ប្រភព៖ C N A ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៣
CHEONGJU៖ កាលពីថ្ងៃអាទិត្យទី១៦ ខែកក្កដា ឆ្នាំ២០២៣ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមចូលទៅ ក្នុងផ្លូវរូងក្រោមដីដែលបានលិចទឹកសម្លាប់មនុស្សយ៉ាងហោចណាស់៣៧នាក់ និង៩នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងបាក់ដីនៅក្នុងប្រទេសកូរ៉េខាងត្បូង។
យោងតាម C N A ប្រទេសកូរ៉េខាងត្បូង មានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ដែល
បណ្តាលឱ្យទំនប់ទឹកដ៏ធំមួយបានហៀរចេញ។ក្រសួងមហាផ្ទៃបានរាយការណ៍ថាមនុស្ស ៣៧នាក់បានស្លាប់ និង ៩ នាក់ទៀតកំពុងបាត់ខ្លួននៅទូទាំងប្រទេស។ជនរងគ្រោះភាគច្រើនស្លាប់ដោយការរអិលបាក់ដីកប់និងធ្លាក់ចូលទៅក្នុងអាងស្តុកទឹក។ក្រសួងបាននិយាយថា បុគ្គលិកសង្គ្រោះរាប់រយនាក់កំពុងព្យាយាមចូលទៅរករថយន្តជាង១០គ្រឿងដែលបានជាប់នៅក្នុងរូងក្រោមដីប្រវែង៤៣០ម៉ែត្រក្នុងទីក្រុង Cheongju ខេត្ត Chungcheong ភាគខាងជើង។
កាលពីថ្ងៃអាទិត្យទី១៦ កក្កដា ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមបូមទឹកចេញពីរូងក្រោមដីដើម្បីទៅជួយជនរងគ្រោះ ប៉ុន្តែទឹកជ្រៅពេកបានរារាំងពួកគេមិនអាចទៅដល់ទីតាំងនោះ។យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឱ្យដឹងថា ផ្លូវរូងក្រោមដីនេះត្រូវបានទឹកជន់លិចតាំងពីព្រឹកថ្ងៃសៅរ៍ទី១៥ កក្កដា បន្ទាប់ពីទឹកជំនន់បានហូរចូលយ៉ាងគំហុកដែលធ្វើឱ្យរថយន្តនៅរូងផ្លូវក្រោមដីមិនអាចបើករត់គេចបាន។
ក្រសួងមហាផ្ទៃកូរ៉េបាននិយាយថា មនុស្ស៥នាក់ត្រូវបានជួយសង្គ្រោះចេញពីឡានក្រុងមួយនៅក្នុងផ្លូវរូងក្រោមដីកាលពីថ្ងៃសៅរ៍ ហើយសាកសពចំនួន៩ នាក់ត្រូវបានទាញចេញពីកន្លែងនោះ។សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថាតាមរបាយការណ៍របស់ប៉ូលីសថាមានអ្នកបាត់ខ្លួន១១នាក់ដែលគេជឿថានៅជាប់ក្នុងរូងក្រោមដី ប៉ុន្តែចំនួនផ្លូវការចុងក្រោយមិនទាន់ត្រូវបានបញ្ជាក់ទេ ដោយសារតែគេមិនទាន់ច្បាស់ថាមានមនុស្សប៉ុន្មាននាក់នៅក្នុងឡាននីមួយៗ។
ឪពុកម្តាយម្នាក់ក្នុងចំណោមអ្នកដែលបាត់ខ្លួននៅក្នុងរូងក្រោមដីបានប្រាប់ Yonhap ថា “ខ្ញុំគ្មានសង្ឃឹមទេ ប៉ុន្តែខ្ញុំមិនអាចចាកចេញពីទីនេះបានទេ” ។«បេះដូងខ្ញុំកំពុងតែគិតថាកូនខ្ញុំឈឺចាប់ប៉ុណ្ណានៅក្នុងទឹកត្រជាក់»។
ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ដែលពេលនេះលោកកំពុងនៅក្រៅប្រទេសបានបើកកិច្ចប្រជុំបន្ទាន់ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយនេះ។ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាឱ្យនាយករដ្ឋមន្ត្រី Han Duck-soo ប្រមូលធនធានទាំងអស់ជួយសង្គ្រោះ ដើម្បីកាត់បន្ថយការស្លាប់ និងរបួស។អ្នកស្លាប់ និងរបួសភាគច្រើន មកពីខេត្ត Gyeongsang ខាងជើង ហើយភាគច្រើនដោយសារការបាក់ដីនៅតំបន់ភ្នំ ដែលបានសង្កត់ផ្ទះពួកគេ។ ក្រសួងមហាផ្ទៃបាននិយាយថា មនុស្សមួយចំនួនដែលត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនត្រូវបានទឹកហូរនាំតាមទឹកទន្លេទៅបាត់ហើយមនុស្សជាង១.៥០០នាក់មិនអាចត្រឡប់ទៅផ្ទះវិញបានទេ។រដ្ឋបាលឧតុនិយមកូរ៉េបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតរហូតដល់ថ្ងៃពុធទី១៩ កក្កដា ហើយបានជំរុញសាធារណជនឱ្យ “ជៀសវាងការចេញទៅខាងក្រៅផ្ទះ” ។ កូរ៉េខាងត្បូងតែងតែរងគ្រោះដោយទឹកជំនន់ក្នុងអំឡុងពេលមូសុងរដូវក្តៅ ប៉ុន្តែជាធម្មតាប្រទេសនេះត្រូវបានរៀបចំយ៉ាងល្អ ហើយចំនួនអ្នកស្លាប់ជាធម្មតាមានកម្រិតទាប។អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានគ្រោះមហន្តរាយបណ្ដាលពីអាកាសធាតុនៅជុំវិញពិភពលោកកាន់តែធ្ងន់ធ្ងរ និងញឹកញាប់ជាងមុន៕