en     km
en     km

សង្គម​ស៊ី​វិល​គាំទ្រ​ឱ្យ​ចាត់វិធានការ​ច្បាប់​ ចំពោះ​អ្នក​ចេញ​អត្តសញ្ញាណ​បណ្ណ​មិន​ប្រក្រតី​ដល់​ជនបរទេស​

Share

WMC-logo-for-slideshow

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រមា​ន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន​ ដែល​បាន​ចេញ​អត្តសញ្ញាណ​បណ្ណ​មាន​ភាព​មិន​ប្រក្រតី​ទៅ​ដល់​ជនបរទេស​។​ សង្គម​ស៊ី​វិល​ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ​ត្រូវ​ផ្តន្ទាទោស​ ចំពោះ​មន្ត្រី​ទាំងនោះ​ទៅ​តាម​ផ្លូវច្បាប់​។​

​លោក​ ធូ​ វី​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

​សង្គម​ស៊ី​វិល​ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ភ្លាមៗ​ ទាំង​ផ្នែករ​ដ្ឋា​បាល​ និង​ផ្លូវច្បាប់​ ចំពោះ​ មន្ត្រី​នគរបាល​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដែល​បាន​ចេញ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខែ្ម​រ​ទៅ​ដល់​ជនបរទេស​កន្លង​មក​។​

សូម​ជម្រាប​ថា​ ការ​ស្នើ​របស់​សង្គម​ស៊ី​វិល​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ម្សិលមិញ​ថា​ ក្រសួងមហាផ្ទៃ​បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​មន្ត្រី​នគរបាល​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ បាន​ចេញ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខែ្ម​រ​ទៅ​ដល់​ជនបរទេស​កន្លង​មក​ ។​

លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​បានឱ្យ​ដឹង​ នា​ព្រឹក​ថ្ងៃ​ទី​ ៣០​ ធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​  កន្លង​មក​លោក​សង្កេត​ឃើញ​ថា​ ការ​ចេញ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខែ្ម​រ​ទៅ​ដល់​ជនបរទេស​នេះ​ ពិសេស​ជនជាតិ​វៀ​ណា​ម​ មាន​ភាព​មិន​ប្រក្រតី​ច្រើន​ ដូច​ជា​ករណី​ជនបរទេស​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ ឯកសារ​មិន​គ្រប់គ្រាន់​ និង​គ្មាន​ការ​ទទួលស្គាល់​ពី​ព្រះមហាក្សត្រ​ជាដើម​។​

លោក​ សន​ ជ័យ​បន្ត​ថា​ បញ្ហា​នេះ​ក្រសួងមហាផ្ទៃ​ត្រូវ​តែ​ចាត់វិធានការ​ភ្លាមៗ​ ទាំង​ផ្នែករ​ដ្ឋា​បាល​ និង​ផ្លូវច្បាប់​។​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​រូប​នេះ​ បាន​ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើបអង្កេត​អំពី​បញ្ហា​នេះ​ផង​ដែរ​។​

​លោក​ សន​ ជ័យ​ និយាយ​ថា​៖​ «​ខ្ញុំ​ថា​ គឺ​កំហុស​ធ្ងន់ធ្ងរ​ណាស់​របស់​អ្នក​ដែល​ចេញ​អត្តសញ្ញាណប័ណ្ណ​ ហើយ​មិន​តែ​អ្នក​រត់ការ​ទេ​ ត្រូវ​មានទោស​ដល់​អ្នក​ចុះហត្ថលេខា​ទៀត​ផង​ ។​ បទល្មើស​ពុក​រលួយ​ជា​ប្រព័ន្ធ​ រឿង​ចេញ​អត្តសញ្ញាណ​បណ្ណ​ឱ្យ​ជន​មួយ​មិនជា​ជនជាតិ​ខ្មែរ​ មាន​ន័យ​ថា​ពួក​គេ​មិន​ទាន់​ទទួលស្គាល់​សញ្ជាតិ​ ដោយ​ព្រះរាជ​ក្រឹ​ត​។​ រឿង​នេះ​ធ្ងន់ធ្ងរ​ណាស់​»​ ។​

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ​ លោក​ ព្រាប​ កុ​ល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខែ្ម​រ​ ទៅ​ដល់​ជនបរទេស​នេះ​ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សូក​លុយ​ ទៅ​នឹង​មន្ត្រី​មូលដ្ឋាន​ ដែល​មាន​ភារកិច្ច​បំពេញ​ឯកសារ​អត្រា​នុ​គោល​ដ្ឋា​ន​ ឬ​អត្តសញ្ញាណ​បណ្ណ​ ទើប​បណ្តាល​ឱ្យ​មានការ​ចេញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខែ្ម​រ​មិន​ប្រក្រតី​នេះ​។​ លោក​ ព្រាប​ កុ​ល​ បន្ថែម​ថា​ ក្រសួងមហាផ្ទៃ​ត្រូវ​ផ្តន្ទាទោស​ចំពោះ​មន្ត្រី​ទាំងនោះ​ ទៅ​តាម​ផ្លូវច្បាប់​ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​កើតឡើង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។​

លោ​ល​ ព្រាប​ កុ​ល​ មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​ថា​មិន​គួរតែ​ទេ​ មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​ ខុសច្បាប់​ ខុស​នីតិវិធី​ ហើយ​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ មិន​គួរតែ​ គឺ​ត្រូវ​តែ​ទទួលទោស​ ប្រសិនបើ​មិន​ដាក់ទោស​ទេ​ គឺ​បង្កើត​នូវ​គំរូ​មិនល្អ​ និង​ខាត​ប្រយោជន៍​ជាតិ​»​។​

​សូម​រំឭក​ថា​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​បញ្ជាក់​ថា​ ក្រសួង​នឹង​ចាត់វិធានការ​ ចំពោះ​មន្ត្រី​ទាំងនោះ​ ទៅ​តាម​រដ្ឋបាល​របស់​ក្រសួង​ បើ​ធ្ងន់ធ្ងរ​ជាង​នេះ​ នឹង​ឈាន​ទៅ​ដល់​ការ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​ទៀត​ផង​៕

Share

ព័ត៌មានទាក់ទង

Image