កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរអ៊ីរ៉ង់បានប្រកាសពីគោលបំណងរៀបចំយុទ្ធសាស្រ្តសារជាថ្មីទៀត ដើម្បីបង្ខំឱ្យស្ត្រីអ៊ឺរ៉ង់ពាក់ក្រណាត់បិទបាំងសក់តាមបែបសាសនាឥស្លាមឡើងវិញ។ យ៉ាងណា ហេតុការនេះធ្លាប់បានកើតឡើងកាលពី១០ខែមុន និងបានសម្លាប់ស្រ្តីម្នាក់ នាំឱ្យផ្ទុះការតវ៉ាទូទាំងប្រទេស។
តាមសារព័ត៌មាន AP បានរាយការណ៍ថា បន្ទាប់ពីការស្លាប់អ្នកស្រី Mahsa Amini ប្រជាពលរដ្ឋអ៊ីរ៉ង់គ្រប់ជាន់ថ្នាក់បានងើបតវ៉ាទាមទារសិទ្ធិសេរីភាពនៅទូទាំងប្រទេស ដែលជាហេតុធ្វើឱ្យប៉ូលីសអ៊ីរ៉ង់ថមថយការបង្ខិតបង្ខំស្រ្តីអ៊ីរ៉ង់។ ប៉ូលីសអ៊ីរ៉ង់ព្យាយាមគ្រប់គ្រងស្ថានការណ៍ជាបណ្តោះអាសន្ន ដើម្បីជៀសវាងការភាពចលាចលក្នុងប្រទេសកាន់តែខ្លាំង។ ទន្ទឹមគ្នានោះ ការតវ៉ានេះ បានសម្លាប់អ្នកតវ៉ាជាង ៥00 នាក់ និងអ្នកតវ៉ាជិត ២0,000នាក់ទៀតត្រូវបានឃុំខ្លួន។
កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ អ្នកនាំពាក្យរបស់ប៉ូលិសអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Saeed Montazerolmahdi បាននិយាយថា ប៉ូលីសបានជូនដំណឹងដល់សាធារណជន ជាពិសេសពួកគេនឹងចាត់វិធានយ៉ាងតឹងរឹងបំផុត ចំពោះស្រ្តីណាដែលល្មើសនឹងបញ្ជា។ បច្ចុប្បន្ន ប៉ូលីសទាំងអស់កំពុងដើរល្បាតតាមដងផ្លូវនៅក្នុងទីក្រុងតេអេរ៉ង់នៃប្រទេសអ៊ីរ៉ង់។
ដោយឡែក កាលពីល្ងាចថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ ប៉ូលីសបានចាប់ខ្លួនតារាសម្តែងវ័យក្មេងម្នាក់មានឈ្មោះថា Mohammed Sadeghi ដោយពុំមានហេតុផលជាក់លាក់ ដោយក្រុមប៉ូលីសឆ្មក់ចូលផ្ទះរបស់លោក Mohammed តែម្ដង។ ក៏ប៉ុន្តែនៅមុននេះពេលឃាត់ខ្លួន លោក Mohammed បានបង្ហោះវីដេអូដែលបានបង្ហាញសកម្មភាពរបស់ប៉ូលីសអ៊ីរ៉ង់បានចាប់ឃាត់ខ្លួនស្រ្តីម្នាក់ដោយបាននិយាយថា ជឿលោកទៅ បើលោកឃើញទិដ្ឋភាពបែបនេះ លោកអាចនឹងធ្វើអត្តឃាតសម្លាប់ខ្លួនឯងបាន។
គួរបញ្ជាក់ថា អាជ្ញាធរអ៊ីរ៉ង់បានអះអាងថាច្បាប់តម្រូវឱ្យត្រូវពាក់កន្សែងគ្របក្បាលនេះនឹងមិនមានការផ្លាស់ប្តូរអ្វីឡើយ ហើយត្រូវតែអនុវត្តតាមអស់មួយជីវិត។ ជាការកត់សម្គាល់ អាជ្ញាធរទាំងនេះចាត់ទុកការប្រើក្រណាត់បិទបាំងសក់របស់ស្រ្តី ជាសសរស្តម្ភដ៏សំខាន់សម្រាប់ការធ្វើបដិវត្តន៍ក្នុងលទ្ធិសាសនាឥស្លាម។ ពួកគេយល់ឃើញថា ការដែលស្លៀកពាក់ធម្មតា និងមិនខ្វល់ខ្វាយពីការបិទបាំងសក់ ឬរាងកាយ ជាទំនោររបស់ប្រទេសលោកខាងលិច។
យ៉ាងណាមិញ ករណីបង្ខំឱ្យស្រ្តីពាក់ក្រណាត់បិទបាំងសក់បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ហើយបានបង្ខំឱ្យសកម្មជនអ៊ីរ៉ង់ចេញតវ៉ា ដែលភាគច្រើនសុទ្ធសឹងជាស្រ្តី។ បាតុកម្មបានកើតឡើងយ៉ាងឆាប់រហ័ស ដោយអំពាវនាវឲ្យផ្ដួលរំលំមេដឹកនាំរបស់អ៊ីរ៉ង់។ក្រុមបាតុករភាគច្រើនចោទប្រកាន់ថា មេដឹកនាំអ៊ីរ៉ង់ពុករលួយ គាបសង្កត់ និងបំពានសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្រ្តីជាខ្លាំង៕
ប្រភព៖ AP ចុះថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៣