en     km
en     km

អ្នកបើកបរ​ឡានក្រុង​កា​ពី​តូ​លត​វ៉ា​ឱ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​ និង​ឱ្យ​បុគ្គលិក​ ៥០​ នាក់​ ចូល​ធ្វើការ​វិញ

Share

cover-protest-at-Capitol-car-company
​ក្រោយ​ពេល​ក្រុម​អ្នកបើកបរ​រថយន្តក្រុង​នៃ​ក្រុមហ៊ុន​កា​ពី​តូ​ល​ បាន​បង្កើត​ជា​សហជីព​ ដើម្បី​រួម​កម្លាំង​គ្នា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​រួច​មក​ ពួក​គេ​ ៥៥​ នាក់​ ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ ក្រោម​ហេតុផល​ថា​ អ្នក​ទាំងនោះ​ជា​ក្រុម​អាណា​ធិ​ប​តេ​យ្យ​ មិន​គោរព​បទបញ្ជា​ក្រុមហ៊ុន​ និង​កិបកេង​ទ្រព្យសម្បតិ្ត​ក្រុមហ៊ុន​ជាដើម​។​ នៅ​ថ្ងៃនេះ​ អ្នកបើកបរ​រថយន្តក្រុង​ប្រមាណ​ ៥០​ នាក់​ ដែល​ក្រុមហ៊ុន​បាន​បណ្ដេញចេញ​កាលពី​ខែកក្កដា​កន្លង​ទៅ​ បាន​ចេញ​មក​តវ៉ា​ជា​ថ្មី​ ទាមទារ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​គោរព​ច្បាប់​ការងារ​ និង​ទទួលយក​អ្នកបើកបរ​ទាំង​ ៥៥​ នាក់​ ឱ្យ​ចូល​ធ្វើ​ការងារ​ដូច​ធម្មតា​វិញ​។

​ក្នុង​ការ​ទាមទារ​នេះ​ ក្រុម​អ្នកបើកបរ​ក៏​ស្នើ​ឱ្យ​ក្រុមហ៊ុន​គោរព​តាម​ច្បាប់​ការងារ​ ដោយ​ត្រូវ​អនុញ្ញាត​ឱ្យ​អ្នកបើកបរ​បាន​ឈប់​សម្រាក​តាម​អ្វី​ដែល​ច្បាប់​បាន​កំណត់​។​

អតីត​អ្នកបើកបរ​មួយ​រូប​ គឺ​លោក​ សំ​ វិចិត្រ​ និយាយ​ថា​ ការ​ដែល​ក្រុម​អ្នកបើកបរ​មក​តវ៉ា​នៅ​ថ្ងៃនេះ​ គឺ​បំណង​ចង់ឱ្យ​ថៅកែ​ក្រុមហ៊ុន​ទទួលយក​តៃកុង​ឡាន​ទាំង​ ៥០​ នាក់​ ដែល​ថៅកែ​បាន​បញ្ឈប់​កាលពី​ពេល​កន្លង​ទៅ​ ឱ្យ​ចូល​ធ្វើការ​វិញ​ និង​សូម​ឱ្យ​ក្រុមហ៊ុន​ត្រូវ​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​ដល់​អ្នកបើកបរ​ទាំងអស់​ ទៅ​តាម​ច្បាប់​ការងារ​ដែល​បាន​កំណត់​។​

លោក​បន្ត​ថា​ កន្លង​មក​ ខាង​ក្រុមហ៊ុន​មិន​ដែល​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​ដល់​អ្នកបើកបរ​ បាន​សម្រាក​ដូច​បុគ្គលិក​ឯទៀត​នោះ​ទេ​។​ លោក​ សំ​ វិចិត្រ​ ៖​ «​ខ្ញុំ​សូម​ទាមទារ​ឱ្យ​គោរព​ច្បាប់​ការងារ​ ហើយ​និង​សូម​ចូល​ការ​ដោយ​សន្តិវិធី​។​ ខ្ញុំ​ធ្វើការ​រយៈពេល​ ១០​ ឆ្នាំ​ជាង​ ខ្ញុំ​មិន​ដែល​ស្គាល់​ជាតិ​ថា​ ច្បាប់​ការងារ​យ៉ាងម៉េច​ទេ​»​។​

រីឯ​លោក​ វ៉ា​ន់​ ណា​រ៉​ង​ តំណាង​សហជីព​ប្រជាធិបតេយ្យ​កម្មករនិយោជិត​នៃ​ក្រុមហ៊ុន​កា​ពី​តូ​ល​ និយាយ​ថា​ កន្លង​មក​ក្រុមហ៊ុន​កា​ពី​តូ​ល​បាន​បិទ​សិទ្ធិ​សេរីភាព​របស់​អ្នកបើកបរ​ ដោយ​មិន​បាន​គោរព​តាម​ច្បាប់​ការងារ​នោះ​ទេ​ ពោល​គឺ​ខាង​ក្រុមហ៊ុន​នៅ​តែ​កាត់​ប្រាក់ខែ​បុគ្គលិក​ដដែល​ បើ​ទោះបីជា​បុគ្គលិក​បាន​ដាក់​ច្បាប់​សម្រាក​ត្រឹមត្រូវ​ក៏​ដោយ​។​  លោក​ វ៉ា​ន់​ ណា​រ៉​ង​ បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​បណ្ដេញ​អ្នកបើកបរ​ទាំងនោះ​ថា​ គឺ​មក​ពី​អ្នកបើកបរ​ទាំងនោះ​ហ៊ាន​បង្កើត​ជា​សហជីព​ក្នុង​ក្រុមហ៊ុន​ ដោយ​ហ៊ាន​ងើបឡើង​តវ៉ា​ជាមួយ​ក្រុមហ៊ុន​។​

លោក​ វ៉ា​ន់​ ណា​រ៉​ង​ ៖​ «​ក្រុមហ៊ុន​បិទ​សិទ្ធិ​សេរីភាព​ទាំងអស់​ និយាយ​រួម​គ្មាន​ច្បាប់​ស្តី​ពី​ការងារ​យក​មក​ប្រើប្រាស់​ទេ​ សូ​ម្បី​តែ​ថ្ងៃអាទិត្យ​ក្នុង​មួយ​ខែ​យើង​ឈប់​ ៤​ ថ្ងៃ​ ក៏​អត់​បាន​ឈប់​ ហើយ​ថ្ងៃ​បុណ្យ​ទាន​ធំ​ ដូច​ជា​បុណ្យ​ភ្ជុំ​ ចូល​ឆ្នាំ​ បុណ្យប្រពៃណី​ជាតិ​គឺ​អត់​មាន​ និយាយ​រួម​ទៅ​ក្រុមហ៊ុន​ប្រើ​បុគ្គលិក​រហូត​ ហើយ​មាន​ពេល​ខ្លះ​បើសិនជា​យើង​សូម​ច្បាប់​នៅ​ថ្ងៃ​ដូច​ជា​ ភ្ជុំ​ចូល​ឆ្នាំ​ ពេល​ដែល​មាន​ភ្ញៀវ​ច្រើន​គេ​ហ្នឹង​បញ្ឈប់​ការងារ​យើង​តែ​ម្តង​ក៏​មាន​ដែរ​»​។​

2-protest-at-Capitol-car-company
​ឆ្លើយ​តប​ក្នុង​រឿង​នេះ​ លោក​ ផា​ន់​ សុភាព​ តំណាង​ក្រុមហ៊ុន​កា​ពី​តូ​ល​ អះអាង​ថា​ ក្រុមហ៊ុន​មិន​ដែល​គាបសង្កត់​បុគ្គលិក​ណា​ឡើយ​ពាក់ព័ន្ធ​នឹង​ការ​ឈប់​សម្រាក​នេះ​ និង​បាន​អនុវត្ត​តាម​ច្បាប់​ការងារ​ជា​និច្ច​។​ លោក​ផា​ន់​ សុភាព​ បញ្ជាក់​ថា​ ក្រុមហ៊ុន​មិន​អាច​ទទួលយក​អ្នកបើកបរ​ទាំងនោះ​មក​ធ្វើការ​វិញ​បាន​នោះ​ទេ​ ដោយ​ចោទ​ថា​ អ្នកបើកបរ​ទាំងនោះ​គឺជា​ក្រុម​អាណា​ធិ​ប​តេ​យ្យ​ មិន​បាន​បំពេញការងារ​តាម​បទបញ្ជា​ក្រុមហ៊ុន​ ថែម​ទាំង​បាន​កិបកេង​ទ្រព្យសម្បតិ្ត​របស់​ក្រុមហ៊ុន​ថែម​ទៀត​ផង​។​

លោក​ ផា​ន់​ សុភាព​៖​ «​ក្រុមហ៊ុន​មិន​អាច​យក​អ្នក​ទាំងនោះ​បាន​ទេ​ គឺ​ពួក​គាត់​ធ្វើ​ឲ្យ​អ្នកដំណើរ​បាត់​ជំនឿ​ទុកចិត្ត​មក​លើ​ក្រុមហ៊ុន​ទាំង​ស្រុក​តែ​ម្តង​។​ អ​ញ្ចឹ​ង​ខាង​ក្រុមហ៊ុន​ត្រូវ​តែ​បញ្ឈប់​ពួក​គាត់​ ហើយ​ពួក​គាត់​មិន​បាន​គោរព​កិច្ចសន្យា​ដែល​គាត់​បាន​ចុះហត្ថលេខា​បំពេញការងារ​ជាមួយ​ក្រុមហ៊ុន​ គាត់​ក៏​មិន​គោរព​តាម​បទ​បញ្ជ​របស់​ក្រុមហ៊ុន​ ហើយ​បាន​លួច​កិបកេង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ទុក​ប្រយោជន៍​ផ្ទា​ស់​ខ្លួន​»​។​

សូម​បញ្ជាក់​ថា​ ការ​តវ៉ា​នៅ​ព្រឹក​មិ​ញ​នេះ​ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ឧបករណ៍​បំពង​សំឡេង​ពី​ក្រុម​អ្នក​តវ៉ា​ផង​ដែរ​ ដោយ​ប្រាប់​ហេតុផល​ថា​ រក្សា​សណ្តាប់​សាធារណៈ​៕

Share

Image
Image
Image