en     km
en     km

រដ្ឋមន្រ្តីការបរទេសថៃជួបលោកស្រី អ៊ុងសាន ស៊ូជី ជាលើកដំបូង ក្រោយលោកស្រីជាប់ឃុំ

Share

នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីការបរទេសថៃបានថ្លែងថាលោកបានជួបសំណេះសំណាលជាមួយអតីតមេដឹកនាំលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា ពោលគឺជាលើកដំបូងហើយដែលលោកស្រី អ៊ុង​សាន ស៊ូជីបានជួបបេសកជនអន្តរជាតិ ​ ក្រោយលោកស្រីត្រូវក្រុមយោធាធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១។

(កញ្ញា កែវ សុជាតា រាយការណ៍)

រដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai បានប្រាប់សារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ថាលោកបានជួបលោកស្រី អ៊ុងសាន ស៊ូជី។

លោកបាន​បន្តថា លោកស្រីស៊ូជីមើលទៅហាក់មានសុខភាពល្អ និងជាការជួបប្រជុំដ៏ល្អមួយ។លោកថ្លែងបែបនេះនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ជាទីដែលរដ្ឋមន្រ្តីការបរទេសអាស៊ានបានជួបប្រជុំគ្នា។

លោក Don បាន​បញ្ជាក់បន្ថែមថា លោកស្រី​បាន​លើកទឹកចិត្ត​ឱ្យ​មានការ​ពិភាក្សាគ្នាសារជាថ្មីម្តងទៀត ​ហើយថាលោកស្រីបានអំពាវនាវឱ្យមានការចរចាដោយសន្តិវិធី ដើម្បីបញ្ចប់វិបត្តិរបស់ប្រទេសមីយ៉ាន់ម៉ា។ លោក Don បានគូសបង្ហាញថា លោកកំពុងបញ្ចុះបញ្ចូលឱ្យអាជ្ញាធរ Naypyidaw នៃប្រទេសមីយ៉ាន់ម៉ា ពិចារណាឡើងវិញ។

តាមប្រភពសារព័ត៌មាន Channel New Asia បានឱ្យដឹងថា កិច្ចជំនួបនេះធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣នៅក្នុងរដ្ឋធានីហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ដែរថា កងទ័ពយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ចាប់តាំងពីធ្វើរដ្ឋប្រហារនៅក្នុងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ។ ក្រោយពេលធ្វើរដ្ឋប្រហារ ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចលយ៉ាងព្រៃផ្សៃ ពោលគឺរបបយោធាសម្រេចកំចាត់ជនណាដែលប្រឆាំងនឹងរបបខ្លួន។

សូមរំលឹកថា លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់ និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំ។ កាលពីឆ្នាំមុន លោកស្រី ស៊ូជី ត្រូវប្តូរទៅឃុំខ្លួននៅពន្ធនាគារក្នុងរដ្ឋធានី Nay Pyi Taw នៃប្រទេសមីយ៉ាន់ម៉ាជំនួសឱ្យការឃុំឃាំងនៅក្នុងគេហដ្ឋានរបស់លោកស្រី។ ជាការកត់សម្គាល់ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្ទើរតែមិនបានដឹងដំណឹងសោះពីលោកស្រី ស៊ូ ជី។ ក៏ប៉ុន្តែ ពាក្យចចាមអារ៉ាមជាច្រើនបានលេចឡើងថា លោកស្រីកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ តែដំណឹងនេះត្រូវបានរដ្ឋាភិបាលយោធាបដិសេធច្រានចោលថា វាមិនមែនជាការពិត៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image