លោក Pita Limjaroenrat ជាអ្នកកំណែទម្រង់ដែលបានឈ្នះការបោះឆ្នោតកាលពីខែឧសភា ប្រឈមមុខនឹងការបោះឆ្នោតជានាយករដ្ឋមន្ត្រីមិនច្បាស់លាស់នៅក្នុងសភា។រាយការណ៍ដោយ
នៅនាទីចុងក្រោយនេះ លោក Pita ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ដែលអាចធ្វើឲ្យលោកបាត់បង់សិទ្ធិជាតំណាងរាស្រ្ត។សម្ព័ន្ធភាពរបស់លោកមាន ៣១២អសនៈតំណាងរាស្រ្តក្នុងរដ្ឋសភា ដែលលោក Pita ត្រូវការរហូតដល់ ៣៧៦ សំឡេងបោះឆ្នោតគាំទ្រលោកឱ្យធ្វើជានាយករដ្ឋមន្ត្រី ពោលគឺលោកត្រូវការសំឡេងគាំទ្រ៦៤សំឡេងបន្ថែម។
ក្រៅពីត្រូវការសំឡេងគាំទ្របន្ថែម លោក Pita ហាក់ដូចជាប្រឈមមុខនឹងផ្លូវច្បាប់មួយទៀតកាលពីថ្ងៃពុធ ទី១២ កក្កដា ឆ្នាំ២០២៣ ដោយតុលាការធម្មនុញ្ញអភិរក្សនិយមដ៏ល្បីល្បាញរបស់ប្រទេសថៃបានទទួលយកពាក្យបណ្ដឹងពីគណៈកម្មាធិការរៀបចំការបោះឆ្នោតចោទលោកថាត្រូវដកអភ័យឯកសិទ្ធិរបស់លោក ដោយសារពាក់ព័ន្ធនឹងភាគហ៊ុននៅស្ថានីយ័ទូរទស្សន៍មួយ។
តុលាការធម្មនុញ្ញថៃនិយាយថា ពេលនេះកំពុងវាយតម្លៃបណ្តឹងចំនួនពីរប្រឆាំងនឹងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ។ ទី១រឿងលោក Pita កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ទោះបីជាក្រុមហ៊ុននោះមិនបានដំណើរការអស់រយៈពេល១៥ ឆ្នាំហើយក៏ដោយ។ករណីទី២គឺគណបក្ស Move Forward របស់លោក Pita ចង់ធ្វើវិសោធនកម្មច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រ គឺស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបនយោបាយរបស់ប្រទេសថៃទាំងមូល។
វាមិនច្បាស់ទេថានៅពេលណាដែលតុលាការធម្មនុញ្ញនឹងពិចារណាលើករណីនេះ ប៉ុន្តែតាមលក្ខណៈបច្ចេកទេស នៅក្រោមច្បាប់របស់ប្រទេសថៃ លោក Pita នៅតែអាចក្លាយជានាយករដ្ឋមន្ត្រី ទោះបីជាលោកត្រូវបានដកចេញពីសភាក៏ដោយ។
លោក Pita ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard មានវ័យ៤២ឆ្នាំ និងជាអតីតនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា។ កាលពីថ្ងៃព្រហស្បតិ៍ទី១២ កក្កដាលោកបានដឹកនាំអ្នកគាំទ្រពាក់អាវពណ៌ទឹកក្រូចយ៉ាងច្រើននៅក្នុងការប្រមូលផ្តុំដ៏ធំនៅទូទាំងប្រទេសមុនសភាការបោះឆ្នោតតែងតាំងលោក ជានាយករដ្ឋមន្រ្តី។
ច្បាប់ប្រមាថព្រះមហាក្សត្រដែលមានរយៈពេលជាច្រើនទសវត្សរ៍ដែលអាចចាប់មនុស្សដាក់គុកចំពោះការនិយាយប្រឆាំងនឹងរាជានិយមត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងក្រោមការដឹកនាំរបស់លោក Prayuth ហើយអ្នករិះគន់បាននិយាយថានេះត្រូវបានប្រើដើម្បីបំផ្លាញការបញ្ចេញមតិដោយសេរី។ លោក Pita បានពណ៌នាអាណត្តិរបស់លោក Prayuth ថាជា “ទស្សវត្សរ៍ដែលបាត់បង់” របស់ប្រទេសថៃ ហើយបានសន្យាថានឹងបញ្ចប់វដ្តនៃអំពើពុករលួយ និងការបះបោរយោធារបស់ប្រទេស។ លោកបានសន្យាធ្វើកំណែទម្រង់ដែលនឹង«គ្មានយោធា ផ្តាច់មុខនិងវិមជ្ឈការ»ប្រទេស៕
ប្រភព៖ BBC ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣