ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីបំភ្លឺថា ទាំងរថយន្តម៉ាក Lexus 470 ពណ៌ស្ករ ទាំងស្លាកលេខ រដ្ឋ17 2-0731 ពុំមាននៅក្នុងបញ្ជីសារពើភណ្ឌរបស់អង្គភាពណាមួយចំណុះក្រសួងកសិកម្មនោះទេ។ ក្រសួងកសិកម្មចាត់ទុកការប្រើប្រាស់ស្លាកលេខ រដ្ឋ17 2-0731 ថាជាស្លាកលេខក្លែងក្លាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវស្វែងរកអ្នកក្លែងបន្លំមកទទួលខុសត្រូវចំពោះមុខច្បាប់។
ការចេញបំភ្លឺបែបនេះក្រោយពេលដែលរូបភាព រថយន្តម៉ាក Lexus 470 ពណ៌ស្ករ ពាក់ស្លាកលេខ រដ្ឋ17 2-0731 ខាងលើមានបិទស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាក្នុងអំឡុងពេលឃោសនាបោះឆ្នោត ត្រូវបានអ្នកលេងបណ្ដាញសង្គម បង្ហោះនិងចែកចាយបន្ត ដោយអះអាងថា រថយន្តនិងស្លាកលេខមិនត្រូវគ្នា។ ពោលគេចោទថា យកស្លាកលេខរបស់រថយន្តផ្សេងមកបំពាក់លើរថយន្តម៉ាក Lexus 470ខាងលើនេះ៕
Post Views: 199