អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព ចំនួនជាង៥០ ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស និងបញ្ហាវិវាទដីធ្លីបានចេញសេចក្ដីថ្លែងការណ៍រួម ស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង១០នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ។ លោក គីម ចាន់ចាវ រាយការណ៍
តាមរយៈសេចក្ដីថ្លែងការរួមអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព ជាង៥០ សុំឱ្យទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដែលពួកគេយល់ថាគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើសកម្មជនដីធ្លីចំនួន១០នាក់ ដែលមានស្ត្រី៧នាក់ និងបុរស៣នាក់ មកពីសហគមន៍ចំនួន៣ នៅក្នុងខេត្តកោះកុង និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ។ ក្រុមសង្គមស៊ីវិលយល់ថាសកម្មជនដីធ្លីទាំងនេះមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ ប៉ុន្ដែពួកគេគ្រាន់តែ លើកឡើងពីទុក្ខកង្វល់ និងសម្ដែងមតិដោយអហិង្សា ដើម្បីការពារដីធ្លី និងក្រុមសមាជិកសហគមន៍របស់ពួកគេ។ ប៉ុន្តែពួកគេ ត្រូវបានធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារចំពោះសកម្មភាពទាំងនោះទៅវិញ ។
សកម្មជនដីធ្លីចំនួន១០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៣ ។ ពួកគេ៩នាក់ក្នុង ចំណោមនោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅក្នុងពន្ធនាគារខេត្តកោះកុង ដោយសកម្មជនម្នាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌមួយចំនួន។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីសកម្មជនដីធ្លីទាំងនោះព្យាយាមធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌ ។ ប្រសិនបើត្រូវបានផ្តន្ទាទោស សកម្មជនដីធ្លីម្នាក់ៗនឹងប្រឈមនូវការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និង ពិន័យជាប្រាក់ រហូតដល់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារ)។
បើតាមសេចក្ដីថ្លែងការណ៍រួមនេះ សកម្មជនដីធ្លីទាំង១០នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ និងអ្នកស្រី សួង ថេង ។ អ្នកស្រី សួង ថេង គឺជាសកម្មជនតែម្នាក់គត់ ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង។ សកម្មជន ៩នាក់ ទៀត (ជាមួយនឹងកូនអ្នកស្រី ផាវ ញ៉ុង ដែលមានអាយុ ១៨ខែ) គឺនៅជាប់ឃុំក្នុងពន្ធនាគារខេត្ត កោះកុងនៅឡើយ ។ ពន្ធនាគារនេះមានសភាពចង្អៀតណែនយ៉ាងខ្លាំង ដែលបានផ្ទុកមនុស្សជិត ៣០០ភាគរយ នៃបរិមាណដែលអាចផ្ទុកបាន កាលពីខែមុន ។ លើសពីនេះ សកម្មជនដីធ្លីទាំងនោះ ទើបតែទទួលបានការការពារ ផ្នែកច្បាប់ នៅថ្ងៃទី៣ ខែកក្កដា ប៉ុណ្ណោះ បន្ទាប់ពីបានចំណាយពេលបីថ្ងៃក្នុងការឃុំខ្លួនបណ្តោះអាសន្ន ។
សកម្មជនទាំងនោះត្រូវបានបញ្ចូនទៅឃុំខ្លួន បន្ទាប់ពីអាជ្ញាធរបានរារាំងរថយន្តរបស់សមាជិកសហគមន៍ នៅក្នុងស្រុកស្រែអំបិល និងបានហាមឃាត់មិនឱ្យពួកគេធ្វើដំណើរមកដាក់ញត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៣ ។ ខ្លឹមសារញត្តិនោះ ស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យជួយអន្តរាគមន៍ ទម្លាក់ចោលបទចោទ លើសកម្មជនដីធ្លីចំនួន ៣០នាក់ មកពីសហគមន៍ចំនួនប្រាំ ។
លោក ហង់ វាសនា អាយុ២៣ឆ្នាំ ជាកូនប្រុសរបស់អ្នកស្រី ផាវ ញ៉ើង ដែលជាស្ត្រីមេម៉ាយកូន៨នាក់ និងជាសកម្មជនដីធ្លីខេត្តកោះកុងម្នាក់ បានអំពាវនាវដល់ថ្នាក់ដឹកនាំជួយសម្រួលក្នុងការដោះលែងម្ដាយរបស់ខ្លួន ត្បិតលោកអះអាងថា ម្ដាយរបស់លោក និងប្រជាសហគមន៍ដទៃទៀតគ្រាន់តែទៅដាក់ញត្តិដោយសារពួកគាត់មានបញ្ហាដីធ្លីពិតប្រាកដមែន ដែលត្រូវការជំនួយដើម្បីដោះស្រាយវិវាទពីថ្នាក់ដឹកនាំដោយសារតែប្រជាសហគមន៍មានជំនឿជាក់លើថ្នាក់ដឹកនាំ។
«ផ្ទុយមកវិញបែរជារមានការចាប់ខ្លួនម៉ាក់របស់ខ្ញុំ ក៏ដូចជាគ្រួសារពូមីងសហគមន៍របស់ខ្ញុំ ចឹងសូមឱ្យសម្តេចមេត្តាជួយក្រុមគ្រួសាររបស់ពួកខ្ញុំ ព្រោះពួកខ្ញុំសុទ្ធតែជាអ្នកដែលក្រីក្រលំបាកវេទនាខ្លាំងណាស់។ ហើយបើសិនជាបាត់បង់ដីធ្លីហើយមានក្រុមគ្រួសារមានអ្នកចាប់ខ្លួនទៀត ចឹងក្រុមគ្រួសារខ្ញុំរំពឹងអី? ចឹងខ្ញុំវេទនាមែនទែន នៅក្នុងសហគមន៍ខ្ញុំ។ ចឹងខ្ញុំសូមឱ្យសម្តេចក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗ និងតុលាការខេត្តកោះកុងដោះលែងម៉ាក់ខ្ញុំ ក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំផ្សេងៗទៀតឱ្យចេញពីពន្ធនាគារ និងទម្លាក់ចោលការចោទប្រកាន់គាត់ឱ្យគាត់មានសិទ្ធិសេរីភាព ព្រោះអីគាត់អត់បានធ្វើអីខុសទេ»។
មន្ត្រីនគរបាលបានគំរាមចាប់ខ្លួនសមាជិកសហគមន៍ចំនួន ២០នាក់ នៅពេលដែលពួកគេបានប្រមូលផ្តុំនៅខាងមុខស្នងការដ្ឋាននគរបាលខេត្ត ដើម្បីគាំទ្រតំណាងរបស់ពួកគេ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។ ស្រដៀងគ្នានេះដែរ សមាជិកសហគមន៍ ត្រូវបានអាជ្ញាធររារាំងពីការប្រមូលផ្ដុំគ្នានៅបរិវេណខាងក្រៅសាលា ដំបូងខេត្តកោះកុង។
ប្អូនប្រុស អ្នកស្រី យី គន្ធា បានអំពាវនាវផងដែរដល់ស្ថាប័នពាក់ព័ន្ធជួយដោះលែងបងស្រីរបស់ខ្លួន លោកយល់ថាបងស្រីរបស់លោក និងប្រជាសហគមន៍ផ្សេងទៀតមិនមានកំហុសអ្វីឡើយ។ លោកបន្តថា ក្រោយចាប់ខ្លួនអ្នកស្រី យី គន្ធា កូនតូចរបស់អ្នកស្រីមិនបានរៀនឡើយខណៈម្ដាយនៅក្នុងពន្ធនាគារ។
«យើងដឹងស្រាប់ហើយថាពន្ធនាគារលំបាកប៉ុណ្ណា ហេតុអីក៏ចាប់អ្នកដែលគ្មានកំហុសដាក់ពន្ធនាគាររយៈពេល៦ថ្ងៃហើយអត់ទាន់មានដំណោះស្រាយទៀត ហើយក្មួយរបស់ខ្ញុំអត់បានទៅរៀនប៉ុន្មានថ្ងៃហើយៗ ម្ដាយរបស់ខ្ញុំអត់បានមកទេ ដោយសារគាត់ដេកឈឺនៅផ្ទះ ដោយសារតែនឹកកូន ហើយកូននៅជាប់ពន្ធនាគារ …»
ពាក់ព័ន្ធបញ្ហានេះ វិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប៉ុន្តែទូរសព្ទរបស់លោកខលមិនចូល។ ចំណែកលោក ឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង បានប្រាប់វិទ្យុស្ត្រីថា លោកកំពុងបើកបររថយន្ត និងនៅប្រទេសថៃនៅឡើយ។
ក្រុមសកម្មជនបានតស៊ូនឹងជម្លោះដីធ្លីនេះជាច្រើនចាប់តាំងពីឆ្នាំ២០០៦ បន្ទាប់ពីក្រុមហ៊ុនដែលមាន ទំនាក់ទំនងជាមួយឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ បានវិនិយោគដំណាំស្ករអំពៅលើដីសហគមន៍ ។ ទោះបីជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់សកម្មជន ក្នុងការការពារដីធ្លីរបស់ពួកគេ តែងត្រូវបានជួបប្រឈមជាបន្តបន្ទាប់ជាមួយនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ។ នេះហើយតាមសេចក្ដីថ្លែងការរបស់ក្រុមសង្គមស៊ីវិល៕