ក្រោយពេលក្រុមអ្នកបើកបររថយន្តក្រុងនៃក្រុមហ៊ុនកាពីតូល បានបង្កើតជាសហជីព ដើម្បីរួមកម្លាំងគ្នាទាមទារឱ្យក្រុមហ៊ុនគោរពច្បាប់ការងាររួចមក ពួកគេ ៥៥ នាក់ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ក្រោមហេតុផលថា អ្នកទាំងនោះជាក្រុមអាណាធិបតេយ្យ មិនគោរពបទបញ្ជាក្រុមហ៊ុន និងកិបកេងទ្រព្យសម្បតិ្តក្រុមហ៊ុនជាដើម។ នៅថ្ងៃនេះ អ្នកបើកបររថយន្តក្រុងប្រមាណ ៥០ នាក់ ដែលក្រុមហ៊ុនបានបណ្ដេញចេញកាលពីខែកក្កដាកន្លងទៅ បានចេញមកតវ៉ាជាថ្មី ទាមទារឱ្យក្រុមហ៊ុនមួយនេះគោរពច្បាប់ការងារ និងទទួលយកអ្នកបើកបរទាំង ៥៥ នាក់ ឱ្យចូលធ្វើការងារដូចធម្មតាវិញ។
ក្នុងការទាមទារនេះ ក្រុមអ្នកបើកបរក៏ស្នើឱ្យក្រុមហ៊ុនគោរពតាមច្បាប់ការងារ ដោយត្រូវអនុញ្ញាតឱ្យអ្នកបើកបរបានឈប់សម្រាកតាមអ្វីដែលច្បាប់បានកំណត់។
អតីតអ្នកបើកបរមួយរូប គឺលោក សំ វិចិត្រ និយាយថា ការដែលក្រុមអ្នកបើកបរមកតវ៉ានៅថ្ងៃនេះ គឺបំណងចង់ឱ្យថៅកែក្រុមហ៊ុនទទួលយកតៃកុងឡានទាំង ៥០ នាក់ ដែលថៅកែបានបញ្ឈប់កាលពីពេលកន្លងទៅ ឱ្យចូលធ្វើការវិញ និងសូមឱ្យក្រុមហ៊ុនត្រូវផ្តល់ថ្ងៃឈប់សម្រាកដល់អ្នកបើកបរទាំងអស់ ទៅតាមច្បាប់ការងារដែលបានកំណត់។
លោកបន្តថា កន្លងមក ខាងក្រុមហ៊ុនមិនដែលផ្តល់ថ្ងៃឈប់សម្រាកដល់អ្នកបើកបរ បានសម្រាកដូចបុគ្គលិកឯទៀតនោះទេ។ លោក សំ វិចិត្រ ៖ «ខ្ញុំសូមទាមទារឱ្យគោរពច្បាប់ការងារ ហើយនិងសូមចូលការដោយសន្តិវិធី។ ខ្ញុំធ្វើការរយៈពេល ១០ ឆ្នាំជាង ខ្ញុំមិនដែលស្គាល់ជាតិថា ច្បាប់ការងារយ៉ាងម៉េចទេ»។
រីឯលោក វ៉ាន់ ណារ៉ង តំណាងសហជីពប្រជាធិបតេយ្យកម្មករនិយោជិតនៃក្រុមហ៊ុនកាពីតូល និយាយថា កន្លងមកក្រុមហ៊ុនកាពីតូលបានបិទសិទ្ធិសេរីភាពរបស់អ្នកបើកបរ ដោយមិនបានគោរពតាមច្បាប់ការងារនោះទេ ពោលគឺខាងក្រុមហ៊ុននៅតែកាត់ប្រាក់ខែបុគ្គលិកដដែល បើទោះបីជាបុគ្គលិកបានដាក់ច្បាប់សម្រាកត្រឹមត្រូវក៏ដោយ។ លោក វ៉ាន់ ណារ៉ង បញ្ជាក់ពីមូលហេតុដែលនាំឱ្យក្រុមហ៊ុនបណ្ដេញអ្នកបើកបរទាំងនោះថា គឺមកពីអ្នកបើកបរទាំងនោះហ៊ានបង្កើតជាសហជីពក្នុងក្រុមហ៊ុន ដោយហ៊ានងើបឡើងតវ៉ាជាមួយក្រុមហ៊ុន។
លោក វ៉ាន់ ណារ៉ង ៖ «ក្រុមហ៊ុនបិទសិទ្ធិសេរីភាពទាំងអស់ និយាយរួមគ្មានច្បាប់ស្តីពីការងារយកមកប្រើប្រាស់ទេ សូម្បីតែថ្ងៃអាទិត្យក្នុងមួយខែយើងឈប់ ៤ ថ្ងៃ ក៏អត់បានឈប់ ហើយថ្ងៃបុណ្យទានធំ ដូចជាបុណ្យភ្ជុំ ចូលឆ្នាំ បុណ្យប្រពៃណីជាតិគឺអត់មាន និយាយរួមទៅក្រុមហ៊ុនប្រើបុគ្គលិករហូត ហើយមានពេលខ្លះបើសិនជាយើងសូមច្បាប់នៅថ្ងៃដូចជា ភ្ជុំចូលឆ្នាំ ពេលដែលមានភ្ញៀវច្រើនគេហ្នឹងបញ្ឈប់ការងារយើងតែម្តងក៏មានដែរ»។
ឆ្លើយតបក្នុងរឿងនេះ លោក ផាន់ សុភាព តំណាងក្រុមហ៊ុនកាពីតូល អះអាងថា ក្រុមហ៊ុនមិនដែលគាបសង្កត់បុគ្គលិកណាឡើយពាក់ព័ន្ធនឹងការឈប់សម្រាកនេះ និងបានអនុវត្តតាមច្បាប់ការងារជានិច្ច។ លោកផាន់ សុភាព បញ្ជាក់ថា ក្រុមហ៊ុនមិនអាចទទួលយកអ្នកបើកបរទាំងនោះមកធ្វើការវិញបាននោះទេ ដោយចោទថា អ្នកបើកបរទាំងនោះគឺជាក្រុមអាណាធិបតេយ្យ មិនបានបំពេញការងារតាមបទបញ្ជាក្រុមហ៊ុន ថែមទាំងបានកិបកេងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុនថែមទៀតផង។
លោក ផាន់ សុភាព៖ «ក្រុមហ៊ុនមិនអាចយកអ្នកទាំងនោះបានទេ គឺពួកគាត់ធ្វើឲ្យអ្នកដំណើរបាត់ជំនឿទុកចិត្តមកលើក្រុមហ៊ុនទាំងស្រុកតែម្តង។ អញ្ចឹងខាងក្រុមហ៊ុនត្រូវតែបញ្ឈប់ពួកគាត់ ហើយពួកគាត់មិនបានគោរពកិច្ចសន្យាដែលគាត់បានចុះហត្ថលេខាបំពេញការងារជាមួយក្រុមហ៊ុន គាត់ក៏មិនគោរពតាមបទបញ្ជរបស់ក្រុមហ៊ុន ហើយបានលួចកិបកេងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទុកប្រយោជន៍ផ្ទាស់ខ្លួន»។
សូមបញ្ជាក់ថា ការតវ៉ានៅព្រឹកមិញនេះ កម្លាំងសមត្ថកិច្ចបានដកហូតឧបករណ៍បំពងសំឡេងពីក្រុមអ្នកតវ៉ាផងដែរ ដោយប្រាប់ហេតុផលថា រក្សាសណ្តាប់សាធារណៈ៕