en     km
en     km

លោក ថេង សាវឿន៖សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបើកដំណើរការវិញក្រោយជួបនាយករដ្ឋមន្រ្តី

Share

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) បន្ដសកម្មភាពជាបណ្ដោះអាសន្នឡើងវិញ បន្ទាប់ពីស្ថាប័នមួយនេះត្រូវបានបិទព្រោះមានជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍កសិករ។
(កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍)

លោក ថេង សាវឿន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកភ្លាមបន្ទាប់ពីក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) បន្ដសកម្មភាពជាបណ្ដោះអាសន្នឡើងវិញ ដោយលោកបញ្ជាក់ថា ការអាចបន្តសកម្មភាពនេះ បន្ទាប់ពីលោកនិងសហការីពីនាក់ទៀតបានទៅជួបសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

លោកបញ្ជាប់ថា ជំនួបរវាងក្រុមការងារលោកនិងនាយករដ្ឋមន្រ្តីនៅគ្រានោះ គឺបានជជែកគ្នាដោយបង្ហាញការពិត ការទទួលខុសត្រូវ តម្លាភាព ដែលមានចែងក្នុងគុណតម្លៃការងារនៃសមាគម។ បន្ថែមពីនេះក្នុងជំនួបនោះលោក ថេង សាវឿន បានរាយការណ៍ទៅកាន់ប្រមុខរាជរដ្ឋាភិបាល ខណ:លោកអះអាងថា សមាគមមិនពាក់ព័ន្ធនយោបាយ ឬរបៀបវារ:នៃការងាររបស់ខ្លួនដែលមានអាថកំបាំងនោះឡើយ។ ពោលគឺគ្មានអ្វីក្រៅតែពីបំពេញការងារស្របតាមបេសកម្ម ទស្សនវិស័យ គុណតម្លៃ និងគោលបំណងដែលមានចែងក្នុងលក្ខន្តិក:សមាគមដែលត្រូវបានតម្គល់នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)  រូបភាព៖ ហ្វេសប៊ុកលោក ថេង សាវឿន

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលធ្លាប់ត្រូវបានចាប់ខ្លួនចំនួនពីរលើកនេះ បានបញ្ជាក់មូលហេតុនៃការបើកសកាគមជាបណ្តុះអាសន្ន តែនីតិវិធីនៃការលើកលែងការចោទប្រកាន់លើរូបលោក និងសហការី២នាក់ផ្សេងទៀតត្រូវការពេលវេលា ដូចច្នេះការចេញលិខិតឲ្យដំណើរបណ្ដោះអាសន្នសមាគមគឺជាកត្តាចំបាច់ដើម្បីធានាថាដំណើរសមាគមដែលជាតម្រូវការចំបាច់។

សូមបញ្ជាក់ថា សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលមានអាសយដ្ឋានទីស្នាក់ការកណ្ដាលនៅ ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្តសកម្មភាពឡើងវិញជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ។

សូមរំលឹកថា សមត្ថកិច្ចឃាត់ខ្លួនថ្នាក់ដឹកនាំនិងបុគ្គលិក សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)ចំនួន១៧នាក់នៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣។ បន្ទាប់មកសមត្ថកិច្ចបានដោះលែងអ្នកផ្សេងទៀតចំនួន១៤នាក់ ប៉ុន្តែបន្តឃុំខ្លួនលោក ថេង សាវឿន ប្រធានសមាគម លោក ញិលភាព បុគ្គលិកជាន់ខ្ពស់ និងលោក ថាន់ ហាច បុគ្គលិកគម្រោង។ ការចោទប្រកាន់នេះ បន្ទាប់ពីសមត្ថកិច្ចរកឃើញភស្តុតាងកុំព្យូទ័រចំនួន១២គ្រឿង និងទូរស័ព្ទចំនួន១២គ្រឿងដែលមានឯកសារពាក់ព័ន្ធនឹងបទល្មើស។

បន្ទាប់មកសាលាដំបូងខេត្តរតនគិរីបានសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូបពីបទញុះញង់ និងរួមគំនិតក្បត់ដែលប្រឈមនឹងជាប់ពន្ធនាគារហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនទៀត។
អ្នកទាំងបីត្រូវបានដោះលែងជាបណ្តុះអាសន្នបន្ទាប់ពីបានចេញឃ្លីបវីដេអូសារភាពទោសកំហុស និងបានសូមទោសនាយករដ្ឋមន្រ្តី។

សូមរំលឹកជាថ្មីថា សមាគម CCFC គឺជាស្ថាប័នសមាជិកភាព ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ ដើម្បីជួយដោះស្រាយបញ្ហាសិទិ្ធដីធ្លី និងបញ្ហានានាដែលប៉ះពាល់ដល់កសិករ ។ លោក សាវឿន ធ្លាប់ត្រូវបានចាប់ខ្លួនម្តង ជាមួយសមាជិកសង្គមស៊ីវិល និងសហគមន៍ដទៃទៀត កាលពីខែមករា ឆ្នាំ២០១៤ ក្រោយពេលមានព្រឹត្តិការណ៍នៃការបង្ក្រាបយ៉ាងហិង្សាមកលើអ្នកតវ៉ាជាច្រើននៅក្នុងរាជធានីភ្នំពេញ។ តាមរយៈហេតុការណ៍នោះ លោក សាវឿន បានចំណាយពេលក្នុងពន្ធនាគារចំនួន ៥ ខែ មុនពេលលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ ឆ្នាំ និងព្យួរទោសដែលនៅសល់ ។

ជុំវិញបញ្ហានេះ បានធ្វើឱ្យក្រុមកសិករប្រឆាំងដាច់ខាតមិនទទួលថាលោក ថេង សាវឿន និងសមាជិកផ្សេងទៀតមិនគួរត្រូវរង់បទចោទទាំងនេះទេ។ ពួគគេអះអាងយ៉ាងច្បាស់ថាប្រធាន និងសមាជិកសមាគមនេះមិនបានប្រព្រឹត្តបទល្មើសអ្វីទេ ផ្ទុយទៅវិញមានតែជួយបង្រៀនបច្ចេកទេស និងបង្កើនការយល់ដឹងបន្ថែមទាក់ទងនឹងកសិកម្មដល់កសិករ៕

 

Share

ព័ត៌មានទាក់ទង

Image