en     km
en     km

កម្ពុជាមិនទាន់ចរាចរលុយចិនក្នុងទីផ្សារតែអនុញ្ញាតបំប្លែងប្រាក់យ័នចិនមកជាប្រាក់រៀលចាយតាមរយៈ QR Code

Share

ប្រជាពលរដ្ឋមួយចំនួនដាក់ការព្រួយបារម្ភថា អាចមានចរាចរលុយយ័នចិនលើទីផ្សារកម្ពុជា ក្រោយធនាគារជាតិចុះMOUជាមួយក្រុមហ៊ុន UnionPay Internationalចិន។ តែយ៉ាងណាករណីនេះ ត្រូវបានអគ្គទេសាភិបាលរងនៃធនាគារជាតិអះអាងថា MOU នេះ មិនមានការចរាចរលុយចិនដូចលុយដុល្លារអាមេរិកលើទីផ្សារកម្ពុជាឡើយ។ ទន្ទឹមគ្នានេះ អ្នកវិភាគសេដ្ឋកិច្ចយល់ថា ប្រតិបត្តិការនេះមិននាំឱ្យមានផលប៉ះពាល់អ្វីនោះទេ តែការទូទាត់ជាលក្ខណៈអនឡាញបែបនេះធ្វើឱ្យ ធនាគារជាតិអាចគ្រប់គ្រងការចរាចរទឹកប្រាក់បានថែមទៀត។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោកស្រី ជា សិរី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ថា ការចុះអនុស្សណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន UnionPay International កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ពុំមែនមានន័យថា យកលុយចិនមកចរាចរលើទីផ្សារកម្ពុជាដូចលុយដុល្លារអាមេរិកនោះទេ។
លោកស្រីអគ្គទេសាភិបាលរង មានឋានៈស្មើរដ្ឋមន្ដ្រីរូបនេះអះអាងថា ការចុះអនុស្សណៈនៃការយោគយល់គ្នានេះ ដើម្បីលើកកម្ពស់ការទូទាត់ប្រាក់រៀល បង្កើនចំណូលអាជីវករជាប្រាក់រៀល និងបង្កើនប្រាក់សន្សំជាប្រាក់រៀល តាមរយៈការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR នៃប្រព័ន្ធបាគងជាមួយបណ្តាញ QR Code របស់ក្រុមហ៊ុន UnionPay International (UPI) ។

ការបកស្រាយរបស់លោកស្រី ជា សិរី នេះដែរ ក្រោយពេលពលរដ្ឋមួយចំនួនមានការព្រួយបារម្ភថា ការចុះ MOU ខាងលើជាមធ្យោបាយមួយបើកផ្លូវឱ្យមានការចរាចរលុយយ័នរបស់ចិនជាក្រដាសប្រាក់នៅលើទីផ្សារកម្ពុជា ខណៈលុយដុល្លារបានហូរចូលគ្រប់ច្រកល្ហកក្នុងប្រទេសកម្ពុជាទៅហើយនោះ។ តែយ៉ាងណាលោកស្រីថា ចំពោះការទូទាត់ប្រាក់នេះ ជាការទូទាត់ប្រាក់តាមរយៈQR Code និងអាចទូទាត់បានតែប្រាក់រៀលប៉ុណ្ណោះ។

លោកស្រីបញ្ជាក់ថា ពលរដ្ឋខ្មែរដែលទៅលេងប្រទេសចិនក៏អាចទូទាត់ប្រាក់តាម QR Code បានដែរ តែទាល់តែមានគណនីជាលុយរៀល ទើបអាចចាយតាមប្រព័ន្ធបាគង ឬ KHQR Code នៅចិនបាន ដោយមានការប្តូរប្រាក់ពីលុយរៀលទៅជាលុយយ័នដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធធនាគារ។ ចំពោះពលរដ្ឋ ឬទេសចរចិនមកខ្មែរវិញ អាជីវករគឺត្រូវតែមាន QR Code ជាលុយរៀល ទើបពលរដ្ឋចិនអាចទូទាត់ថ្លៃទំនិញសេវាពីលុយយ័នមកជាលុយរៀលបាន។
ជុំវិញរឿងនេះលោក គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា អនុស្សនៈយោគយល់គ្នានេះ នឹងនាំមកផលចំណេញច្រើនមកដល់កម្ពុជា និងមិនមានផលប៉ះពាល់ណាមួយនោះទេ ដោយសារប្រតិបត្តិការជាលក្ខណៈអនឡាញធនាគារជាតិអាចគ្រប់គ្រងលំហូរការចរាចរសាច់ប្រាក់បាន។

ធនាគារជាតិនៃកម្ពុជា តែងតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាក់រៀល ដើម្បីបង្ការហានិភ័យនៃអត្រាប្ដូរប្រាក់។ ជាមួយគ្នា ធនាគារជាតិមិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសដទៃ សូម្បីតែប្រាក់ដុល្លារក្នុងប្រទេសកម្ពុជាឡើយ គឺធនាគារជាតិ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើង។ នេះបើតាមការលើកឡើងរបស់លោកស្រីអគ្គទេសាភិបាលរងដដែល៕

Share

Image
Image
Image