ក្រោមកិច្ចសហការរវាង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងវិទ្យុស្រ្តី នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា កាលពីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៣ ក្រុមការងារបានរៀបចំសិក្ខាសាលាបើកការប្រកួតប្រជែងតស៊ូមតិ តស់!សន្សំ នៅការិយាល័យរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia។
ក្រោយការប្រកាសជាសាធារណៈផ្ដល់ឱកាសដល់យុវនិស្សិតតាមបណ្ដាសាកលវិទ្យាល័យចូលរួមប្រកួតប្រជែងតស៊ូមតិ តស់!សន្សំ មានយុវនិស្សិត ៣៦ក្រុម(១៤៤រូប ភាគច្រើនលើសលប់គឺយុវតី) មកពីសាលាចំនួន ២៧ ផ្សេងៗគ្នា បានដាក់ពាក្យចូលរួមប្រកួត។ សិក្ខាសាលាថ្ងៃនេះ គឺជាការតម្រង់ទិសជូនយុវជនឱ្យបានស្វែងយល់អំពីលក្ខខណ្ឌចាំបាច់ និងភារកិច្ចរបស់សមាជិកក្រុម រួមទាំងការចាប់ឆ្នោតជ្រើសយកប្រធានបទសម្រាប់ក្រុមនីមួយៗដើម្បីប្រកួតផងដែរ។
លោក ជីម គង់ហ៊ុយ អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា នេះគឺជាលើកទី១ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងវិទ្យុស្ត្រី បានសហការគ្នាបង្កើតឱ្យមាន ទម្រង់ប្រកួតមួយប្លែក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីការរៀបចំផែនការហិរញ្ញវត្ថុ និងជំរុញឱ្យមានការសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅស្ដីពីការសន្សំសម្រាប់ក្រុមគ្រួសារខ្មែរយើង ជាពិសេសចាប់ផ្ដើមពីយុវជនរបស់យើងផ្ទាល់តែម្ដង។
ថ្លែងនៅក្នុងពិធី លោកស្រី ឈុន ផាន់ណាផា អ្នកគ្រប់គ្រងការផលិតកម្មវិធីវិទ្យុ វិទ្យុស្រ្តីនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា លើកឡើងថា ការប្រកួតប្រជែងតស៊ូមតិ តស់!សន្សំ នេះ គ្រាន់តែជាការចាប់ផ្ដើមមួយផ្នែកតូចប៉ុណ្ណោះសម្រាប់ប្អូនៗយុវនិស្សិតដែលបានចូលរួមប្រកួត ប៉ុន្តែដើម្បីឲជីវិតទទួលបានជោគជ័យ ប្អូនត្រូវមានការសន្សំជាច្រើនទៀត ដែលលើសពីលុយ គឺ សន្សំចំណេះ សន្សំមិត្តល្អ សន្សំទំនាក់ទំនងល្អ សន្សំក្ដីស្រឡាញ់ សន្សំសុខភាព ហើយការប្រកួតប្រជែងតស៊ូមតិនេះទៀតសោត គឺប្អូនៗត្រូវខិតខំស្រាវជ្រាវ សាកសួរអ្នកជំនាញ ដើម្បីជាទុនចូលរួមប្រកួតប្រកបដោយទំនុកចិត្ត និងក្លាហាន។
បន្ទាប់ពីសិក្ខាសាលាថ្ងៃនេះ នៅថ្ងៃទី១៥ កក្កដា នឹងមានការចូលរួមប្រកួតវគ្គជម្រុះ២៨ក្រុម និងថ្ងៃទី២៩ កក្កដានឹងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជ្រើសយក៤ក្រុម ដើម្បីឡើងទៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៣នេះ។
សូមជម្រាបជូនថា ការសហការរវាងវិទ្យុស្ត្រី និងក្រុមហ៊ុន FWD Cambodia កម្មវិធី តស់! សន្សំ ត្រូវបានផលិត និងផ្សាយផ្ទាល់លើរលកអាកាសវិទ្យុស្ត្រី ទំព័រហ្វេសប៊ុកវិទ្យុស្ត្រី និងទំព័រហ្វេសប៊ុកក្រុមហ៊ុន FWD Cambodia រៀងរាល់ថ្ងៃសុក្រ ម៉ោង១១ព្រឹក តាំងពីដើមឆ្នាំ២០២២ ហើយបានបង្កើតការប្រកួត ពីរលើករួចមកហើយដែរ សម្រាប់សាធារណជន ពិសេសស្ត្រី យុវតី ដែលអ្នកចូលរួមប្រកួតជាច្រើននាក់ទទួលបានរង្វាន់ ដូចជា អាវយឺត ដបទឹក គូប៉ុងទិញអាហារ បណ្ណបញ្ចុះតម្លៃកញ្ចប់ធានារ៉ាប់រងជំងឺមហារីក និងចិញ្ចៀនមាសមួយជីចំនួនពីររង្វាន់។ ដោយឡែក ការប្រកួតប្រជែងតស៊ូមតិ តស់!សន្សំ នឹងផ្ដល់រង្វាន់ ទឹកប្រាក់៤លានរៀល សម្រាប់ជ័យលាភីលេខ១ ទឹកប្រាក់៣លានរៀល សម្រាប់ជ័យលាភីលេខ២ ទឹកប្រាក់ ២.៤លានរៀលសម្រាប់ជ័យលាភីលេខ៣ និងរង្វាន់លើកទឹកចិត្តមួយរង្វាន់ដែលមានទឹកប្រាក់ ១.៤លានរៀល។