ភ្នំពេញ៖ បន្ទាប់ពីនាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួងពាក់ព័ន្ធ ផ្អាកការធ្វើប័ណ្ណបើកបរ ហើយឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធពិភាក្សាអំពីការបញ្ចុះតម្លៃធ្វើបណ្ណបើកបរជូនប្រជាពលរដ្ឋ ភ្លាមៗនេះមានសេចក្ដីប្រកាសព័ត៌មានមួយរបស់សាលារាជធានីភ្នំពេញ ជូនដំណឹងថា ចាប់ពីថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ ២០១៥ នេះតទៅ ការធ្វើបណ្ណបើកបរយានយន្ដគ្រប់ប្រភេទ នៅមន្ទីរសាធារណការ ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្ដោះអាសន្ន។
កញ្ញា ជុំ ជោគជាតា រាយការណ៍ពីព័ត៌មាននេះ៖
អាជ្ញាធររាជធានីភ្នំពេញ ប្រកាសឱ្យមន្ទីរសាធារណការ ផ្អាកការធ្វើបណ្ណបើកបរជាបណ្ដោះអាសន្ន ដើម្បីទុកពេលវេលាឱ្យរាជរដ្ឋាភិបាលសិក្សាឡើងវិញនូវនីតិវិធី និងកម្រៃនៃការបង់សេវាសាធារណៈ។
យោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធររាជធានីភ្នំពេញចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៥ ស្ដីពីការផ្អាកជាបណ្ដោះអាសន្ននៃបណ្ណបើកបរយានយន្ដគ្រប់ប្រភេទបានឱ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ការធ្វើបណ្ណបើកបរយានយន្ដគ្រប់ប្រភេទនៅមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងសាជាថ្មី។
សូមជម្រាបថា ការប្រកាសឱ្យផ្អាកការចេញបណ្ណបើកបរជាបណ្ដោះអាសន្ន ធ្វើឡើងក្រោយពេលសម្ដេច ហ៊ុន សែន បានលើកឡើងជុំវិញរឿងនេះ កាលពីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។ ក្នុងហ្វេសប៊ុកនោះ សម្ដេចហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធធ្វើការពិភាក្សានូវនីតិវិធី ធ្វើបណ្ណបើកបរ ដើម្បីបញ្ចុះតម្លៃ និងលុបចោលការចំណាយរបស់ប្រជាជនផងដែរ។
សម្ដេចបានសរសេរថា៖ «ខ្ញុំនឹងតាមដានពិនិត្យរឿងនេះជាបន្តមុននឹងដាក់ឱ្យអនុវត្តសារជាថ្មី។ ខ្ញុំសង្ឃឹមថា ការបញ្ចុះ តម្លៃ ធ្វើបណ្ណបើកបរនេះ គឺនឹងជួយកាត់បន្ថយការចំណាយបានមួយកម្រិតធំរបស់បងប្អូន ជាពិសេស សម្រាប់យុវជនដែលត្រូវការបណ្ណ បើកបរចាំបាច់ ជាមួយនឹងការអនុវត្តច្បាប់ ចរាចរណ៍ នៅដើមឆ្នាំ២០១៦ នេះ»។
ជុំវិញរឿងនេះ លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម មានប្រសាសន៍ថា បើសិនជា គិតអំពីការពិចារណា ទៅលើការបង់ថ្លៃ ឬក៏ពិនិត្យមើលឡើងវិញទៅលើតម្លៃនៃបណ្ណសម្រាប់ បើកបរ គឺជារឿងមួយត្រឹមត្រូវ ដែលរដ្ឋាភិបាល គួរតែគិតតាំងពីដើមមក មិនមែនគ្រាន់តែ អនុម័តច្បាប់រួច ចាប់រៀបចំវិធានការរឹតបន្តឹងតែម្ដងនោះទេ។
«យើងមិនមានបន្ទោសទាំងស្រុងទៅលើថា អ្វីដែលធ្វើនោះវាខុសទេ វាត្រូវហើយ ដើម្បី សម្របសម្រួលឱ្យវាត្រូវនឹងស្ថានភាពរបស់ពលរដ្ឋ ក៏ប៉ុន្ដែកិច្ចការអស់នេះ បើសិនជា រដ្ឋាភិបាលមានសុឆន្ទៈក្នុងការធ្វើ គឺត្រូវគិតតាំងពីមុន ត្រូវគិតតាំងពីមុនឱ្យហើយ ថាតើដើម្បីអនុវត្ដច្បាប់ត្រូវការមានដំណាក់កាលអ្វីខ្លះ វិធីសាស្ដ្រអ្វីខ្លះ? មិនមែនគ្រាន់តែ អនុម័តច្បាប់រួចហើយ ហើយចាប់រៀបចំវិធានការបន្តឹងតែម្ដងបែបនេះ សួរថា ពលរដ្ឋទូទាំងប្រទេស ១៥ លាននាក់ ហើយយើងដឹងតែមួយក្រុមតូចនៅក្នុងទីក្រុង អ្នកនៅជនបទគ្នាអត់ទាន់ទៅបានដឹងស្អីផង។ សូម្បីតែឥឡូវនេះ ខ្ញុំកំពុងធ្វើដំណើរតាមតំបន់ជនបទហ្នឹង អ្នកស្រុក ភាគច្រើន គាត់មិនទាំងដឹងថា តើត្រូវធ្វើបណ្ណបើកបរ នៅឯណាផងហ្នឹង»។
ទាក់ទងនឹងរឿងនេះដែរ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា ការសម្រេចរបស់រដ្ឋាភិបាល ទាក់ទងនឹងការឱ្យផ្អាកធ្វើប័ណ្ណបើកបរនេះ គឺជាការឆ្លើយតបមួយ ជាមួយបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ប៉ុន្ដែជាការប្រសើរ លោក យល់ថា រដ្ឋាភិបាលគួរតែព្យួរអនុក្រឹត្យ ស្ដីពីការពិន័យអន្ដរកាលទុកចោលមួយឡែកសិន ដើម្បីធានាថា រដ្ឋមានលទ្ធភាពគ្រប់គ្រាន់ នូវការផ្ដល់សេវាជូនប្រជាពលរដ្ឋ ក្នុងតម្លៃមួយ ដែលសមរម្យ។
«បាទ! តម្លៃដែលសមរម្យនេះ គឺបានន័យថារដ្ឋាភិបាល បានយកចិត្ដទុកដាក់ហើយទៅលើ ការធ្វើបណ្ណបើកបរ ប៉ុន្ដែក៏នៅមានបញ្ហាផ្សេងទៀតដែរ ដូចជា ចំណុចដែលនិយាយអំពីការ តម្រូវឱ្យមានការផ្ទេរកម្មសិទ្ធិយានយន្ដ បានន័យថា ត្រូវកាត់ឈ្មោះ ហើយនឹងការសុំច្បាប់ ដើម្បីផ្លាស់ប្ដូរម៉ាស៊ីនរថយន្ដ បើសិនជាមានការផ្លាស់ប្ដូរ។ នេះសុទ្ធតែ ជាបញ្ហាបច្ចេកទេស ហើយពាក់ព័ន្ធនឹងការចំណាយច្រើនរបស់ប្រជាពលរដ្ឋ»។
គួរបញ្ជាក់ដែរថា ថ្មីៗនេះ សម្ដេច ហ៊ុន សែន ក៏បានប្រកាសឱ្យក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ ឈប់យកកលុយនៅ
ផ្លូវវ៉េងស្រេងផងដែរ៕