កម្មការិនីមានផ្ទៃពោះបម្រើការនៅរោងចក្រសាន ហ្វេង នាក្រុងបាវិតខេត្តស្វាយរៀង ដែលត្រូវបណ្ដេញចេញពីការងារកាលពីថ្ងៃទី១០ ខែកក្កដា មិនទាន់ចូលបម្រើការងារវិញទេ ទោះបីមន្ទីរការងារសម្របសម្រួលជាមួយក្រុមហ៊ុន អនុញ្ញាតឱ្យចូលធ្វើការវិញក៏ដោយនៅថ្ងៃនេះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានឱ្យដឹងថា សហជីពមិនទាន់ឱ្យស្ដ្រីមានផ្ទៃពោះ៣នាក់ ដែលត្រូវបានថៅកែជនជាតិចិននៃរោចក្រ សាន ហ្វេង ខមភិនីលីមីតធីដណ្ដេញចេញឱ្យចូលធ្វើការវិញទេ ដោយសារមិនទាន់ចុះកិច្ចព្រមព្រៀងជាមួយគ្នា។
លោកអះអាងថា ទោះបីជាមន្ទីរការងារខេត្តស្វាយរៀងបានចុះអន្ដរាគមន៍ជាមួយភាគីក្រុមហ៊ុនរួចហើយក៏ដោយ តែកិច្ចសន្យាការងារ ការពារស្ដ្រីពីការគុំគួន ការធ្វើទុកបុកម្នេញ និងការរើសអើងនានា ពេលចូលបម្រើការវិញមិនទាន់បានធ្វើនៅឡើយទេ។
គួរបញ្ជាក់ថាស្ដ្រីដែលមានផ្ទៃពោះទាំង៣នាក់ រួមទាំងអ្នកនាង លម រ៉ានីន ដែលបានដាក់ពាក្យបណ្ដឹងទៅកាន់សហជីពចលនាកម្មករ គឺមិនទាន់បានចូលធ្វើការងារវិញទេនៅថ្ងៃនេះ។ ស្របពេលជាមួយគ្នាដែរ លោក ប៉ាវ ស៊ីណា ថាមានស្ដ្រីម្នាក់ទៀតជាអតីតកម្មករនៅរោងចក្រ សាន ហ្វេង ត្រូវបានបញ្ឈប់កាលពីខែមុនក៏មកដាក់ពាក្យបណ្ដឹងមកសហជីពករណីស្រដៀងគ្នានេះដែរ។
បើតាមប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈខេត្តស្វាយរៀង លោក អ៊ូ សុខឿន ថា ដោយសារកម្មការិនីជាស្ដ្រីមានផ្ទៃពោះ មន្ទីរការងារសុំឱ្យមានករណីពិសេសឱ្យស្រី្ដកម្មការិនីចូលបម្រើការងារវិញ។ លោកបន្ដថា បើកម្មករខុសបទបញ្ជាផ្ទៃក្នុង ក្រុមហ៊ុនត្រូវហៅទៅព្រមាន និងអប់រំបន្ថែម ហើយការបណ្ដេញចេញនេះជាសិទ្ធិរបស់ក្រុមហ៊ុនក្នុងការចាត់វិធានការ។
តែផ្អែកតាមសម្ព័ន្ធសហជីពចលនាកម្មករថា ច្បាប់ការងារនៅក្រុមហ៊ុន សាន ហ្វេង មិនត្រូវជាមួយច្បាប់ការងារនោះទេ។ ជាក់ស្ដែងស្ដ្រីមានផ្ទៃពោះ ១ខែអាចឈប់សម្រាកបានតែ៤ដងប៉ុណ្ណោះ បើលើសពីនេះទោះមានសំបុត្រពេទ្យឈឹក៏ដោយ ក៏ត្រូវបណ្ដេញចេញដែរ។ លោក ប៉ាវ ស៊ីណាចាត់ទុកថា នេះជាការតាក់តែងបទបញ្ជាផ្ទៃក្នុងដែលខុសច្បាប់ ។ លោកស្នើឱ្យមន្ទីរការងារខេត្តត្រូវចុះពិនិត្យត្រង់ចំណុចនេះ និងឱ្យភាគីក្រុមហ៊ុនបញ្ឈប់ការប្រើប្រាស់បទបញ្ជាផ្ទៃក្នុងដែលខុសច្បាប់នេះបន្ដទៀត៕