ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការ យូនីសេហ្វកម្ពុជាកំពុងធ្វើយុទ្ធនាការតាមប្រព័ន្ធឌីជីថលមួយ មានឈ្មោះថា តោះជជែកគ្នា (Let’s Chat) ក្នុងគោលបំណងជួយឲ្យក្មេងជំទង់យល់ដឹង ចេះកំណត់ដឹងពីល្បិចរបស់ជនឆបោកប្រាស់កេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។
ជាងនេះកម្មវិធីនេះក៏អាចកាត់បន្ថយហានិភ័យរបស់ក្មេងជំទង់នៅកម្ពុជាបានផងដែរ ខណៈពួកគេជួបប្រទះ បង្កដោយជនប្រព្រឹត្តអំពើកេងប្រវ័ញ្ចលើអនឡាញ។ យុទ្ធនាការនេះមានរយៈពេល ៣ខែ ដោយរាប់គិតពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការយូនីហ្វេសកម្ពុជានៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
យុទ្ធនាការនេះ ចាប់ផ្តើមបង្កើតឡើងបន្ទាប់ពីយូនីហ្វេសទទួលបានរបាយការណ៍ ដែលមានចំណងជើងថា ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងដៃគូនានាដូចជាយូនីសេហ្វកម្ពុជានៅឆ្នាំ ២០២២។ ក្នុងរបាយការណ៍នោះបង្ហាញថា នៅកម្ពុជាកុមារអាយុចន្លោះពី១២ ទៅ ១៧ឆ្នាំ កំពុងប្រើប្រាស់អ៊ីនធឺណិត និងមាន១១% ធ្លាប់ទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើអនឡាញ។ រូបភាពនៃការកេងប្រវ័ញ្ចរួមមាន ការផ្ញើសារគំរាមកុមារឲ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ និងការផ្ញើរូបភាពអាសអាភាស ដោយពុំមានការយល់ព្រមពីភាគីម្ខាងទៀត។
រួមជាមួយនឹងស្ថិតិដែលបង្ហាញពីការព្រួយបារម្ភដទៃទៀត របាយការណ៍ដែលយូនីហ្វេសទទួលបានដដែលក៏បង្ហាញផងដែរថា មានកុមារ ១៦% បានក្លាយជាកម្មវត្ថុនៃការសរសេរមតិយោបល់ ដែលមានចរិតផ្លូវភេទអំពីពួកគេ ដែលធ្វើឲ្យពួកគេពុំមានអារម្មណ៍ងាយស្រួល ដែលក្នុងចំនួននេះ មាន ៣១% បាននិយាយថា ការសរសេរបែបនេះកើតមានលើបណ្តាញទំនាក់ទំនងសង្គម៕