en     km
en     km

សាច់ញាតិសកម្មជនដីធ្លីជាប់ឃុំ បន្តទាមទារឱ្យតុលាការខេត្តកោះកុងដោះលែងសកម្មជនជួបជុំក្រុមគ្រួសារវិញ

Share

ប្រជាសហគមន៍នៅក្នុងខេត្តកោះកុងនាំគ្នាតវ៉ាទាមទារឱ្យដោះលែងសកម្មជនដីធ្លីចំនួន ៩នាក់  ស្របពេលដែលតុលាការកោះហៅអ្នកទាំង ៩ នាក់មកសាកសួរបន្ថែម។ សាច់ញាតិរបស់សកម្មជនដីធ្លីជាប់ឃុំទាំង៩នាក់ ទាមទារឱ្យតុលាការខេត្តកោះកុងដោះលែង ម្ដាយ ប្ដី ប្រពន្ធ និងកូន របស់ពួកគេ ដោយអះអាងថាតុលាការបានចោទប្រកាន់ទាំងអយុត្តិធម៌។ លោក គីម ចាន់ចាវ រាយការណ៍

 

ចាប់តាំងពីអាជ្ញាធរចាប់ខ្លួនសកម្មជនដីធ្លី នៅខេត្តកោះកុងនៅអំឡុងចុងខែមិថុនា ក្រុមប្រជាសហគមន៍ព្រលាន និងសាច់ជាតិសកម្មជនដីធ្លីទាំងនោះបាននាំគ្នាចេញមកតវ៉ាទាមទារ ជាបន្តបន្ទាប់ឱ្យមានការដោះលែង។ ស្របពេល ដែលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង កោះហៅអ្នកទាំង៩នាក់មកសាកសួរបន្ថែម ក្នុងសំណុំរឿង «ញុះញង់» នៅថ្ងៃទី១១ កក្កដា ក្រុមប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាង៨០នាក់  និងភាគច្រើនជាសាច់ញាតិរបស់សកម្មជនដីធ្លី ដែលកំពុងជាប់ឃុំទាំង៩នាក់ មានទាំងកូនក្មេង និងមនុស្សចាស់ បានប្រមូលផ្ដុំគ្នាតវ៉ា នៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីឱ្យតុលាការទម្លាក់ការចោទប្រកាន់មកលើសកម្មជនដីធ្លីទាំង៩នាក់ និងដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ។ ពួកគេបានតវ៉ាដោយលើកបដាសរសេរនូវខ្លឹមសារទាមទារ និងស្រែកឱ្យដោះលែងសកម្មជនដីធ្លីទាំង៩នាក់នោះ។

កុមារី ថា កាកា មានអាយុ៨ឆ្នាំជាកូនស្រីរបស់អ្នកស្រី ផាវ ញ៉ើង សកម្មជនម្នាក់ក្នុងចំនោមអ្នកទាំង៩នាក់ ដែលមានកូនតូចអាយុជាងមួយខួបត្រូវនៅក្នុងពន្ធនាគារតាមម្ដាយផងនោះ។ កុមារី កាកា បានស្នើឱ្យអ្នកពាក់ព័ន្ធដោះលែងម្ដាយរបស់ខ្លួនដើម្បីអាចឱ្យពួកគេអាចជួបជុំគ្នាវិញ។

កុមារី កាកា ៖«ខ្ញុំសុំឱ្យតុលាការខេត្តកោះកុងជួយដោះលែងម៉ាក់ខ្ញុំៗចង់ជួបជុំគ្រួសារវិញ។ ខ្ញុំសុំឱ្យសម្តេចជួយដោះលែងម៉ាក់ខ្ញុំ ពីពន្ធនាគារ ខ្ញុំចង់ជួបជុំគ្រួសារឡើងវិញ។ ខ្ញុំបារម្មណ៍ម៉ាក់ខ្លាំង ខ្ញុំបារម្មណ៍អាអូនខ្លាំងដែរ»។

សកម្មជនដីធ្លីចំនួន១០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៣ ។ ពួកគេ៩នាក់ក្នុង ចំណោមនោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅក្នុងពន្ធនាគារខេត្តកោះកុង ដោយសកម្មជនម្នាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌមួយចំនួន។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីសកម្មជនដីធ្លីទាំងនោះព្យាយាមធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌ ។ ក្រុមសង្គមស៊ីវិលជាង៥០ស្ថាប័នដែលទាមទារឱ្យដោះលែងពួកគេ ឱ្យដឹងថា ប្រសិនបើត្រូវបានផ្តន្ទាទោស សកម្មជនដីធ្លីម្នាក់ៗនឹងប្រឈមនូវការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និង ពិន័យជាប្រាក់ រហូតដល់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារ)។

ចំណែកប្អូនប្រុស អ្នកស្រី  យី គន្ធា គឺលោក យី វ៉ន បានទទូចឱ្យតុលាការដោះលែងបងស្រីរបស់ខ្លួន ដោយលោក អះអាងថា តុលាការបានចោទប្រកាន់ទាំងអយុត្តិធម៌។

«យ៉ាងអយុត្តិធម៌ជាទីបំផុតដោយគេចោទប្រកាន់គាត់ពីបទញុះញង់ ទាំងជាក់ស្ដែងច្បាប់បានចែងថា ច្បាប់ញុះញង់ទាល់តែបុគ្គលណាបានប្រព្រឹត្តិអំពើដែលបង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។ ជាក់ស្ដែងបងស្រីខ្ញុំគឺមិនមានប្រព្រឹត្តិអំពើណាមួយដែលបង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គមឡើយ។ សូមអំពាវនាវដល់សម្តេចដែលជាប្រមុខថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រសួងយុត្តិធម៌ សូមជួយអន្តរាគមន៍ដើម្បីឱ្យបានដោះលែងបងស្រីខ្ញុំមកវិញ ឱ្យគាត់បានជួយជុំគ្រួសារ ក៏ដូចជាពលរដ្ឋដ៏ទៃទៀត ដែលត្រូវបានគេចាប់ខ្លួនយ៉ាងអយុត្តិធម៌»។

ពាក់ព័ន្ធបញ្ហានេះ វិទ្យុស្ត្រីធ្លាប់បានទាក់ទងសុំការបំភ្លឺពីលោក ឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង ប៉ុន្តែលោកបានបដិសេដដោយហេតុថាជាប់បំពេញការងារ។ លោក វាសនា កូនប្រុសម្នាក់ទៀតរបស់អ្នកស្រី ផាវ ញ៉ើង សូមតុលាការខេត្តកោះកុង ដោះលែងនិងទម្លាក់រាល់បទចោទប្រកាន់លើម្តាយរបស់លោកនិងតំណាងសហគមន៍ផ្សេងទៀតទាំងអស់០៩រូប ឲ្យមានសេរីភាព ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ដោយអះអាងថា ពួកលោកជាជនរងគ្រោះ គ្មានកំហុសទេ។ លោកបន្តថា «តុលាការខេត្តកោះកុងត្រូវផ្តល់យុត្តិធម៌ដល់រាស្រ្តក្រីក្រ ស្លូតត្រង់ ស្របតាមច្បាប់ដែលបានចែងដោយវិជ្ជាជីវៈ»។

សកម្មជនដីធ្លីទាំង១០នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ និងអ្នកស្រី សួង ថេង ។ អ្នកស្រី សួង ថេង គឺជាសកម្មជនតែម្នាក់គត់ ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង។ សកម្មជន ៩នាក់ ទៀត (ជាមួយនឹងកូនអ្នកស្រី ផាវ ញ៉ុង ដែលមានអាយុ ១៨ខែ) គឺនៅជាប់ឃុំក្នុងពន្ធនាគារខេត្ត កោះកុងនៅឡើយ៕

Share

ព័ត៌មានទាក់ទង

Image