ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សកាន់អំណាចព្រមានថា ការធ្វើសកម្មភាពរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស កំពុងរុញច្រានគណបក្សភ្លើងទៀនឱ្យរងនូវការរំលាយនៅថ្ងៃខាងមុខ។ ប្រតិកម្មនេះធ្វើឡើង តបនឹងសកម្មភាពលោក សម រង្ស៊ី បានឃោសនាប្រាប់អ្នកគាំទ្រឱ្យគូសសន្លឹកឆ្នោតចោលបូករួមនឹងមនុស្សជំនិតរបស់លោក សម រង្ស៊ី កំពុងដឹកនាំបាតុកម្មមួយនៅទីក្រុងឡូវែលឱ្យធ្វើរូបសំណាកសម្តេច ហ៊ុន សែន ដើម្បីជាន់ឈ្លី និងជេរប្រទេច។
លោក គីម ចាន់ចាវ រាយការណ៍
លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានព្រមានពីការរំលាយគណបក្សភ្លើងទៀន ចំពោះសកម្មភាពរបស់ប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសកំពុងជម្រុញឱ្យពលរដ្ឋនៅកម្ពុជាគូសសន្លឹកឆ្នោតចោល និងជេរប្រទេចលើថ្នាក់ដឹកនាំគណបក្សកាន់អំណាចនេះ។
ពលរដ្ឋខ្មែរមួយចំនួនដែលគាំទ្រក្រុមប្រឆាំងនៅក្រៅប្រទេស បាននាំគ្នាធ្វើបាតុកម្ម នៅលើទឹកដីក្រុងឡូវ៉ែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាម៉េរិកប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដែលចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។ ក្រៅពីពលរដ្ឋខ្មែរដែលមាននិន្នាការប្រឆាំង បាតុកម្មនេះ មានការចូលរួមជាចម្បងពីអ្នកនយោបាយប្រឆាំងធំៗ ដែលស្និតនឹងលោក សម រង្ស៊ី មានដូចជា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ និងលោក ឡុង រី ជាដើម។
ពួកគេបានដង្ហែរក្បួនបាតុកម្មតាមដងផ្លូវមានបដាធំៗសរសេរថា «គូសសន្លឹកឆ្នោតចោលដើម្បីប្រឆាំងនឹងអយុត្តិធម៌» ជាអ្វីដែលអ្នកបោះឆ្នោតនៅកម្ពុជា គួរធ្វើដើម្បីប្រឆាំងនូវការបោះឆ្នោត ដែលគេចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយ។ ក្បួនបាតុកម្មនោះមានទិដ្ឋភាពប្លែកៗជាច្រើន ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ គឺមានមឈូសមួយដែលពួកគេចង់បង្ហាញថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានស្លាប់ទៅហើយ។ មិនតែប៉ុណ្ណោះ ពួកគេបានដង្ហែររូបសំណាកមួយដែលបិទរូបសម្តេច ហ៊ុន សែន យកមកជាន់ឈ្លី និងជេរប្រទេច ក្រោយមកក៏លើករូបសំណាកនោះដាក់ក្នុងក្ដាមឈូស ដែលពួកគេចាត់ទុកថាតំណាងឱ្យលទ្ធិប្រជាធិបតេយ្យដែលស្លាប់បាត់នោះ។
ឆ្លើយតបនឹងបាតុកម្មនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានព្រមានថាសកម្មភាពជេរប្រមាថ និងសកម្មភាពកែនពលរដ្ឋនៅក្រៅប្រទេសមួយចំនួន ដែលជឿលើខ្លួនមកឱ្យធ្វើសកម្មភាព បង្កជាឧបសគ្គចំពោះដំណើរការឆ្ពោះទៅមុខ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា វាកាន់តែធ្វើឱ្យមានពិរុទ្ធភាព ដែលនាំឱ្យគណបក្សភ្លើងទៀន ត្រូវរំលាយ នៅថ្ងៃខាងមុខស្របទៅតាមគោលការណ៍ច្បាប់នោះទេ។
«ព្រោះទឡ្ហីករណ៍ទាំងឡាយ សកម្មភាពរបស់ទណ្ឌិត(សម រង្ស៊ី) និងក្រុមឧទ្ទាមក្រៅច្បាប់វាបានផ្សាភ្ជាប់យ៉ាងជិតស្និទជាមួយនឹងភ្លើងទៀនដែលធ្វើឱ្យភ្លើងទៀនទទួលរង អត្តឃាតផ្ទាល់ខ្លួននៅពេលខាងមុខនោះទេ»។
លោក សម រង្ស៊ី មេចលនាក្រុមប្រឆាំងដែលកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេស នៅពេលចុងក្រោយនេះតែងលើកឡើងតាមប្រព័ន្ធផ្សព្វផ្សាយនានា ប្រកាសឱ្យអ្នកគាំទ្ររបស់ខ្លួន គូសសន្លឹកឆ្នោតចោល នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជានៅថ្ងៃទី២៣ ខែកក្កដាខាមុខ ដោយចោទថាជាការបោះឆ្នោតមិនត្រឹមត្រូវ និងយុត្តិធម៌ ក្រោយពេលគណបក្សភ្លើងទៀនមិនអាចចូលរួមការប្រកួតប្រជែងនេះ៕