បាត់ដំបង៖ មូលនិធិម៉ាដក្សចូលីភីត(MJP)ដែលមានស្ថាបនិកជាតារា ហូលីវ៉ូត លោកស្រី អេនជេនលីណាចូលី បានផ្តល់និងកំពុងពង្រីកបច្ចេកទេសចិញ្ចឹមឃ្មុំជូនដល់កសិករក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ខេត្តបាត់ដំបង ដើម្បីឱ្យកសិករអាចរកប្រាក់ចំណូលបន្ថែមពីការលក់ទឹកឃ្មុំនិងក្រមួនឃ្មុំ។ តែអ្វីជាពិសេសជាងនេះ មូលនិធិ MJP បានជំរុញដល់ប្រជាសហគមន៍និងកសិករឱ្យប្រើវិធីសាស្រ្តយកឃ្មុំជាភ្នាក់ ងារចម្លងលម្អងផ្កាក្នុងចំការដំណាំ ដើម្បីឱ្យដំណាំកាន់ផ្លែបានច្រើនហើយកសិករអាចកាត់បន្ថយការប្រើថ្នាំគីមីចូលក្នុងបរិស្ថានបានផងដែរ។
កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍
ឃ្មុំជាប្រភេទសត្វល្អិតម្យ៉ាងដែលស្វែងរកលម្អងកេសរផ្កាជាចំណីនិងធ្វើជាសម្បុក។ សត្វមួយប្រភេទនេះអាចនិយាយបានថា ជាមិត្តល្អរបស់កសិករ ដ្បិតថា ឃ្មុំមិនត្រឹមតែអាចផ្តល់ទឹកនិងក្រមួនឃ្មុំប៉ុណ្ណោះទេ តែឃ្មុំក៏ជាភ្នាក់ងារចម្លងកេសរផ្កាមួយដ៏ចំណាប់ធ្វើឱ្យដំណាំឈើហូបផ្លែរបស់ប្រជាកសិករកាន់ផ្លែផ្កាយ៉ាងល្អប្រសើរ។
នេះបើតាមការបញ្ជាក់ពីលោក ម៉ិល សាម៉េត អ្នកគ្រប់គ្រងកម្មវិធីកសិកម្មនិងការចិញ្ចឹមឃ្មុំនៃមូលនិធិម៉ាដក្សចូលីភីត(MJP)។
លោក ម៉ិល សាម៉េត អ្នកគ្រប់គ្រងកម្មវិធីកសិកម្មនិងការចិញ្ចឹមឃ្មុំនៃមូលនិធិម៉ាដក្សចូលីភីត(MJP) កំពុងឡើងប្រមូលទិន្នផលឃ្មុំលើដើមឈើហូបផ្លែក្នុងចំការ។
លោក សាម៉េត បញ្ជាក់ថា គម្រោងនៃមូលនិធិ MJP បាននិងកំពុងពង្រីកផែនការចិញ្ចឹមឃ្មុំដល់ប្រជាកសិករក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដែលបច្ចុប្បន្នមានប្រជាកសិករជាង ៣០ គ្រួសារហើយប្រើប្រាស់បច្ចេកទេសយកឃ្មុំចម្លងលម្អងផ្កានេះ។ ប្រធានគ្រប់គ្រងកម្មវិធីកសិកម្មនៃមូលនិធិMJPរូបនេះបន្ថែមថា ដោយសារមើលឃើញពីអត្ថប្រយោជន៍នៃសត្វឃ្មុំធ្វើឱ្យបច្ចុប្បន្នម្ចាស់ចំការធំៗ បានងាកមកសាកល្បងប្រើវិធីសាស្រ្តនេះដែរ ដើម្បីចំណេញថវិកាពីការទិញថ្នាំគីមីមកបាញ់ក្នុងចំការ។
ក្រុមបច្ចេកទេសកំពុងពិនិត្យមើលការបង្កាត់ឃ្មុំរបស់កសិករ។
តាមការឱ្យដឹងបន្ថែមពីលោក សាមេត នៅតំបន់សំឡូតនេះជាតំបន់សម្បូរទៅដោយអ្នកប្រកបការងារចំការដាំដុះឈើហូបផ្លែ ហើយកសិករមួយចំនួនបានប្រើថ្នាំគីមីដើម្បីជំរុញឱ្យដំណាំមានផ្លែផ្កាច្រើនដែលជាហេតុនាំឱ្យសត្វឃ្មុំងាប់។ លោកបញ្ជាក់ថា បើសិនជាប្រជាកសិករងាកមកចិញ្ចឹមឃ្មុំជាភ្នាក់ងារចម្លងលម្អងច្រើន នោះកសិករអាចកាត់បន្ថយការប្រើថ្នាំគីមីដែលមានសារធាតុពុលខ្លាំង ដោយប្រើថ្នាំណាដែលមានកម្រិតស្រាលដែលអាចឱ្យឃ្មុំអាចរស់នៅនឹងក្រេបលម្អងបាន នោះនឹងធ្វើឱ្យដំណាំកាន់តែមានផ្លែច្រើន។
សម្បុរឃ្មុំត្រូវបានដាក់នៅក្រោមដើមឈើហូបផ្លែក្នុងចំការ។
តែទោះបីជាឃ្មុំមានតួនាទីនិងសារៈប្រយោជន៍យ៉ាងណាក្តីតែកសិករមួយចំនួន នៅតែនិយមប្រើថ្នាំបាញ់គីមីក៏នៅតែប្រើច្រើនផងដែរ ដែលប្រការនេះជាកត្តារារាំងឃ្មុំមិនអាចទៅយកលម្អងផ្កាបានធ្វើឱ្យឃ្មុំដាច់ចំណីប្រឈមនឹងការងាប់ច្រើន។
មួយទៀតដែរ សម្រាប់ការប្រឈមរបស់សត្វឃ្មុំមួយទៀតនោះ គឺបញ្ហាបំរែបម្រួលអាកាសធាតុ ដែលបច្ចុប្បន្នការឡើងកម្តៅនៃភពផែនដីកំពុងកាត់បន្ថយបរិមាណសត្វឃ្មុំក្នុងធម្មជាតិ។ នេះក៏ដោយសារតែអាកាសធាតុក្តៅធ្វើឱ្យសត្វឃ្មុំប្រភេទកម្មករងាប់មុនអាយុ។ ចំណែកឃ្មុំ រាជនីឬស្តេចឃ្មុំមិនសូវពងបានច្រើននោះទេ ព្រោះដោយសារតែរដូវក្តៅខ្វះផ្កាដែលជាហេតុនាំឱ្យខ្វះចំណីដល់សត្វឃ្មុំ។
នេះជាផលិតផលទឹកឃ្មុំនៃមូលនិធិMJPដែលប្រជាកសិករចិញ្ចឹមក្នុងចំការ។
តែយ៉ាងណាចំពោះឧបសគ្គទាំងនេះ លោក ម៉ិល សាមេត អះអាងថា គម្រោងនៃមូលនិធិMJPកំពុងដោះស្រាយដោយប្រើប្រាស់បច្ចេកទេសមួយចំនួន ដើម្បីឱ្យឃ្មុំអាចសម្របខ្លួននឹងអាកាសធាតុក្តៅតាមរយៈការប្រើប្រព័ន្ធទឹកស្រោចដំណាំផ្តល់សំណើមត្រជាក់ដល់ការរស់នៅរបស់ឃ្មុំ។
ជាសំណូមពររបស់លោក ម៉ិល សាមេត លោកស្នើឱ្យអ្នករកឃ្មុំព្រៃទាំងអស់ត្រូវចេះកាត់យកឃ្មុំដោយនិរន្តភាព។ និរន្តភាព មានន័យថា អ្នករកឃ្មុំត្រូវកាត់យកសាច់ឃ្មុំដោយទុកចំណែកក្បាលទឹកប្រមាណ២០% ព្រោះការធ្វើដូច្នេះឃ្មុំនឹងអាចមកកាន់ទីតាំងចាស់ធ្វើសម្បុរឡើងវិញ។ ករណីនេះបើសិនជាអ្នករកឃ្មុំកាត់យកផ្នែកទាំងអស់របស់ឃ្មុំ នោះឃ្មុំនឹងមិនត្រឡប់មកសម្បុរចាស់វិញទេ។
ប្រជាកសិករដែលចូលរួមចិញ្ចឹមឃ្មុំជាមួយកម្រោង។
មួយទៀតដែរ លោកសំណូមពរយ៉ាងទទូចដល់សាធារណជនដែលនិយមទទួលទានមុខម្ហូបឃ្មុំអាង ត្រូវបញ្ឈប់ទម្លាប់នេះ ព្រោះបើសិនជានៅមានការទទួលទាននោះនឹងនៅតែមានអ្នករកឃ្មុំព្រៃដដែរ៕