លោកស្រីវេជ្ជបណ្ឌិត ឡាំ ភីរុណ ប្រធានកម្មវិធីជាតិសុខភាពបន្តពូជ បានឱ្យដឹងថា ភាគរយនៃការរំលូតកូនមានការកើនឡើងពី ៥% នៅឆ្នាំ២០១០ ដល់ ៧% នៅឆ្នាំ២០១៤។
ប្រធានកម្មវិធីសុខភាពបន្តពូជ ថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពី “ការពន្យារកំណើតពិភពលោកឆ្នាំ២០១៥” នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
លោកស្រី ឡាំ ភីរុណ បានឱ្យដឹងទៀតថា តាមរយៈការអង្កេតប្រជាសាស្ត្រឆ្នាំ ២០១៤ បានបង្ហាញថា អត្រារំលូតកូនបានកើនឡើន ៧% ក្នុងចំណោមនោះចំនូនអ្នកធ្លាប់រំលូតកូនម្តងមាន ៧៤% អ្នកធ្លាប់រំលូត ២ដង មាន ១៧% និងអ្នកដែលធ្លាប់ធ្វើការរំលូតចាប់ពី ៤ ដងឡើង មាន ៤%។
លោកស្រីបន្តថា បើតាមច្បាប់នៃប្រទេសកម្ពុជា ការរំលូតកូននៅកម្ពុជា គឺធ្វើឡើងដោយស្របច្បាប់ ប៉ុន្តែត្រូវរំលូតដោយពេទ្យជំនាញ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងនៅកន្លែងដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះដែរ លោកស្រីក៏បានឱ្យដឹងដែរថា ស្ត្រីវ័យក្មេងដែលមានអាយុចាប់ ១៥ ដល់ ១៩ ឆ្នាំ បានក្លាយជាម្ដាយពពោះកូនដំបូង បានកើន ៨% ក្នុងឆ្នាំ ២០១០ និង ១២% នៅឆ្នាំ២០១៤ ។ លោកស្រីថា ការមានកូននៅវ័យក្មេងភាគច្រើនកើតលើស្ត្រីដែលមិនមានការសិក្សា។
លោកស្រី ឡាំ ភីរុណ បន្ថែមថា ការមានកូននៅវ័យក្មេងពេក បានបង្កឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់ស្ត្រីដូចជា កើតកូនមិនគ្រប់ខែ កូនស្លាប់ក្នុងពោះ ទារកកើតមិនគ្រប់គីឡួ ពិបាកក្នុងការសម្រាលកូន ក្រឡាភ្លើង និងសម្ពាធឡើងខ្ពស់ ដែលបញ្ហានេះ បានធ្វើឱ្យអត្រាស្លាប់ម្តាយ និងទារកមានកម្រិតខ្ពស់។