en     km
en     km

ស្ថានីយ៍បំប្លែងទឹកកខ្វក់ខេត្តព្រះសីហនុបានសាងសង់ក្រោយមានការរិះគន់ពីករណីបង្ហូរទឹកស្អុយចូលសមុទ្រ

Share

ភ្នំពេញ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣(PS3)ក្នុងខេត្តព្រះសីហនុជិតដាក់ឱ្យដំណើរការជាផ្លូវការហើយ បន្ទាប់ពីសាងសង់សម្រេចបាន ៩៨ភាគរយ និងអាចបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ វត្តមានរបស់ស្ថានីយ៍ចម្រោះទឹកកង្វក់មុនបង្ហូរចូលសមុទ្រជាបន្តបន្ទាប់នេះកើតឡើងបន្ទាប់ពីក្រុមយុវជនបរិស្ថានបានរិះគន់កាលពីពេលកន្លងទៅ។

លោក ហុង សេរីហ្វុង ជូនសេចក្តីរាយការណ៍

អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣(PS3)ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានធ្វើបច្ចុប្បន្នភាពនៃការសាងសង់ដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៣ម្សិលមិញ។ បើតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា អាងបំប្លែងទឹកកខ្វក់មុនបង្ហូរចូលសមុទ្រមួយនេះ សម្រេចបានការសាងសង់ ៩៨ភាគរយ និងអាចបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ជាងនេះក្រុមហ៊ុនកំពុងនឹងរៀបចំធ្វើត្តេសសាកល្បងនៅចុងខែកក្កដា ២០២៣ មុនដឹងដាក់ឱ្យដំណើរការជាផ្លូវការ។

លោកអភិបាលខេត្តព្រះសីហនុចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ថានីយ៍ចម្រោះទឹកកង្វក់។រូបភាពរដ្ឋបាលខេត្តព្រះសីហនុ។

តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន X.WATER បានឱ្យដឹងថា អាងនេះអាចមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងមួយថ្ងៃ ២ម៉ឺនម៉ែត្រគូប។ ក្រុមហ៊ុនសាង់សងបន្ថែមថា ស្ថានីយ៍បន្សុទ្ធទឹកកខ្វក់ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាតមួយនេះ គឺស្របតាមស្តង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយ MABR ដែលត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។

បច្ចុប្បន្នខេត្តព្រះសីហនុបានដាក់ដំណើរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ ចំណែកស្ថានីយ៍ទី៣កំពុងដំណើរការ។ ស្ថានីយ៍ទី១សមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងទី២បានបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

តាមការឱ្យដឹង ក្រៅពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំង ៣ខាងលើ ខេត្តព្រះសីហនុនៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត ដោយ ៤ ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្នុងក្រុងព្រះសីហនុ។

រូបអាងចម្រោះទឹកកង្វក់ទី៣។រូបភាពរដ្ឋបាលខេត្តព្រះសីហនុ

ជាការកត់សម្គាល់ ការសាងសង់ស្ថានីយ៍ចម្រុះទឹកកង្វក់មុនបង្ហូរចូលសមុទ្រទាំងនេះ បានកើតឡើងបន្ទាប់ពីក្រុមយុវជនចលនាមាតាធម្មជាតិនិងយុវជនបរិស្ថាន បានបង្ហោះឃ្លីបវីដេអូរិះគន់ពីករណីបង្ហូរទឹកស្អុយចូលសមុទ្រយ៉ាងអនាធិបតេយ្យពីសំណាក់ភោជនីយដ្ឋាននិងសណ្ឋាគារមួយចំនួនដែលមានជនជាតិចិនជាម្ចាស់។

តែអ្វីជាការកត់សម្គាលដាច់ឡែកមួយទៀតនោះ ក្រុមយុវជនមាតាធម្មជាតិបែរជាត្រូវបានសមត្ថកិច្ចមានចំណាច់ការតាមផ្លូវច្បាប់ទៅវិញ។ ដោយឡែកកាលពីពេលថ្មីៗនេះក្រុមយុវជនបរិស្ថានបានសាទរចំពោះរដ្ឋបាលខេត្តសៀមរាបដែលកែលម្អស្ថានភាពទឹកកង្វក់ក្នុងស្ទឹងសៀមរាបឡើងវិញ បន្ទាប់ពីក្រុមយុវជនធ្លាប់បានរិះគន់កាលពីពេលកន្លងទៅផងដែរ៕

Share

ព័ត៌មានទាក់ទង

Image