en     km
en     km

យុវជនសង្គម៖ក្នុងប្រតិទិនអ្នកប្រជាធិបតេយ្យថ្ងៃខួបលោកបណ្ឌិត កែម ឡី ជាថ្ងៃនៃសេចក្ដីក្លាហាននិងជាថ្ងៃនៃការពិតសម្រាប់មនុស្សជាតិ

Share

ថ្ងៃទី១០ ខែកក្កដា ឆ្នាំនេះគឺជាខួប៧ឆ្នាំនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមមួយរូប ដែលឃាតករបាញ់សម្លាប់ក្រោយពេលលោកវិភាគលើរឿងរសើបៗមួយចំនួន។ មានមជ្ឈដ្នានជាច្រើនបានប្រារព្ធពិធីខួប៧ឆ្នាំនេះ ហើយការប្រារព្ធក៏បានធ្វើឡើងនៅទីតាំងផ្សេងៗគ្នា។ បើទោះជាទីតាំងផ្សេងៗគ្នា ប៉ុន្តែពួកគេបានធ្វើឡើងក្នុងហេតុផលរួម គឺរម្លឹងដល់វិញាណក្ខន្ធ និងវីរភាពរបស់លោកបណ្ឌិតកែម ឡី។ យុវជនសង្គមបានអះអាងថា ក្នុងប្រតិទិនអ្នកប្រជាធិបតេយ្យ នៅថ្ងៃខួបលោក កែម ឡី ជាថ្ងៃនៃសេចក្ដីក្លាហាន និងជាថ្ងៃនៃការពិតសម្រាប់មនុស្សជាតិ។ លោក គីម ចាន់ចាវ ធ្វើសេចក្ដីរាយការណ៍

 

៧ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួន និងសកម្មជនសង្គម នៅតែបន្តរម្លឹកពីវីរភាពរបស់អ្នកវិភាគបញ្ហាសង្គមរូបនេះ តាមរយៈការធ្វើពិធីបែបសាសនា និងការធ្វើសកម្មភាពកីឡា(បាល់ទាត់ពានរង្វាន់កែមឡី) ដើម្បីកត់ត្រាកេរ្តិ៍ឈ្មោះរបស់អ្នកស្រាវជ្រាវនិងវិភាគបញ្ហាសង្គមរូបនេះទុកក្នុងប្រវត្តិសាស្ត្រ។ ចំណែកភរិយាលោក កែម ឡី គឺអ្នកស្រីប៊ូ រចនា បានធ្វើពិធីបុណ្យរម្លឹកខួបនៅថ្ងៃអាទិត្យ នៅសមាគមន៍ខ្មែរស្ពីងវែល ប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីពលរដ្ឋខ្មែរដែលស្រលាញ់ប្រជាធិបតេយ្យ។

ដោយឡែកនៅស្រុកកំណើតលោកបណ្ឌិត កែម ឡី នៅឯស្រុកត្រាំកក់ ខេត្តតាកែវ ឯណ្ណោះវិញ ម្ដាយរបស់លោកបណ្ឌិត បានរៀបចំពិធីបុណ្យរម្លឹកខួបនេះចំថ្ងៃអាទិត្យផងដែរ។ ក៏ប៉ុន្តែនៅព្រឹកថ្ងៃច័ន្ទនេះ នៅតែមានក្រុមយុវជនសង្គមមួយចំនួន មានដូចជាអ្នកនាង ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈជាដើម បានទៅគោរពវិញាណក្ខន្ធលោកនៅស្រុកកំណើតជាបន្តបន្ទាប់។ រីឯទីតាំងមួយទៀតដែលគេតែងប្រារព្ធធ្វើមិនដែលខាននោះគឺ នៅកណ្ដាលទីក្រុងភ្នំពេញ ចំណុចស្ដាម៉ាត ឬហាងលក់ទំនិញ ក្នុងការ៉ាស់សាំងមួយកន្លែងនៅជិតស្ដុបបូកគោ ទីតាំងដែលខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពី៧ឆ្នាំមុន។ នៅទីតាំងជិតស្ដុបបូកគោនេះ មានការចូលរួមភាគច្រើនពីយុវជនសង្គម ប៉ុន្តែក៏មានអ្នកនយោបាយ សង្គមស៊ីវិល អ្នកសារព័ត៌មានផងដែរ។

ពួកគេបានពាក់អាវពណ៌ស ទាំងប្រុសទាំងស្រី និងយកទឹកលក្ខណ៍ពណ៌ក្រហមស្រោចលើក្បាលប្រឡាក់ដល់ខ្លួនដែលគ្រងអាវសផងនោះ។ សកម្មភាពនេះបង្ហាញពីទិដ្ឋភាពឃាតកម្ម ដែលខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី។ កញ្ញា ភួន កែវរស្មី យុវជនបរិស្ថានម្នាក់ បានចាត់ទុកថ្ងៃទី១០ ខែកក្កដា គឺជាថ្ងៃនៃសេរីភាព និយាយការពិត ជាកម្លាំងចិត្តដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគ្រប់គ្នា ហើយជាថ្ងៃដែលគ្រប់គ្នាត្រូវតែរម្លឹកដើម្បីដាស់ស្មារតីកូនខ្មែរ។

«នៅក្នុងប្រតិទិនរបស់អ្នកប្រជាធិបតេយ្យទាំងះអស់ នៅថ្ងៃនេះជាថ្ងៃនៃសេចក្ដីក្លាហាន ហើយនឹងជាថ្ងៃនៃការពិតសម្រាប់មនុស្សជាតិ»។

ក្នុងឱកាសរម្លឹកខួន៧ឆ្នាំនៅការស្លាប់របស់លោក កែម ឡី នេះដែរ ក្រុមយុវជនក៏បានរៀបចំលិខិតចំហរ មួយជូនវិញាណក្ខន្ធរបស់លោកផងដែរ។ កញ្ញា លាង សុវណ្ណា បានអានលិខិតចំហរ នៅមុខហាងលក់ទំនិញ នៅចំថ្ងៃខួបនេះ។

«ការបាត់បង់រូបលោក គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ពួកយើងទាំងអស់គ្នាដែលជាប្រជាជនកម្ពុជា ត្បិតអីនៅក្នុងប្រទេសយើងបណ្ឌិតមានច្រើនរហូតដល់រាប់ពាន់នាក់ ប៉ុន្តែអ្នកដែលលះបង់កម្លាំងកាយចិត្ត និងជីវិតដើម្បីសិទ្ធិសេរីភាពរបស់ប្រជាជនមិនមានច្រើនទេ។ មកទល់ពេលនេះយើងខ្ញុំនៅចាំច្បាស់អំពីទិដ្ឋភាព ដែលឃាតករប្រហារជីវិតយ៉ាងព្រៃផ្សៃ លោកគេងកើយលើឈាមដាបធរណី ចាកចេញទៅដែលមិនបានពោលពាក្យលាប្រពន្ធនិងកូនលោកផង។ ប្រជាជនបាននាំគ្នាម្នីម្នាចោមរោមសាកសពលោកបណ្ឌិត ដោយចិត្តតក់ស្លុតរន្ធត់ក្រោធខឹងនិងអាណិត។ ឈាមក្រហមឆ្អៅរបស់លោក ត្រូវបានលាងជម្រះដោយទឹកភ្នែកប្រជាជន ដែលដង្ហើយហៅឱ្យលោកវិលវិញ»។

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងនៅមុខហាងលក់ទំនិញនោះថា ៧ ឆ្នាំបានកន្លងផុតទៅហើយនៅឡើយតែយុត្តិធម៌មិនទាន់មាននៅឡើយ។ ដូច្នេះ ប្រជាពលរដ្ឋ សង្គមស៊ីវិល សកម្មជននយោបាយ តែងទន្ទឹមរង់ចាំមើល អ្នកដែលពួកគេអះអាងថាជាឃាតករពិត និងអ្នកពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់សាច់ញាតិ និងប្រជាពលរដ្ឋដែលទន្ទឹងរង់ចាំ។

«ក្នុងស្មារតីខួប៧ឆ្នាំនេះ ដែរក្នុងនាមខ្ញុំរ៉ុង ឈុន សូមជម្រុញឱ្យអាជ្ញាធររាជធានីភ្នំពេញត្រូវតែបន្តវែកមុខរកឃាតករ និងអ្នកដែលនៅក្រោយខ្នងឃាតករ យកមកផ្ដន្ទាទោសតាមច្បាប់។ មិនត្រូវឱ្យអំពើនិទណ្ឌភាពនៅបន្តនៅកម្ពុជាបន្តទៀតទេ»។

ងាកមកទិដ្ឋភាព នៅឯស្រុកកំណើត ជាទីបញ្ចុះសពលោកបណ្ឌិត កែម ឡី វិញ បើទោះបីជាពិធីបុណ្យខួប៧ឆ្នាំបានបញ្ចប់រួចរាលក្ដី ប៉ុន្តែនៅព្រឹកថ្ងៃច័ន្ទនេះ ក្រុមយុវជនសង្គមនិងពលរដ្ឋនៅតែបន្តមកគោរពវិញាណក្ខន្ធលោកបណ្ឌិត កែម ឡី ជាបន្តបន្ទាប់។ អ្នកនាង ឈឿន ដារ៉ាវី និងប្ដីបានកោសក់ចូលរួមការគោរពវិញ្ញាណក្ខន្ធនេះ។ អ្នកនាងបានអះអាងថា នៅតែរង់ចាំយុត្តិធម៌សម្រាប់លោកបណ្ឌិត។

«បង្ហាញថាយើងមិនភ្លេចលោកបណ្ឌិតកែម ឡីទេ នៅក្នុងបេះដូងយើងគ្រប់គ្នា។ មួយទៀតគឺការពិតមិនបានស្លាប់ទៅជាមួយលោកបណ្ឌិតទេ គឺការពិតនៅតែជាការពិត ហើយថ្ងៃមួយនឹងត្រូវលាតត្រដាងគ្រប់យ៉ាង»។

លោកបណ្ឌិត កែម ឡី ដែលមហាជនស្គាល់ថាជាអ្នកវិភាគឯករាជ្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយការសម្លាប់សពរបស់លោកត្រូវបានតំកល់ទុកនៅវត្តពោធិយារាម ហៅវត្តចាស់ រយៈពេល២សប្តាហ៍ដែលមានពលរដ្ឋមកពីទូទាំងប្រទេសបានចូលរួមពិធីបុណ្យ។ ក្រោយមកទើបចាប់ផ្តើមដង្ហែទៅបញ្ចុះនៅស្រុកកំណើតរបស់លោក នៅស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦ ដែលមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ ដែលមានភាពកុះករពេលដង្ហែពេញផ្លូវក្នុងរាជធានីភ្នំពេញ៕

Share

ព័ត៌មានទាក់ទង

Image