en     km
en     km

​ចាក់​សម្លាប់​៦នាក់នៅ​សាលា​មត្តេយ្យ​ក្នុង​ប្រទេស​ចិន

Share

 

មនុស្ស ៦នាក់ក្នុងនោះមានកុមារ៣នាក់ត្រូវបានចាក់សម្លាប់ដោយកាំបិតនៅសាលាមត្តេយ្យមួយនៅក្នុងខេត្ត Guangdong ភាគអាគ្នេយ៍ប្រទេសចិន។ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់អាយុ ២៥ឆ្នាំ ដែលមាននាមត្រកូល Wu នៅទីក្រុង Lianjiang ។

តាម AFP រាយការណ៍ដោយដកស្រង់សម្តីមន្ត្រីក្នុងតំបន់ថា ជនរងគ្រោះម្នាក់គឺជាគ្រូបង្រៀន និងពីរនាក់ទៀតជាឪពុកម្តាយសិស្សសាលា។ ជាមួយគ្នានេះដែរក៍មានមនុស្សម្នាក់ទៀតបានរងរបួសផងដែរ។ប៉ូលិស​​បាន​ហៅ​ករណី​នេះ​ថា​ជា​ការ​វាយ​ប្រហារ​ដោយ​ចេតនា ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ហេតុផល​ដែល​នាំឱ្យកើតរឿងនេះ​​ទេ។

ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៧.៤០នាទី ម៉ោងក្នុងស្រុក នៅពេលដែលឪពុកម្តាយកំពុងដឹកកូនរបស់ពួកគេទៅរៀន។ បុរសជាជនដៃដល់​​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗដែរនៅ​វេលា​ម៉ោង​០៨​.​០០​នាទី។

ម្ចាស់ហាងទំនិញម្នាក់ដែលនៅជិតសាលាមត្តេយ្យបានប្រាប់ BBC ថាតំបន់ជុំវិញកន្លែងកើតហេតុត្រូវបានបិទ។វីដេអូការវាយប្រហារបានផ្សព្វផ្សាយពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន នាំឱ្យមានការខឹងសម្បារ និងតក់ស្លុតយ៉ាងខ្លាំងចំពោះករណីនេះ។

ការប្រើប្រាស់អាវុធត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ប៉ុន្តែប្រទេសនេះត្រូវបានគេមើលឃើញថាមានការវាយប្រហារដោយកាំបិតចុងស្រួចជាច្រើនករណីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយឧប្បត្តិហេតុមួយទៀត គឺមានការបាញ់ថ្នាំពុលគីមី បង្កឱ្យកុមារ៥០នាក់នៅថ្នាក់រៀនបានរងគ្រោះផងដែរ។

សារព័ត៌មានBBC បានកត់ត្រាចំនួនវាយប្រហារដោយកាំបិតយ៉ាងតិច១៧ដងនៅក្នុងសាលារៀន មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ចាប់តាំងពីឆ្នាំ ២០១០មក។ ចំនួន១០ករណី ក្នុងចំណោម១៧ករណីនោះបានកើតឡើងនៅចន្លោះឆ្នាំ ២០១៨ និងឆ្នាំ២០២៣។

កាល​ពី​ខែ​សីហា ឆ្នាំ​មុន ជនម្នាក់កាន់​កាំបិត​ចូល​វាយ​ប្រហារនៅ​សាលា​មត្តេយ្យ​មួយកន្លែង​ក្នុង​ខេត្ត Jiangxi ភាគ​អាគ្នេយ៍​ប្រទេសចិន​ដោយ​បាន​សម្លាប់​មនុស្ស​បី​នាក់ និង​៦​នាក់​ផ្សេង​ទៀត​រង​របួស។

នៅក្នុងខែមេសា ឆ្នាំ ២០២១ កុមារពីរនាក់បានស្លាប់ និង១៦នាក់ផ្សេងទៀតបានរងរបួសដោយអំពើចាក់សម្លាប់ដោយកាំបិតដ៏សាហាវនៅទីក្រុង Beiliu ក្នុងតំបន់ស្វយ័ត Guangxi Zhuang ។

កាលពីខែតុលា ឆ្នាំ២០១៨ កុមារ១៤ នាក់បានរងរបួសដោយការវាយប្រហារនឹងកាំបិតនៅសាលាមត្តេយ្យមួយក្នុងទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន។​ករណី​ទាំង​នេះ​ភាគ​ច្រើន​ជន​ដៃ​ដល់​ជា​មនុស្ស​ប្រុស ហើយ​​ខឹង​សម្បា​នឹង​សង្គម។ករណីស្រដៀងគ្នានេះត្រូវបានគេឃើញនៅក្នុងប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនជាដើម។ ប៉ុន្តែអ្នកជំនាញនិយាយថា ប្រហែលជាមានហេតុផលមួយចំនួនដែលនាំឱ្យមានការចាក់សម្លាប់ដោយកាំបិតជាច្រើននៅក្នុងប្រទេសចិន។ពួកគេជឿថាការរាតត្បាតជំងឺ Covid-១៩ ដែលធ្វើឱ្យទីក្រុងនានារបស់ចិនបង្វំចិត្តបិទទ្វារដ៏យូរ នាំឱ្យអារម្មណ៍មនុស្សតឹងតែង អាចជាហេតុផលមួយ។ អាចមានហេតុផលមិន​​​​ផ្សេងៗទៀត ​ ​រួម​បញ្ចូល​ទាំង​អារម្មណ៍​ខឹង​សម្បារ ការ​អាក់​អន់​ចិត្ត ​ការ​បាត់​បង់​ការងារ បញ្ហាអាជីវកម្ម និងបញ្ហា​ទំនាក់​ទំនងជាដើម។

 អាជ្ញាធរចិនបានបង្កើនសន្តិសុខនៅជុំវិញសាលារៀនតាំងពីឆ្នាំ២០១០ មកម្ល៉េះ។កាលនោះ ក្រសួងសន្តិសុខសាធារណៈចិនបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន “បង្ក្រាបយ៉ាងម៉ឺងម៉ាត់” លើសកម្មភាពឧក្រិដ្ឋកម្ម ដើម្បីធានាសុវត្ថិភាពគ្រូបង្រៀន និងសិស្ស។បន្ទាប់ពីការវាយប្រហារកាលពីខែមេសា ឆ្នាំ២០២១ ក្រសួងអប់រំក៏បានបញ្ជាឱ្យធ្វើលំហាត់សមយុទ្ធជម្លៀសកូនសិស្សបន្ទាន់នៅតាមសាលារៀនផងដែរ។ដោយខ្លាចមានការវាយប្រហារស្រដៀងគ្នានេះកើតឡើងនៅកន្លែងផ្សេងទៀត ទីក្រុងប៉េកាំងបានហាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សព្វផ្សាយព័ត៌មានលម្អិតអំពីឧប្បត្តិហេតុចាក់សម្លាប់មនុស្សដោយកាំបិតនេះ៕

ប្រភព៖ BBC ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image