យោងតាមគេហទំព័រសុខភាព healthline បានបង្ហាញថា មនុស្សជាច្រើនទទួលទានកាហ្វេមួយពែងនៅពេលព្រឹក ឬនៅពេលថ្ងៃដើម្បីជួយឱ្យពួកគេមានភាពសកម្មពេញមួយថ្ងៃ ព្រោះជាតិកាហ្វេអ៊ីនអាចធ្វើឱ្យស្មារតីស្វាងជាងការភ្ញាក់ពីដំណេកទៅទៀត ដោយសារជាតិកាហ្វេអ៊ីននេះ ជាសារធាតុរំញោចប្រព័ន្ធសរសៃប្រសាទកណ្តាល និងមានឥទ្ធិពលលើរាងកាយជាច្រើន។ បន្ថែមពីនេះ តាមការបង្ហាញរបស់ស្ថាប័នចំណីអាហារនិងឱសថ(FDA) នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សពេញវ័យប្រហែល ៨០ ភាគរយបានទទួលជាតិកាហ្វេអ៊ីននេះជារៀងរាល់ថ្ងៃ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
យ៉ាងណាមិញ ការទទួលទានជាតិកាហ្វេអ៊ីនក្នុងបរិមាណត្រឹមត្រូវ អាចធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់ជាងមុន ប៉ុន្តែបើសិនទទួលច្រើនពេកនឹងធ្វើឱ្យអ្នកមានរោគសញ្ញាមិនស្រួលណាមួយជាមិនខាន។ យោងតាមគ្លីនិក Mayo បានបង្ហាញថា សម្រាប់មនុស្សពេញវ័យ គឺអាចទទួលទានជាតិកាហ្វេអ៊ីន ៤00 មីលីក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងកាហ្វេប្រហែល ៤ ពែង។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
តទៅនេះ យើងនឹងលើកយកនូវឥទ្ធិពលនៃជាតិកាហ្វេអ៊ីនទៅលើរាងកាយរបស់អ្នក ដោយយោងទៅតាមការលើកឡើងរបស់គេហទំព័រសុខភាព healthline ដូចតទៅ៖
ជាតិកាហ្វេអ៊ីនដើរតួជាភ្នាក់ងាររំញោចប្រព័ន្ធសរសៃប្រសាទកណ្តាល។ នៅពេលដែលជាតិកាហ្វេអ៊ីនបានទៅដល់ខួរក្បាល នឹងធ្វើឱ្យមានភាពវាងវៃ និងមានស្មារតីប្រុងប្រយ័ត្នបំផុត ជាពិសេស កាត់បន្ថយភាពនឿហត់ទៀតផង។ ជាងនេះ ជាតិកាហ្វេអ៊ីននេះ ជាសារធាតុផ្សំទូទៅក្នុងថ្នាំព្យាបាល និងគ្រប់គ្រងការងងុយគេង ឈឺក្បាល និងការប្រកាំងជាដើម។
ការសិក្សាក៏បានរកឃើញថា អ្នកដែលផឹកកាហ្វេជាប្រចាំមានការវិវត្តជំងឺភ្លេចភ្លាំង និងជំងឺវង្វេងតិចបំផុត។ ជាពិសេស អ្នកផឹកកាហ្វេអាចកាត់បន្ថយការធ្វើអត្តឃាតបាន ៤៥ ភាគរយឯណ្ណោះ។
យ៉ាងណាមិញការផឹកកាហ្វេមានអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែការទទួលទានច្រើនពេកក៏មានផលប៉ះពាល់ផងដែរ ដូចជាធ្វើឱ្យឈឺក្បាលជាដើម។ ក្រៅពីនេះ បើមានបរិមាណជាតិកាហ្វេអ៊ីនច្រើនជ្រុល ក៏អាចមានភាពច្របូកប្របល់ ភ័យរន្ធត់ និងក្អួតផងដែរ។ ជាពិសេស ក៏អាចបណ្តាលឱ្យស្លាប់ដោយសារប្រកាច់ផងដែរ ប្រសិនបើទទួលទានជាតិកាហ្វេអ៊ីននេះ ក្នុងបរិមាណច្រើន និងញឹកញាប់ដែលភាគច្រើនមានក្នុងភេសជ្ជៈប៉ូវកម្លាំង ឬថ្នាំគ្រាប់ជាដើម។
រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព healthline
បន្ថែមពីនេះ ក្រៅពីប្រព័ន្ធសរសៃប្រសាទកណ្តាល ជាតិកាហ្វេអ៊ីនក៏មានឥទ្ធិពលលើប្រព័ន្ធរំលាយអាហារនិង ប្រព័ន្ធបញ្ចេញចោលផងដែរ។
ជាតិកាហ្វេអ៊ីនបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលអាចបណ្តាលឱ្យក្រហាយទ្រូង ឬ ឈឺក្រពះជាដើម។ ជាតិកាហ្វេអ៊ីនមិនអាចស្តុកទុកក្នុងរាងកាយរបស់អ្នកបានទេ ដូច្នេះជាតិកាហ្វេអ៊ីននេះ នឹងដំណើរការក្នុងថ្លើម បន្ទាប់មកនឹងចេញតាមរយៈទឹកនោម ដែលជាមូលហេតុដែលធ្វើឱ្យមានការនោមញឹក បន្ទាប់ពីទទួលទានរួច។
ប្រសិនបើអ្នកធ្លាប់មានបញ្ហាក្រពះ ដូចជាការចាល់អាស៊ីត ឬដំបៅ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុននឹងទទួលជាតិកាហ្វេអ៊ីននេះ។
ម៉្យាងទៀតជាតិកាហ្វេអ៊ីននេះ មានឥទ្ធិពលទៅលើប្រព័ន្ធឈាម និងផ្លូវដង្ហើមទៀតផង។ ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែសម្រាប់មនុស្សភាគច្រើន ជាតិកាហ្វេអ៊ីនេះមិនមានឥទ្ធិពលលើសម្ពាធឈាមនោះទេ។
មួយវិញទៀត ប្រសិនបើអ្នកដែលមានចង្វាក់បេះដូងមិនប្រក្រតី ជាតិកាហ្វេអ៊ីននឹងធ្វើឱ្យបេះដូងដំណើរការកាន់តែលំបាក។ ដូច្នេះបើអ្នកមានសម្ពាធឈាមខ្ពស់ (លើសឈាម) ឬបញ្ហាទាក់ទងនឹងបេះដូង គឺត្រូវសូមសួរគ្រូពេទ្យថាជាតិកាហ្វេអ៊ីនមានសុវត្ថិភាពសម្រាប់អ្នកដែរឬទេ។
បន្ថែមពីនេះ ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចបណ្តាលឱ្យបេះដូងលោតញាប់ ឬមិនទៀងទាត់ និងមានបញ្ហាក្នុងការដកដង្ហើមផងដែរ។ ហើយករណីកម្រខ្លះ ការប្រើជាតិកាហ្វេអ៊ីនលើសកម្រិតអាច ធ្វើឱ្យចង្វាក់បេះដូងលោតខុសប្រក្រតី និងបណ្ដាលឱ្យស្លាប់ដោយសារការប្រកាច់ទៀតផង។
ម៉្យាងវិញទៀត ក៏មានឥទ្ធិពលលើប្រព័ន្ធសាច់ដុំ និងគ្រោងឆ្អឹងទៀតផង។ ជាតិកាហ្វេអ៊ីនក្នុងបរិមាណច្រើនអាចរំខានដល់ការស្រូប និងការបំប្លែងសារជាតិកាល់ស្យូម ដែលរួមចំណែកដល់ ជំងឺពុកឆ្អឹង និងបណ្តាលឱ្យសាច់ដុំកន្ត្រាក់ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ជាតិកាហ្វេអ៊ីនក៏ប៉ះពាល់ដល់ស្រ្តីផ្ទៃមានផ្ទៃពោះផងដែរ។ ស្រ្តីផ្ទៃមានផ្ទៃពោះ ដែលទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក នោះនឹងអាចបណ្តាលឱ្យគក៌មានការលូតលាស់យឺត និងមានហានិភ័យក្នុងការរលូតកូនទៀតផង។ ដូច្នេះ ស្រ្តីគួរទទួលជាតិកាហ្វេអ៊ីនក្នុងបរិមាណតិចតួច ដើម្បីមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះនេះ។
បន្ថែមពីនេះ យោងតាមគ្លីនិក Mayo បានណែនាំផងដែរថា ប្រសិនស្រ្តីដែលព្យាយាមមានផ្ទៃពោះ ស្រ្តីគួរកំណត់កាតទទួលទានជាតិកាហ្វេអ៊ីន ដោយត្រឹម ២០០ ទៅ ៣០០ មីលីក្រាមក្នុងមួយថ្ងៃ៕