ឪពុករបស់លោក សុខ ជៃ សកម្មជនដីធ្លីខេត្តកោះកុងម្នាក់ បានទទួលមរណភាពនាព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ ខណៈលោក សុខ ជៃ ដែលជាអ្នកធ្លាប់មើលថែឪពុកនោះ ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ដាក់ពន្ធនាគារកាលពីពេលថ្មីៗនេះ។ ភរិយា លោក សុខ ជៃ អំពាវនាវដល់ អាជ្ញាធរដោះលែងស្វាមី អ្នកស្រី ខណៈដែលគ្រួសារជួបនូវស្ថានភាពលំបាកនេះ។ លោក គីម ចាន់ចាវ រាយការណ៍
ឪពុកលោក សុខ ជៃ បានទទួលមរណៈភាព នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ ខណៈពេលដែលលោក សុខ ជៃ ដែលជាកូនប្រុសតែម្នាក់កំពុងជាប់ពន្ធនាគារនៅឡើយ។ លោក សុខ ជៃ ជាមនុស្សម្នាក់ក្នុងចំណោមពលរដ្ឋទាំង៩នាក់ ដែលត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន និងបានបញ្ជូនទៅដាក់ពន្ធនាគារនៅខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែមិថុនា ពេលដែលលោកនិងសកម្មជនដីធ្លីដទៃទៀត ធ្វើដំណើរឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ទម្លាក់ចោលបទចោទប្រកាន់ លើសកម្មជនដីធ្លីចំនួន៣០នាក់។
អ្នកស្រី ប៉ែន ខា ភរិយា របស់លោក សុខ ជៃ ដែលទទួលបន្ទុកមើលថែឪពុកក្មេក និងកូនៗ បានឱ្យដឹងថា ឪពុកក្មេក តែងសួររកកូនប្រុស គឺលោក សុខ ជៃ ចាប់តាំងពីពេលអាជ្ញាធរចាប់ខ្លួន។ ក្រោយមកឪពុកក្មេកក៏មិនបានពិសារអាហារបណ្ដាលឱ្យសុខភាពទ្រុឌទ្រោមរហូតមកទល់ពេលទទួលមរណភាពនេះ។
«គាត់សួររក គាត់យំស្រែកហៅរហូត គាត់ដាបប៉ុន្មានថ្ងៃហ្នឹង គាត់អត់និយាយអត់អីទាំងអស់ មុនដំបូងគាត់ចេះតែរក ដល់ពេលយូរៗទៅ គាត់អត់ៗរកអត់អីគាត់ដេកនៅកន្ទេលអត់បាយ៣-៤ថ្ងៃ ក៏នេះបណ្ដោយ គាត់ស្លាប់បណ្ដោយ»
បើទោះជាមិនមានវត្តមានលោក សុខ ជៃ ប៉ុន្តែពិធីបុណ្យសពកំពុងធ្វើឡើងនៅផ្ទះរបស់លោក សុខ ជៃ ស្ថិតនៅភូមិតានី ឃុំស៊ីថរលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមជួយរៀបចំពីអ្នកភូមិ និងប្រជាសហគមន៍។
លោក ហង់ វាសនា កូនប្រុសអ្នកស្រី ផាវ ញ៉ើង ដែលកំពុងជាប់ពន្ធនាគារក្នុងករណីជាមួយលោក សុខ ជៃ ដែរនោះ បានឱ្យដឹងថា ឪពុកលោក សុខ ជ័យ មានការព្រួយបារម្ភពីកូន ព្រោះត្រូវជាប់ចោទដាក់ពន្ឋនាគារយ៉ាងអយុត្តិធម៌។ គាត់ធ្លាក់ខ្លួនឈឺធ្ងន់ និងមិនសូវហូបបាយទឹកចាប់ពីពេលអាជ្ញាធរចាប់ខ្លួនលោក សុខ ជៃ និងសហគមន៍ផ្សេងទៀត សរុប៩នាក់ ក្នុងនោះមានម្តាយរបស់លោកនិងប្អូនតូចម្នាក់ផងដែរ។ លោកយល់ថា រូបភាពបែបនេះពិតជាអណោចអធ័មខ្លាំងណាស់ ព្រោះការដែលកូនប្រុសជាទីស្រលាញ់បែរជាមិនអាចបាននិយាយពាក្យលា និងសូម្បីតែមុខឪពុកក៏មិនបានឃើញជាលើកចុងក្រោយដែរ។
ភរិយាលោក សុខ ជៃ អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសតុលាការខេត្តកោះកុង ដោះលែងស្វាមីអ្នកស្រី ត្បិតអ្នកស្រីអះអាងថាស្វាមីរបស់ខ្លួនមិនមានកំហុសអ្វីឡើយគ្រាន់តែទាមទារការដីធ្លីរបស់ខ្លួនតែប៉ុណ្ណោះ។ អ្នកស្រីថា ស្វាមីរបស់អ្នកស្រីគឺជាជំហរចម្បងរបស់គ្រួសារ ដែលត្រូវធ្វើការរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពសម្រាប់កូនៗ និងគ្រួសារ។
«ខ្ញុំអំពាវនាវថាឱ្យតុលាការខេត្តកោះកុង កុំដាក់ការចោទប្រកាន់លើប្ដីខ្ញុំ ហើយឆាប់បានដោះលែងវិញ។ ខ្ញុំពិបាកណាស់ ហើយខ្ញុំអំពាវនាវឱ្យ រកយុត្តិធម៌ឱ្យគាត់ផងព្រោះគាត់អត់មានកំហុសអីផង គ្រាន់តែទាមទារដីក៏គេចាប់ដាក់ពន្ធនាគារដែរ។ ហើយខ្ញុំពិបាកណាស់ នៅរាល់ថ្ងៃនេះ កូនរៀនផងអីផង បើអត់ពីគាត់ទៅខ្ញុំមិនដឹងរកអីបានទេ»។
លោក សុខ ជៃ សកម្មជនដីធ្លី ខេត្តកោះកុង
កាលពីថ្ងៃទី២៩ ខែមិថុនា តំណាងសហគមន៍ដីធ្លី ខេត្តកោះកុង ជាច្រើននាក់ បាននាំគ្នាធ្វើដំណើរពីខេត្តកោះកុងឡើងមករាជធានី ភ្នំពេញ ដើម្បីដាក់ញត្តិ សុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ឱ្យទម្លាក់ចោលបទចោទប្រកាន់ លើសកម្មជនដីធ្លីចំនួន៣០នាក់ ដែលតុលាការបានចោទប្រកាន់ ពីបទ ផ្សេងៗកាលពីកន្លងទៅ។ នៅពេលប្រជាសហគមន៍ធ្វើដំណើរដល់ត្រង់ចំណុចបុស្តិ៍ អូរជ្រៅ ភូមិអូរជ្រៅ ស្រុកស្រែ អំបិល ខេត្តកោះកុង អាជ្ញាធរបានឃាត់រថយន្តមិនឱ្យធ្វើ ដំណើរមក ភ្នំពេញបន្តទៀត រួចក៏មានការឃាត់ខ្លួនបញ្ជូនទៅស្នងការ នគរបាល ខេត្តកោះកុង និង បញ្ជូនទៅតុលាការរហូតដល់ចោទប្រកាន់ មនុស្ស ចំនួន៩ នាក់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»៕