ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២៣នេះបានចំនួន៣៣ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករចេញផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃទី០៧ ខែកក្តដាឆ្នាំ២០២៣នេះ។
ផ្អែកតាមសេចក្តីជូនដំណឹងខាងលើ បរិមាណនាំចេញនេះសម្រេចបានជិត៥០% នៃផែនការនាំចេញ ៧០ម៉ឺនតោន។ ចំពោះគោលដៅនាំចេញវិញមានចំនួន ៥២កន្លែងទូទាំងពិភពលោកដោយក្នុងនោះចិននាំមុខគេមានចំនួនជិត ១៤ម៉ឺនតោន ប្រទេសតំបន់អឺរ៉ុបមានចំនួនជាង ១២ម៉ឺនតោន នាំទៅប្រទេសក្នុងតំបន់អាស៊ានមានចំនួនជិត ៣ម៉ឺនតោន និងទៅកាន់គោលដៅផ្សេងៗនៅអាហ្វ្រិក មជ្ឈឹមបូព៌ា បានបរិមាណចំនួនជាង ៤ម៉ឺនតោន។
សូមបញ្ជាក់ថា ក្នុងឆមាសទី០១នេះ ទីផ្សារក្នុងប្រទេសអាស៊ានមានតម្រូវការកាន់តែច្រើនឡើងដោយក្នុងនោះឡមាន ហ្វីលីពីន និង ព្រុយណេ។ ក្នុងនោះដែរ អង្ករក្រអូបគ្រប់ប្រភេទដែលនាំចេញមានចំនួន ៨៥.០៨% អង្ករសគ្រាប់វែង ១១.៣៤% អង្ករសគ្រាប់ខ្លីចំនួន ០.១៤% អង្ករចំហ៊ុយ ២.៤២% អង្ករសរីរាង្គចំនួន ១.០២%៕