en     km
en     km

យុវជន​ម្នាក់​សម្ដែង​ការ​ដឹងគុណ​ឪពុក​ម្ដាយ​តាម​រយៈ​បទ​ចម្រៀង​នៅ​ក្នុង​កម្មវិធី​ The​ MIC​

Share

cover-Sari-Seangmeng
យុវជន​ សា​រិ​ សៀង​ម៉េ​ង​

ជា​រឿង​ដ៏​កម្រ​បំផុត​មួយ​ ដែល​បេក្ខជន​ទាំង​ ១៥​ រូប​ នៅ​ក្នុង​កម្មវិធី​ The​ MIC​ ចេះ​និពន្ធ​ ទំនុកច្រៀង​ និង​បទ​ភ្លេង​ ជា​ស្នាដៃ​របស់​ខ្លួន​ ដើម្បី​ចូលរួម​ប្រកួត​។ រឹត​តែជារឿ​ង​គួរឱ្យ​​ចាប់​អារម្មណ៍​​មួយទៀត​នោះ ក្នុង​ចំណោម​បេក្ខជន ​បេក្ខនារី ទាំង​ ១៥ រូប ឬ​១៥​ក្រុម មាន​បេក្ខជន​មួយ​រូប មិន​មាន​ក្រុម​គឺ សារិ​ សៀង​ម៉េង។

យុវជន​រូប​នេះ​បាន​លើកយក​ពី​បទ​ចម្រៀង​ ស្នេហា​គ្រួសារ​ បង្ហាញ​ពី​ខ្សែជីវិត​ពិត​របស់​ខ្លួន​ ដែល​ឃ្លាតឆ្ងាយ​ពី​ឪពុក​ម្ដាយ​ បញ្ចូល​ក្នុង​អត្ថន័យ​បទ​ចម្រៀង​។​ ដើម្បី​ចង់​ដឹង​ថា​ តើ​យុវជន​រូប​នេះ​ប្រាប់​ពី​ការ​ដឹងគុណ​ឪពុក​ម្ដាយ​ តាម​រយៈ​ អត្ថន័យ​ក្នុង​បទ​ចម្រៀង​យ៉ាងណា​ខ្លះ​?​ ហើយ​ជីវិត​ និង​អត្ថន័យ​ក្នុង​បទ​ចម្រៀង​ បាន​ផ្សា​ភ្ជាប់​យ៉ាងណា​ខ្លះ​ ជាមួយ​ជីវិត​ពិត​របស់​យុវជន​រូប​នេះ​?​

សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀប​រៀង​ដោយ​កញ្ញា​ ​ជុំ​ ជោគ​ជា​តា​ ដូច​ត​ទៅ​៖

នៅ​ក្នុង​កម្មវិធី​ប្រឡងប្រជែង​ស្នាដៃ​បទ​ភ្លេង​ និង​ទំនុកច្រៀង​ Original​ មិន​ចម្លង​គេ​ ដែល​មាន​ បេក្ខជន​-​បេ​ក្ខ​នារី​ ចំនួន​ ១៥​ រូប​ នៅ​ក្នុង​កម្មវិធី​ The​ MIC​ Cambodia​  គេ​ឃើញ​មាន​ បេក្ខជន​ មួយ​រូប​ គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ យុវជន​ សា​រិ​ សៀង​ម៉េ​ង​។​
​យុវជន​រូប​នេះ​គឺជា​ បេក្ខជន​មួយ​រូប​ ដែល​បាន​លើកយក​ការ​នឹករឭក​ និង​ការ​ដឹងគុណ​របស់​ឪពុក​ម្ដាយ​ រៀបរាប់​ទៅ​ក្នុង​អត្ថន័យ​ចម្រៀង​ មក​ចូលរួម​ប្រកួត​ នៅ​ក្នុង​កម្មវិធី​ The​ MIC​ ដែល​ខុស​ពី​បេក្ខជន​ និង​បេ​ក្ខ​នារី​ ចូលរួម​ប្រកួត​ផ្សេង​ទៀត​ ផ្ដោត​ទៅ​លើ​ចម្រៀង​ស្នេហា​។​

​ដៃ​កាន់​ហ្គី​តា​បណ្ដើរ​ ច្រៀង​បណ្ដើរ​នៅ​លើ​ឆាក​តន្ដ្រី​ The​ MIC​ Cambodia​  ដែល​សម្បូរ​ទៅ​ដោយ​យុវវ័យ​គាំទ្រ​  សា​រិ​ សៀង​ ម៉េ​ង​ គឺជា​យុវជន​ និង​ជា​បេក្ខជន​មួយ​រូប​ ដែល​មាន​វត្ដមាន​ ក្នុង​ចំណោម​បេក្ខភាព​ទាំង​ ១៥​ រូប​ ដែល​បាន​ចូលរួម​ប្រកួត​ នៅ​ក្នុង​កម្មវិធី​ The​ MIC​។​

ចម្រៀង​មួយ​បទ​នេះ​ មាន​ចំណងជើង​ថា​ “​ប៉ា​ម៉ាក់​”​ និពន្ធ​ទំនុកច្រៀង​ និង​បទ​ភ្លេង​ ដោយ​ លោក​ សា​រិ​ សៀង​ម៉េ​ង​។​ តាម​រយៈ​អត្ថន័យ​នៃ​បទ​ចម្រៀង​ដែល​ សា​រិ​ សៀង​ម៉េ​ង​ បាន​បកស្រាយ​មុន​នេះ​ គឺ​មាន​អត្ថន័យ​រៀបរាប់​ពី​ការ​ដឹងគុណ​  និង​ការ​នឹករឭក​ឪពុក​ម្ដាយ​ ដែល​ធ្លាប់​ធ្វើស្រែ​រួម​គ្នា​។​ ម្យ៉ាងទៀត​ នៅ​ក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​  សៀង​ម៉េ​ង​ ក៏​បាន​បង្ហាញ​ពី​ការ​ក្រើនរំឭក​ ទៅ​ដល់​ជន​ប្រុស​ស្រី​ កុំឱ្យ​ភ្លេច​តបស្នង​នូវ​ គុណ​ឪពុក​ម្ដាយ​ផង​ដែរ​។​

Sari-Seangmeng's-songទន្ទឹម​នឹង​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ដែរ​ យុវជន​ សា​រិ​ សៀង​ម៉េ​ង​ បាន​ប្រាប់​ក្រោយ​ពី​បញ្ចប់​ការ​បកស្រាយ​បទ​ចម្រៀង​រួច​ ថា​បទ​ដែល​គេ​បាន​បកស្រាយ​អម្បាញ់មិញ​នេះ​ មាន​អត្ថន័យ​រៀបរាប់​អំពី​គុណ​បំណាច់​របស់​ឪពុក​ម្ដាយ​របស់​គេ​ ដែល​បាន​ចិញ្ចឹម​បីបាច់​គេ​ តាំងពី​តូច​រហូត​ ដល់​ធំ​ពេញវ័យ​។​

«​មាន​ន័យ​ថា​ គុណ​គាត់​មាន​ដរាប​ អត់​អាច​សងគុណ​គាត់​អស់​បាន​ ហើយ​ ចុងបញ្ចប់​នៃ​បទ​ចម្រៀង​នេះ​ គឺ​ចង់​អប់រំ​ឱ្យ​យុវជន​ទាំងអស់​គ្នា​ ត្រូវ​តែ​តបស្នង​សងគុណ​ ឪពុក​ម្ដាយ​»​។

រាង​ស្គម​ សម្បុរ​ខ្មៅ​ស្រអែម​ យុវជន​ សា​រិ​ សៀង​ម៉េ​ង​ និយាយ​បន្ដ​ថា​ ហេតុផល​ ដែល​ធ្វើ​ឱ្យ​គេ​ សម្រេចចិត្ត​ និពន្ធ​បទ​ភ្លេង​ និង​ ទំនុកច្រៀង​ “​ប៉ា​ និង​ម៉ាក់​”​ នេះ​ឡើង​ ក៏​ព្រោះតែ​អត្ថន័យ​នៅ​ក្នុង​បទ​ចម្រៀង​មួយ​នេះ​ បាន​ផ្សា​ភ្ជាប់​ជាមួយ​ជីវិត​ពិត​របស់​គេ​ ដែល​ឃា្ល​ត​ឆ្ងាយ​ពី​ឪពុក​ម្ដាយ​។​

«​បទ​នេះ​ខ្ញុំ​តែង​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ ដោយសារ​ពេល​រៀន​ហ្នឹង​ ខ្ញុំ​នឹក​ដល់​ឪពុក​ម្ដាយ​នៅ​ស្រុក​។​ អ​ញ្ចឹ​ង​ គឺ​ខ្ញុំ​តែ​បាន​មួយ​បទ​ ដោយ​ចំណាយពេល​មួយ​ម៉ោង​តែង​បទ​ហ្នឹង​។​ ដោយសារ​តែ​ ខ្ញុំ​បាន​បែក​ពី​ឪពុក​ម្ដាយ​ខ្ញុំ​តាំងពី​ឆ្នាំ​២០១២​  ដោយសារ​គាត់​ធ្លាក់ខ្លួន​ឈឺ​…»​។​

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ដែរ​នោះ​ ក្រោយ​ពេល​យុវជន​ សៀង​ម៉េ​ង​ ត្រូវ​បាន​ឪពុក​ម្ដាយ​ ដាក់​ឱ្យ​នៅ​មណ្ឌលកុមារ​កំព្រា​សំរោង​ នា​រាជធានី​ភ្នំពេញ​  សៀង​ម៉េ​ង​ បាន​ឆ្លងកាត់​ ការ​រៀនសូត្រ​  ជា​ច្រើន​ពី​ជីវិត​។​ ប៉ុន្ដែ​ទោះជា​លំបាក​ប៉ុណ្ណា​ ក៏​យុវជន​រូប​នេះ​ គិត​ថា​ជា​រឿង​ធម្មតា​ និង​ជា​បំ​ណិ​ន​ ជីវិត​ដែល​គេ​ត្រូវ​រៀនសូត្រ​តែ​ប៉ុណ្ណោះ​។

«​បាទ​!​ ចំពោះ​ខ្ញុំ​  និង​ក្មេង​ដទៃ​ ដែល​គេ​នៅ​ក្រៅពី​មណ្ឌល​ គេ​មាន​ឪពុក​ម្ដាយ​គេ​ រស់នៅ​ជាមួយ​គ្នា​គេ​អ​ញ្ចឹ​ង​បង​។​ វា​មានការ​ខុស​គ្នា​ខ្លាំង​ បើ​និយាយ​ពី​រឿង​សម្ភារៈ​និយម​វិញ​ គឺ​គេ​ ឈ្នះ​ដាច់​។​ ប៉ុន្ដែ​បើ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ខ្ញុំ​ចង់​រស់នៅ​មណ្ឌល​វិញ​…»​។​

ក្រៅពី​ជា​បេក្ខជន​នៅ​ក្នុង​កម្មវិធី​ប្រឡង​ The​ MIC​ សៀង​ម៉េ​ង​ ក៏​ជា​និស្សិត​ឆ្នាំ​ទី​មួយ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លើ​ជំនាញ​ព័ត៌មានវិទ្យា​ ហើយ​ក៏​ជា​កូន​កសិករ​មួយ​រូប​ មក​ពី​ខេត្ដកណ្ដាល​។​

សៀង​ម៉េ​ង​ និយាយ​ថា​ មុន​នឹង​រូបគេ​មាន​វត្ដ​មាននៅ​ក្នុង​កម្មវិធី​ The​ MIC​ គេ​បាន​ឆ្លងកាត់​ ការ​ប្រឡង​ជ្រើសរើស​ និង​វគ្គ​ជម្រុះ​ចំនួន​ពីរ​លើក​ខុសៗ​គ្នា​ផង​ដែរ​ ដោយ​វគ្គ​ទី​មួយ​ គេ​បាន​ឆ្លងកាត់​ផុត​ពី​ការ​ដាក់​បង្ហាញ​វី​ដេ​អូរ​នៅ​ក្នុង​យូ​ធូប​ ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អ្នក​ចូល​ទស្សនា​។​

សៀង​ម៉េ​ង​បន្ត​ថា​ វគ្គ​ទី​ពីរ​ ក៏​ទទួល​បានការ​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​គណៈកម្មការ​ លោក​ ហេង​ ពិ​ទូ​ នៅ​ពេល​បង្ហាញ​បទ​ភ្លេង​ និង​ទំនុកច្រៀង​របស់​ខ្លួន​ក្នុង​វគ្គ​ប្រកួត​សាកល្បង​ លើ​សមត្ថភាព​ផង​ដែរ​។​

ដោយឡែក​នៅ​វគ្គ​ទី​បី​ នៅ​ក្នុង​កម្មវិធី​ The​ MIC​ នេះ​ សៀង​ម៉េ​ង​ មិន​បាន​ទទួល​ជ័យ​លា​ភី​ ដោយសារ​តែ​ភ្លាត់​និង​ចង្វាក់ភ្លេង​ដែល​ខ្លួន​លេង​។​ ទោះជា​សៀង​ម៉េ​ង​ មិន​បាន​ទទួល​ជ័យ​លា​ភី​ក៏​ដោយ​ ក៏​មិន​មាន​ន័យ​ថា​ សៀង​ម៉េ​ង​ បរាជ័យ​នោះ​ដែរ​។​ យុវជន​រូប​នេះ​ បាន​ប្ដេជ្ញា​ចិត្ដ​ បន្ដ​ក្ដី​សុបិន​ និង​បំណងប្រាថ្នា​របស់​ខ្ឡួ​ន​ នៅ​ក្នុង​ចម្រៀង​ដែល​កើត​ចេញពី​ស្នាដៃ​របស់​ខ្លួន​ ដូច​ជា​កម្មវិធី​ The​ MIC​ នេះ​ នៅ​ឱកាស​លើក​ក្រោយៗ​ទៀត​ ផង​ដែរ​។

«​ខ្ញុំ​គិត​ថា​ បើសិនជា​មានកម្ម​វិធី​ទាក់ទង​នឹង​កម្មវិធី​ (The​ MIC)​ បែប​នេះ​ទៀត​ គឺ​ខ្ញុំ​ចូលរួម​ប្រឡង​ទៀត​ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ ខិតខំ​បង្កើន​សមត្ថភាព​ខ្លួនឯង​បន្ថែម​ទៀត​ ទៅ​លើ​ការ​និពន្ធ​ ហើយ​និង​ទៅ​លើ​សំឡេង​របស់ខ្ញុំ​ ហើយ​បង្កើន​បទ​ចម្រៀង​អប់រំ​ថ្មីៗ​ ដើម្បី​ឲ្យ​គាត់​ចាប់អារម្មណ៍​  ព្រោះ​ខ្ញុំ​ គិត​ថា​ ការ​ឲ្យ​គាត់​ដឹង​ឮ​ គឺ​ទាក់ទង​នឹង​បទ​អប់រំ​  គឺ​គាត់​ឆាប់​ដឹង​ឮជា​ង​។​ អ​ញ្ចឹ​ង​ខ្ញុំ​ខិតខំ​បង្ហោះ​វា​ (​វី​ដេ​អូ​អប់រំ​)​ ចូល​ទៅ​ក្នុង​យូ​ធូប​ (YouTube)​ ដែរ​»​។​

ជា​ចុង​ក្រោយ​ យុវជន​វ័យ​ ១៩​ឆ្នាំ​ រូប​នេះ​ ក៏​បាន​ផ្ញើ​សារ​ទៅ​ដល់​យុវជន​ទាំង​ទាំងអស់​ឱ្យ​តប​ ស្នង​ នឹង​កុំ​បំភ្លេច​គុណ​របស់​ឪពុក​ម្ដាយ​ផង​ដែរ​៖ «​តាម​រយៈ​បទ​ដែល​ប៉ា​ម៉ាក់​ ដែល​ខ្ញុំ​បាន​តែង​នេះ​ បើសិនជា​យុវជន​យុវនារី​ក្នុង​ប្រទេស​កម្ពុជា​ ទាំងអស់​បាន​ស្ដាប់​ឮ​ សូម​ឱ្យ​ពួក​គាត់​ បាន​យល់​ដឹង​អំពី​គុណ​បំណាច់​របស់​ឪពុក​ម្ដាយ​។​ អ​ញ្ចឹ​ង​ បើសិនជា​គាត់​បានដឹង​ថា​ ឪពុក​ម្ដាយ​គាត់​មានគុណ​ធំ​ហើយ​ អ​ញ្ចឹ​ង​យើង​ជា​កូន​ គប្បី​ធ្វើ​ជា​កូន​កតញ្ញូ​ កត​វេ​ទិ​[​តា​]​ ធ្វើ​ជា​គំរូ​ដ៏​ល្អ​ យើង​ត្រូវ​តែ​ខិតខំ​រៀនសូត្រ​ ដើម្បី​មាន​អនាគត​ ហើយ​អាច​មានការ​ងារ​ចិញ្ចឹម​បីបាច់​និង​សងគុណ​គាត់​វិញ​»​។​

ជា​ថ្មី​ម្ដងទៀត​ សា​រិ​ សៀង​ម៉េ​ង​ ក៏​មិន​ភ្លេច​ផ្ញើ​ក្ដី​នឹករឭក​តាម​រយៈ​បទ​ប៉ា​ម៉ាក់​នេះ​ ទៅ​កាន់​ឪពុក​ម្ដាយ​របស់​គេ​នៅ​ឯ​ខេត្ដ​ផង​ដែរ​៖​ «​សូម​ឱ្យ​គាត់​បានដឹង​ថា​ ខ្ញុំ​កំពុង​តែ​នឹក​គាត់​ ហើយ​ចង់ឱ្យ​គាត់​ដឹង​ថា​ ខ្ញុំ​មិន​ភ្លេចគុណ​គាត់​ទេ​ គឺ​ខ្ញុំ​នឹង​តបស្នង​សងគុណ​គាត់​  ហើយ​សូម​ជូនពរ​ឱ្យ​គាត់​មាន​សុខភាព​ល្អ​ កុំ​មាន​ជំងឺ​ឈឺ​ថ្កាត់​ និង​ឱ្យ​មាន​អាយុ​យឺនយូរ​»​។

​សា​រិ​ សៀង​ម៉េ​ង​ បន្ថែម​ថា​ អ្វី​ដែល​ជា​បំណងប្រាថ្នា​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សិល្បៈ​ គឺ​ការ​ចង់​ក្លាយ​ខ្លួន​ទៅ​ជាតា​រា​ល្បី​ ក្នុង​ការ​តែង​និពន្ធ​បទ​ចម្រៀង​ ដែល​មិន​លួច​ចម្លង​ពី​អ្នក​ដទៃ​។​ ជា​ពិសេស​ទៅ​ទៀត​នោះ​ សៀង​ម៉េ​ង​ ក៏​មាន​ក្ដី​ស្រមៃ​ បង្កើត​ជាត​ន្ដ្រី​សប្បុរស​ ជួយ​ដល់​កុមារ​កំព្រា​ នៅ​ពេល​ដែល​គេ​មានកេរ្ដិ៍ឈ្មោះ​ល្បី​ផង​ដែរ​៕

Share

Image
Image
Image