យោងតាម AP អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ប្រទេសស៊ូដង់កំពុងស្ថិតលើមាត់ជ្រោះនៃ “សង្រ្គាមស៊ីវិលពេញទំហឹង” បន្ទាប់ពីការប្រយុទ្ធគ្នាជិត៣ខែ យ៉ាងខ្លាំងក្លារវាងកងកម្លាំងដឹកនាំដោយមេទ័ពពីររូប។
រាយការណ៍ដោយ៖
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres បានព្រមានកាលពីល្ងាចថ្ងៃសៅរ៍ទី៨ កក្កដាថា សង្រ្គាមរវាងយោធាស៊ូដង់ បានធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ នេះបើយោងតាមលោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រធានអង្គការសហប្រជាជាតិ។
ប្រទេសស៊ូដង់បានធ្លាក់ចូលទៅក្នុងភាពចលាចលដោយសារជម្លោះរវាងប្រមុខយោធាលោកឧត្តមសេនីយ៍ Abdel-Fattah Burhan និងគូប្រជែងរបស់លោកគឺឧត្តមសេនីយ៍ Mohammed Hamdan Dagalo មេបញ្ជាការកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ាបានប្រយុទ្ធគ្នានៅពាក់កណ្តាលខែមេសា។រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ូដង់ បាននិយាយកាលពីខែមុនថា ការប៉ះទង្គិចគ្នានេះបានសម្លាប់មនុស្សជាង ៣.០០០ នាក់ និងរបួសជាង ៦.០០០ នាក់។ លោកបន្តថា ទោះជាយ៉ាងណាចំនួនអ្នកស្លាប់ទំនងជាមានច្រើនជាងនេះ។ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ ប្រជាជនជិត៣ លាននាក់បានភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពក្នុងប្រទេសស៊ូដង់ ឬឆ្លងដែនទៅប្រទេសជិតខាង។
រដ្ឋធានី Khartoum និងតំបន់ផ្សេងទៀតទូទាំងប្រទេសបានប្រែក្លាយទៅជាសមរភូមិ។អ្នកស្រុកនៅទីក្រុង Khartoum បាននិយាយថា កំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅព្រឹកថ្ងៃអាទិត្យទី៩ កក្កដា នៅភាគខាងត្បូងរដ្ឋធានី។ អ្នកស្រុកម្នាក់បាននិយាយថា ពួកគេកំពុងប្រើប្រាស់អាវុធធុនធ្ងន់នៅសង្កាត់ Kalaka ហើយយន្តហោះរបស់យោធាបានហោះពីលើតំបន់នោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក Guterres បានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសៅរ៍ទី៨ កក្កដា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់នៅក្នុងទីក្រុង Omdurman ដែលជាទីក្រុងមួយនៅម្ខាងទន្លេនីលពីរដ្ឋធានី Khartoum ។ ការវាយប្រហារនេះគឺបានសម្លាប់មនុស្សច្រើនបំផុតពុំធ្លាប់មានគិតរហូតមកដល់ពេលនេះ។ កងកម្លាំងRSF បានស្តីបន្ទោសក្រុមយោធាស៊ូដង់ចំពោះការវាយប្រហារលើទីក្រុង Omdurman ។ យោធាបានបដិសេធការចោទប្រកាន់នេះ ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអាកាសរបស់ខ្លួនមិនបានធ្វើការវាយប្រហារទៅលើទីក្រុងនោះទេកាលពីថ្ងៃសៅរ៍ទី៨កក្កដា។
អ្នកនាំពាក្យប្រធានអង្គការសហប្រជាជាតិគឺលោក Haq បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការសហប្រជាជាតិក៏បានថ្កោលទោសអំពើហឹង្សាទ្រង់ទ្រាយធំដែលបណ្ដាលឱ្យមនុស្សស្លាប់ និងរបួសនៅក្នុងតំបន់ភាគខាងលិចទីក្រុង Darfur។ លោក Guterres បាននិយាយថា “មានការមិនយកចិត្តទុកដាក់ចំពោះច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្ស ដែលមានគ្រោះថ្នាក់ និងគួរឱ្យរំខាន។មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា អំពើហឹង្សានៅក្នុងតំបន់នាពេលថ្មីៗនេះបានឈានដល់ក្រុមជនជាតិភាគតិច ដោយក្រុមជីវពលRSF និងក្រុមជីវពលអារ៉ាប់។
តាមសេចក្តីរាយការណ៍ថាអំពើហិង្សាផ្តោតលើក្រុមកុលសម្ព័ន្ធមិនមែនអារ៉ាប់នៅក្នុងទីក្រុង Darfur ដែលជាតំបន់ធំមានខេត្តចំនួនប្រាំ។ កាលពីខែមុន អភិបាលក្រុងDarfur លោក Mini Arko Minawiបាននិយាយថា តំបន់នេះកំពុងឈានទៅរកអំពើប្រល័យពូជសាសន៍ដូចកាលពីអតីតកាលនៅដើមទសវត្សរ៍ឆ្នាំ ២០០០។ ទីក្រុង និងភូមិទាំងមូលនៅក្នុងខេត្ត West Darfur ដែលគ្រប់គ្រងដោយក្រុម RSF និងកងជីវពលសម្ព័ន្ធមិត្តរបស់ពួកគេ បង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់ភៀសខ្លួនទៅកាន់ប្រទេសឆាដដែលនៅជិតខាង។ សកម្មជនបានរាយការណ៍ថា អ្នកស្រុកជាច្រើននាក់ត្រូវបានសម្លាប់ ស្ត្រី និងកុមារីត្រូវបានគេរំលោភ ហើយទ្រព្យសម្បត្តិត្រូវបានគេលួចឆក់ប្លន់និងដុតបំផ្លាញចោល។ មានការប៉ះទង្គិចគ្នារវាងយោធាស៊ូដង់ និងក្រុមប៉ារ៉ាRSF នៅកន្លែងផ្សេងទៀតក្នុងប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យទី៩ កក្កដា រួមមានខេត្ត North Kordofan, South Kordofan និង Blue Nile ។ទន្ទឹមនឹងនេះដែរ ប្រទេសអេហ្ស៊ីបបាននិយាយថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ័នេះដើម្បីរកដំណោះស្រាយឱ្យប្រទេសស៊ូដង់។លោក Ahmed Fahmy អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការជួបប្រជុំនេះមានគោលបំណងបង្កើត “យន្តការប្រកបដោយប្រសិទ្ធភាព” ដើម្បីជួយស្វែងរកដំណោះស្រាយដោយសន្តិវិធី។លោក Fahmy មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។កិច្ចខិតខំប្រឹងប្រែងនេះកើតឡើងនៅពេលដែលកិច្ចចរចារវាងបក្សពួកដែលកំពុងមានជម្លោះនឹងគ្នានៅក្នុងទីក្រុងឆ្នេរសមុទ្រ Jeddah របស់អារ៉ាប៊ីសាអូឌីត បានបរាជ័យម្តងហើយម្តងទៀតមិនអាចបញ្ឈប់ការប្រយុទ្ធគ្នាបាន។ កិច្ចពិភាក្សានៅ Jeddah ត្រូវបានសម្របសម្រួលដោយប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក៕
ប្រភព៖ AP ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៣