en     km
en     km

ក្រសួងមហាផ្ទៃឱ្យមន្ដ្រីដកអត្តសញ្ញាណប័ណ្ណធានាពីម្ចាស់កម្ចីលុយទៅឱ្យពលរដ្ឋវិញប្រើប្រាស់ក្នុងការបោះឆ្នោត

Share

ការបោះឆ្នោតកាន់តែកៀកមកដល់ ក្រសួងមហាផ្ទៃបានបញ្ជាឱ្យមន្ដ្រីមូលដ្ឋានចុះស្រាវជ្រាវកន្លែងអាជីវកម្មកម្ចីឥណទាន ឬកន្លែងទទួលបញ្ចាំនានាដែលយកអត្តសញ្ញាណប័ណ្ណពលរដ្ឋជាវត្ថុធានាប្រគល់ឱ្យម្ចាស់ដើមវិញ ដើម្បីឱ្យពលរដ្ឋអាចយកអត្តសញ្ញាណប័ណ្ណទៅប្រើប្រាស់ក្នុងការបោះឆ្នោតបាន។ នេះយោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃចេញថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រសួងមហាផ្ទៃបានឱ្យមន្ដ្រីមូលដ្ឋានតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបង្កើតក្រុមការងារចុះស្រង់ និងរៀបចំបញ្ជីកម្ចីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងដកហូតអត្តសញ្ញាណប័ណ្ណច្បាប់ដើមប្រជាពលរដ្ឋមកវិញឱ្យទៅប្រជាពលរដ្ឋម្ចាស់ដើមវិញ ដើម្បីឱ្យពលរដ្ឋយកទៅប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ តែយ៉ាងណា ក្រសួងតម្រូវឱ្យថតចម្លងអត្តសញ្ញាណប័ណ្ណរបស់កូនបំណុលទាំងនោះ ដោយមានការបញ្ជាក់ឱ្យបានច្បាស់លាស់ហើយប្រគល់ទៅម្ចាស់អាជីវកម្មទាំងនោះ។

ការអន្ដរាគមន៍របស់ក្រសួងមហាផ្ទៃបែបនេះ ខណៈបច្ចុប្បន្ននៅតាមបណ្ដាតំបន់មួយចំនួនប្រជាពលរដ្ឋបានយកអត្តសញ្ញាណប័ណ្ណទៅដាក់បញ្ចាំដើម្បីទទួលបានកម្ចី។ សម្រាប់ចំណាត់ការមុនការការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៧ កាន់តែខិតជិតមកដល់នេះ ក្រសួងបញ្ជាក់ថាធ្វើឡើងក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍ជូនដល់ប្រជាពរដ្ឋ ជាពិសេសប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការបោះឆ្នោត។

បើតាមក្រសួងមហាផ្ទៃ ការយកអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋជាវត្ថុតម្កល់ធានា សម្រាប់ផ្ដល់ឥណទាន ឬកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺជាការអនុវត្តមិនត្រឹមត្រូវតាមរដ្ឋប្បវេណី បទបញ្ញត្តិនានា និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានហាមឃាត់ម្ចាស់អាជីវកម្មទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ឬកន្លែងបញ្ចាំនានា មិនឱ្យទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្ដល់ឥណទានឡើយ។

សូមជម្រាបថា អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗ ដែលមានសញ្ជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរអាចប្រើប្រាស់ក្នុងការស្នើរសុំសេវានានា ក៏ដូចជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ។ ក្រសួងមហាផ្ទៃអះអាងថា បើយកអត្តសញ្ញាណប័ណ្ណទុកវាវត្ថុបញ្ចាំ គឺជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋមិនបានប្រើប្រាស់នូវសិទ្ធិស្នើសុំការផ្ដល់សេវាផ្សេងៗស្របតាមច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍សេវាទាំងនោះ៕

Share

ព័ត៌មានទាក់ទង

Image