ ហើយចំពោះការព្យាបាលវិញ អ្នកជំងឺអាចមានឱកាសជាសះស្បើយវិញ ដោយអាស្រ័យលើប្រភេទដុំសាច់ ទំហំ និងអាស្រ័យទៅលើការព្យាបាលទាន់ពេលវេលា។
ដោយឡែកចំពោះវិធីសាស្រ្តព្យាបាល មន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា អាចប្រើវិធីវះកាត់និងការប្រើថ្នាំ។
រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត
ជាចុងក្រោយ មន្ទីពេទ្យកាល់ម៉ែតក៏បានបញ្ជាក់ផងដែរថា មន្ទីរពេទ្យកាល់ម៉ែតមានក្រុមគ្រូពេទ្យជំនាញវះកាត់ខួរក្បាល និងមានបច្ចេកទេសថ្មីគឺ “ការវះកាត់ដុំអីប៉ូហ្វី ចូលតាមច្រមុះដោយអង់ដូស្កូប” ដែលជាវិធីសាស្ត្រនៃការព្យាបាលដែលកំពុងតែអនុវត្តនៅលើសកលលោក ហើយជាបច្ចេកទេសដែលទំនើបចុងក្រោយ និងមានប្រសិទ្ធភាពខ្ពស់៕